(ស្ទឹងត្រែង)៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ បានដាក់បទបញ្ជាដល់កម្លាំងអាវុធហត្ថ ត្រូវត្រៀមទាំងសម្ភារ និងមធ្យោបាយ ដើម្បីចេញប្រតិបត្តិការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់មុនពេលឆាប់ៗនេះ។

លើសពីនេះ លោកឧត្តមសេនីយ៍មេបញ្ជាការ បានណែនាំឲ្យបែងចែកវេនប្រចាំការ ប្រចាំបញ្ជា ដើម្បីត្រៀមទាំងមធ្យោបាយ ទាំងកងកម្លាំងអន្ដរាគមន៍ ដើម្បីចូលរួមរៀបចំសណ្ដាប់ធ្នាប់ នៅទីកន្លែងកម្សាន្ដនានា ក្នុងភូមិសាស្ដ្រខេត្តស្ទឹងត្រែង ក្នុងន័យសម្រួលដល់ការធ្វើដំណើរ និងបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ។

ថ្លែងណែនាំ និងក្រើនរំលឹករបស់លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងឱកាស ដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែ នការការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ, ផ្សព្វផ្សាយបទបញ្ជា ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងការប្រើប្រាស់ឯកសណ្ឋាន ស្លាកសញ្ញ និងបរិក្ខារួមផ្សំរបសកងរាជអាវុធហត្ថ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ក៏បានលើកឡើងពីការយកចិត្តទុកដាក់ពីសំណាក់ប្រមុខនៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងថ្លែងអំណរគុណដល់សម្ដេច ដែលបានបើកប្រាក់បៀវត្សន៍ដល់មន្ដ្រីរាជការមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងបានឧបត្ថម្ភប្រាក់លើកទឹកចិត្ដបន្ថែម ព្រមទាំងតម្លើងប្រាក់បៀវត្សន៍ជាបន្ដបន្ទាប់។

លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ក៏បានថ្លែងអំណរគុណដល់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានឧបត្ថម្ភថវិកា បន្ថែម និងស្រាបៀ ដល់ កងរាជអាវុធហត្ថ សម្រាប់ជប់លៀងមុនពិធីបុណ្យចូលឆ្នាំថ្មីនេះផងដែរ។

សូមជម្រាបថា ពិធីនៅព្រឹកមិញនេះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ក៏បានធ្វើការសួរសុខទុក្ខ និងចែកអំណោយដល់យោធិនសោធននិវត្តន៍ កងរាជអាវុធហត្ថចំនួន ០៥រូប ផងដែរ៕