(បាងកក)៖ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏ នាចុងសប្តាហ៍ បានដឹកនាំរៀបចំមហាសង្ក្រាន្តខ្មែរ នៅក្នុងបរិវេណស្ថានទូតកម្ពុជា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ដែលត្រូវនឹងកាលពីថ្ងៃអាទិត្យ ៣កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២។

ពិធីនេះ មានការនិងមន្ត និងអញ្ជើញចូលរួមពីសំណាក់សមណនិស្សិត ព្រះសង្ឃ អ្នកធុរកិច្ចខ្មែរ បងប្អូនសិស្ស-និស្សិត និងប្រជាពលរដ្ឋខ្មែរចំនួន៤៥០នាក់ ដោយរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត បង្សុកូល រាប់បាត្រ មានរបាំត្រុដិ រាំរង់ រាំបែបប្រពៃណី បានចូលរួមពិធីយ៉ាងសប្បាយរីករាយ និងដ៏ច្រើនកុះករបំផុតមិនធ្លាប់មានពីមុនមក ក្នុងនោះក៏មានការចូលរួមពីសំណាក់ធុរកិច្ចជនថៃ មន្រ្តីការទូត ព្រមទាំងមន្រ្តីមកពីបណ្តាអង្គការជួយពលករបរទេសនៅប្រទេសថៃ និងជនជាតិថៃជាច្រើនរូបផ្សេងទៀត ដែលចង់ស្គាល់ និងស្វែងយល់ពីវប្បធម៌ ប្រពៃណីដ៏បរវររបស់ខ្មែរយើង។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក អ៊ូក សោភ័ណ ដែលទើបតែបានតែងតាំងថ្មី បានមានមតិសំណេះសំណាលទៅកាន់បងប្អូនយើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនថា ថ្ងៃសៅរ៍ ឬអាទិត្យឡើយ សម្តេចតេជោ តែងតែចុះតាមមូលដ្ឋានដើម្បីសាកសួរសុខទុក្ខបងប្អូនពលរដ្ឋខ្មែរ និងដោះស្រាយបញ្ហាជូនបងប្អូនយើង ជាពិសេសគឺបងប្អូនពលករ-ពលការិនី តាមបណ្តារោងចក្រនានា។

លោក អ៊ូក សោភ័ណ បានបន្តថា ដើម្បីឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាបាល ស្ថានទូតបានយកចិត្តទុកខ្លាំងចំពោះបងប្អូន ដែលបានមកស្នើសុំសេវា និងការបញ្ជាក់ឯកសារនានា រាល់ពេលកើតបញ្ហាឡើង មន្ត្រីស្ថានទូតតែងតែចុះទៅជួយដោះស្រាយជូនបងប្អូន គ្រប់ពេលវេលា ស្ថានទូតបានរៀបចំបន្ទប់ម៉ាស៊ីនត្រជាក់សម្រាប់រង់ចំា និងទទួលបងប្អូនយើងដើម្បីកុំឱ្យ មានការលំបាក និងមានការចែកនំដល់ប្អូនៗ កុមារផងដែរ។

ស្ថានទូតបានផ្លាស់ប្តូរវេណមន្ត្រីប្រចាំការ មិនសម្រាកថ្ងៃត្រង់ ដើម្បីផ្តល់សេវាជូនបងប្អូន ជាពិសេសស្ថានទូតបានបើកផ្តល់សេវាឯកសារនានា ជូនបងប្អូនយើងក្នុងឪកាសចូលឆ្នាំថ្មីខាងមុខនេះ រហូតដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ ដើម្បីឱ្យបងប្អូនយើងបានធ្វើដំណើរត្រឡប់ ទៅស្រុកកំណើត ជួបជុំក្រុមគ្រួសារក្នុងពិធីចូលឆ្នាំ។

បច្ចុប្បន្ននេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមការដឹកនាំរបស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានធ្វើការកែទម្រង់ថ្មី ព្រមទាំងបានណែនាំដល់អ្នកការទូតខ្មែរទាំងអស់ថា នៅពេលនេះការងារការទូតរបស់កម្ពុជា មិនមែនជាការងារការទូតបែបប្រពៃណីធម្មតា ដូចពេលមុនទៀតទេ ការទូតត្រូវចាប់ផ្តើមផ្តោតសារៈសំខាន់ក្នុងការរួមចំណែកជំរុញ និងលើកស្ទួយទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍បន្ថែមទៀតផងដែរ។

លោកក៏បានផ្តាំផ្ញើដល់បងប្អូននិស្សិតយើងថា ត្រូវចេះរក្សាអត្តសញ្ញាណជាតិខ្មែរ ដូចជាការស្លៀកពាក់ក្រម៉ា ក្រម៉ាសម្រាប់ក្រវ៉ាត់ក ហើយប្អូនៗនិស្សិតក៏អាចចូលរួមចំណែកណែក នាំដល់បងប្អូនពលរដ្ឋខ្មែរយើងដែលមកធ្វើការនៅប្រទេសថៃ ឱ្យបានយល់ដឹងពីច្បាប់ទម្លាប់ នៅប្រទេសថៃ ឬអាចជម្រាបឱ្យពួកគាត់ទំនាក់ទំនងមកស្ថានទូកក៏បានដែរ។ ពួកយើងទាំងអស់ដែលរស់នៅសិក្សា និងធ្វើការនៅក្នុងប្រទេសថៃ ប្រៀបបានជាបងប្អូននឹងគ្នាដូចដែលពាក្យស្លោកខ្មែរថា «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ» និង «ខ្មែររួបរួមខ្មែររស់ ខ្មែរបែកបាក់ខ្មែរស្លាប់» ដូចនេះមន្រ្តីការទូតនៅស្ថានទូតទាំងអស់ ក្នុងនាមជាមន្រ្តីរាជការ មានតួនាទីសំខាន់ក្នុងការបម្រើពលរដ្ឋទាំងអស់ឱ្យបានល្អជាទីបំផុត៕