(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងជំរុញដល់កងកម្លាំងទាំងអស់ និងមន្ត្រីរាជការស៊ីវិលគ្រប់លំដាប់ថ្នាក់ប្រចាំខេត្តកោះកុង ត្រូវចូលរួមឲ្យបានសកម្មថែមទៀត ក្នុងការជួយថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ សង្គមឱ្យបានកាន់តែល្អប្រសើរឡើង ហើយកងកម្លាំងប្រដាប់ អាវុធទាំងអស់ ត្រូវធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ មានជំនឿទុកចិត្តលើការដឹកនាំ របស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងយ៉ាងដូចនេះ នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោក បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព នៅយោធភូមិភាគទី៣ ខេត្តកោះកុង ដោយមានការចូលរួមអមដំណើរដោយ នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហានជាន់ខ្ពស់ខេមរភូមិន្ទ នៅក្នុងក្រសួងការពារជាតិ អគ្គបញ្ជាការជាច្រើនរូបទៀតផងដែរ។

ថ្លែងក្នុងពិធីសំណេះសំណាលនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន គ្រប់កងឯកភាពនៅក្នុងទិសដៅយោធ ភូមិភាគទី៣ទាំងអស់ ក្នុងមនោសញ្ចេតនានឹករលឹក និងការគិតគូរខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូន។

សម្តេចពិជ័យសេនា ក៏បានរម្លឹកឡើងវិញអំពីការចុះសាកសួរសុខទុក្ខកងទ័ព នៅតាមបណ្តោយព្រំដែន ដោយសម្តេច បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់កងកម្លាំងវិស្វកម្ម អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលបានខិតខំបញ្ចេញអស់កម្លាំងកាយចិត្តតស៊ូជំនះ រាល់ការលំបាកក្នុងការស្ថាបនាផ្លូវ ស្ពាន នៅតាមបណ្ដោយ ព្រំដែនក្នុងប្រទេសកម្ពុជា ដើម្បីរួមចំណែកធ្វើការ អភិវឌ្ឍព្រំដែន ឲ្យកាន់តែមានការរីកចំរើនទៅថ្ងៃអនាគត។ សម្ដេចពិជ័យសេនា បានថ្លែងនូវការកោតសរសើរចំពោះគំរូវីរ ភាពរបស់កងកម្លាំងប្រដាប់អាវុធទាំងអស់ ជាពិសេសកងកម្លាំងខេមរភូមិន្ទ ដែលបានខិតខំ បំពេញកាតព្វកិច្ច បំរើជាតិមាតុភូមិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះភារកិច្ចការពារ បូរណៈភាពទឹកដីនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានក្រើនរំលឹក និងជម្រុញបន្ថែម ដល់កងកម្លាំងទាំងអស់ និងមន្ត្រីរាជការស៊ីវិលគ្រប់លំដាប់ថ្នាក់ខេត្តកោះកុង ត្រូវចូលរួមឲ្យបានសកម្ម ថែមទៀតក្នុងការ ជួយថែរក្សាសុខ សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈសង្គម ឱ្យបានកាន់តែល្អប្រសើរឡើង ហើយកងកំលាំងប្រដាប់ អាវុធ គឺត្រូវធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ មានភាពកក់ក្តៅ មានជំនឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

សម្តេចពិជ័យសេនា ក៏បានអំពាវនាវដល់ នាយទាហាន ភូមិភាគទី៣ ត្រូវអនុវត្តឱ្យបាននូវប្រសាសន៍ ដ៏មានសារៈសំខាន់ទាំង១០ចំណុច របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងឱកាសដែលសម្តេចបានថ្លែងក្នុងពិធីប្រារព្ធខួបលើកទី២០ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ កន្លងមកនេះ៕