(សៀមរាប)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន តែងលើកឡើងថា ភ្ញៀវទេសចរដែលមកទស្សនាខេត្តសៀមរាប មិនត្រឹមតែមកទស្សនាប្រាសាទអង្គរវត្តតែមួយផ្នែកប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ត្រូវការផលិតផលទេសចរណ៍ផ្សេងៗទៀតក្រៅពីប្រាសាទអង្គរវត្ត ខណៈការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ក៏មិនទាន់មានច្រើនតាមតម្រូវការភ្ញៀវទេសចរនៅឡើយដែរ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំការងារក្នុងវិស័យទេសចរណ៍ ប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ដោយមានការចូលរួមពីលោក ទៀ សីហា អភិបាលខេត្តសៀមរាប មន្ទីរពាក់ព័ន្ធជុំវិញខេត្ត ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ជាច្រើន នាថ្ងៃទី០៨ ខែមេសា នៅសាលាខេត្តសៀមរាប លោករដ្ឋមន្ត្រី ថោង ខុន បានជំរុញដាស់តឿនសាជាថ្មីដល់មន្ទីរទេសចរណ៍ខេត្ត អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជន ត្រូវខិតខំរួមគ្នាបង្កើតរមណីយដ្ឋានទេសចរណ៍ថ្មីៗ ឱ្យច្រើនសម្បូរបែបថែមទៀត ដើម្បីភ្ជាប់ខ្សែទស្សនកិច្ចជូនភ្ញៀវទេសចរពីប្រាសាទអង្គរវត្ត។

បើតាមការរាយការណ៍របស់ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានឱ្យដឹងថា បច្ចុប្បន្នអាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរទេសចរណ៍ខេត្តសៀមរាប ក៏កំពុងតែខិតខំជំរុញការរៀបចំ «សៀមរាបក្រៅពីប្រាសាទអង្គរ» ជាមួយវិស័យឯកជនបណ្ដើរៗហើយដែរ។

លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា ផលិតទេសចរណ៍ផ្សេងៗនៅខេត្តសៀមរាប ក្រៅពីប្រាសាទអង្គរវត្ត ក្រសួងទេសចរណ៍បានកត់សម្គាល់ថាមានតំបន់ភ្នំគូលែន នៅស្រុកបន្ទាយស្រី និងស្រុកស្វាយលើ សហគមន៍ទេសចរណ៍កំពង់ភ្លុក សហគមន៍ទេសចរណ៍បឹងពារាំង ស្រុកប្រាសាទបាគង សហគមន៍ទេសចរណ៍កំពង់ឃ្លាំង នៅស្រុកសូទ្រនិគម ភូមិដ្ឋានធម្មជាតិរ៉ុនតាឯក ស្រុកបន្ទាយស្រី សហគមន៍ទេសចរណ៍ជ្រាវ សហគមន៍ទេសចរណ៍ចុងឃ្លាស នៅក្រុងសៀមរាប។

លោក ជុក ជំនោរ បានបន្តថា ក្រៅពីនោះមានការភ្ជាប់ខ្សែទស្សនកិច្ចទៅដល់ប្រាសាទព្រះវិហារ និងក្រុមប្រាសាទកោះកេរ នៅខេត្តព្រះវិហារ ប្រាសាទបេងមាលា ឬបឹងមាលា នៅស្រុកស្វាយលើ តំបន់ប្រាសាទសំបូរព្រៃគុក នៅខេត្តកំពង់ធំ និងទៅដល់ប្រាសាទវត្តភូ ប្រទេសឡាវផងដែរ ដែលជាខ្សែទស្សនកិច្ចបេតិកភណ្ឌ។

ប្រធាននាយកដ្ឋាននៃក្រសួងទេសចរណ៍រូបនេះ បានបន្ថែមទៀតថា ការរៀបចំទស្សនីយភាពសម្ដែលសិល្បវប្បធម៌ នៅតាមភោជនីយដ្ឋាន សណ្ឋាគារនានានៅក្នុងក្រុងសៀមរាប ផ្សារទំនើប កន្លែងកម្សាន្តនានានៅក្នុងស្រុកសៀមរាប ក៏ជាផលិតផលទេសចរណ៍ទាក់ទាញភ្ញៀវទេសចរដែរ។

លោកថា ប៉ុន្តែកន្លែងទេសចរណ៍ខ្លាតតូច និងរមណីយដ្ឋានទេសចរណ៍របស់វិស័យឯកជនមួយចំនួន ហាក់មិនទាន់ទទួលបានការចាប់អារម្មណ៍ ពីសំណាក់ភ្ញៀវទេសចរអន្តរជាតិនៅឡើយ នេះក៏ប្រហែលមកពីក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ មិនសូវរៀបចំជាខ្សែទស្សនកិច្ចសម្រាប់ភ្ញៀវ។

ក្នុងកិច្ចប្រជុំដដែលខាងលើ លោករដ្ឋមន្ត្រី ថោង ខុន បានណែនាំបន្ថែមថា វិស័យសាធារណៈ និងវិស័យឯកជនក្នុងវិស័យទេសចរណ៍ ត្រូវរួមគ្នាបង្កើតផលិតផលទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍បន្ថែមទៀត ដើម្បីបំពេញចំណាប់អារម្មណ៍ និងតម្រូវការកម្សាន្តរបស់ភ្ញៀវទេសចរអន្តរជាតិ ធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរដែលមកទស្សនាកម្ពុជា មានឱកាសស្នាក់នៅយូរថ្ងៃយូរខែ និងចាយច្រើន។

លោកបន្តថា ការអភិវឌ្ឍ ឬក៏សាងសង់សំណង់ណាមួយនៅក្រុងសៀមរាប ត្រូវមានការសិក្សាឱ្យបានហ្មត់ចត់ និងការអនុញ្ញាតត្រឹមត្រូវពីសំណាក់អាជ្ញាធរ ពីព្រោះសៀមរាប-អង្គរជាទីក្រុងបេតិកភណ្ឌបុរាណ ជាកេរដំណែលពីបុព្វបុរសដូនតា។

លោកបានលើកឡើងពីបទពិសោធន៍ខ្លះអំពីតំបន់ទេសចរណ៍មួយចំនួន ដែលមិនមានការបង្កើតកន្លែងទេសចរណ៍ថ្មីៗបន្ថែម ជាហេតុនាំឱ្យភ្ញៀវទេសចរគ្មានកន្លែងទស្សនាថ្មីៗ និងឆាប់ចាកចេញទៅកន្លែងផ្សេងទៀត៕