(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន១៧លើក បណ្ដាលឲ្យមនុស្សស្លាប់៩នាក់ របួសស្រាល៤នាក់ និងរបួសធ្ងន់១៥នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៧លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ១៨គ្រឿង, រថយន្តតូច៦គ្រឿង និងរថយន្ដធំ៨គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធ, មិនប្រកាន់ស្ដាំ, បត់ឆ្វេង-ស្ដាំ, និងងងុយដេក។

សូមបញ្ជាក់ថា រយៈពេល០៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៩៨លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៥២នាក់ របួសធ្ងន់៩៣នាក់ និងរបួសស្រាល៣៦នាក់៕