(ភ្នំពេញ)៖ លោកបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ កងទ័ពឈរជើងនៅបញ្ជាការដ្ឋានការពារអាកាស ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព មុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ក្នុងឱកាសនេះដែរ លោកបណ្ឌិត កែវ អូម៉ាលីស្ស បានកោតសរសើរដល់នាយទាហាន នាយទាហានរង និងពលទាហានទាហានទាំងអស់ ដែលបានលះបង់កម្លាំកាយ កម្លាំងចិត្ត អាយុជីវិត ការពារជាតិ ការពារបូរណភាពទឹកដី នាំមកនូវសុខសន្តិភាព ពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ក្នុងនាមរដ្ឋបាលព្រៃឈើ សូមថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះការលះបង់របស់កងទ័ពទាំងអស់ និងខិតខំបន្តចូលរួមចំណែកគាំទ្រដល់វិស័យនេះ។

ទន្ទឹមនឹងនេះដែរ លោកប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានគូសបញ្ជាក់ថា កងទ័ពរបស់កម្ពុជា បាននាំមកនូវសន្តិភាពពេញលេញ ជូនប្រជាពលរដ្ឋទូទាំងប្រទេស បានគូសបញ្ចាក់ថា កងទ័ពបាននាំមកនូវសន្តិភាពពេញលេញ ជូនប្រជាពលរដ្ឋទូទាំងប្រទេស។

លោកឧត្តមសេនីយឯក អ៊ុល ណាវី នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការបញ្ជាការដ្ឋានការពារអាកាស បានរាយការណ៍អំពីលទ្ធផលការងារ ដែលសម្រេចបានតាមផែនការ និងទិសដៅអនុវត្តបន្តរបស់អង្គភាពពិសេសលើការងារបណ្តុះបណ្តាល ហើយលោកឧកញ៉ា ឈន ថារី នាយកក្រុមហ៊ុនថារី ពាណិជ្ជ ដែលជាក្រុមហ៊ុនសម្ព័ន្ធមេត្រីភាពដែរនាះ បានលើកទ្បើងអំពីការចូលរួមរបស់វិស័យឯកជន ជាមួយបញ្ជាការដ្ឋានផងដែរ។

ពិធីចុះសួរសុខទុក និងសំណេះសំណាលរដ្ឋបាលព្រៃឈើ និងក្រុមហ៊ុនថារី ពាណិជ្ជ បាននាំមកនូវថវិកាសរុបចំនួន ៣០លានរៀល ជូនដល់បញ្ជាការដ្ឋាន សម្រាប់ជូនដល់គ្រួសារកងទ័ព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ៕