(ភ្នំពេញ)៖ សារមន្ទីរ «ព្រះស្រីឦសានវរ្ម័ន» ដែលជាសារមន្ទីរជាលើកដំបូងនៅកម្ពុជាបង្ហាញពីសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់កម្ពុជាតាំងពីសម័យហ្វូណន ឬនគរភ្នំ (សតវត្សទី៦) មកនោះត្រូវបានសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩។ សារមន្ទីរជាប្រវត្តិសាស្ត្រនឹងក្លាយទៅជាកន្លែងដ៏មានសារៈសំខាន់សម្រាប់ផ្តល់នូវចំណេះដឹងដល់ប្រជាពលរដ្ឋខ្មែរពាក់ព័ន្ធប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុខ្មែរដែលមិនសូវមានការផ្សព្វផ្សាយនាពេលបច្ចុប្បន្ននេះ។

ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធនូវសារមន្ទីរ «ព្រះស្រីឦសានវរ្ម័ន» សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រូបិយវត្ថុមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ជាពិសេសការពង្រឹងអធិបតេយ្យជាតិ។ ដោយសាររូបិយវត្ថុក្នុងវិស័យសេដ្ឋកិច្ច គឺជាមធ្យោបាយសម្រួលដល់ការដោះដូរ ជាឧបករណ៍ គោលនយោបាយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចពង្រឹងភាពធន់នៃសេដ្ឋកិច្ចទៅនឹងហានិភ័យនានា ហើយរូបិយវត្ថុបានផ្សារភ្ជាប់ទៅនឹងអធិបតេយ្យជាតិ តាមរយៈគោលនយោបាយសង្គម និងសេដ្ឋកិច្ច ហើយក៏បានឆ្លុះបញ្ចាំងក្នុងប្រវត្តិសាស្ត្រជាតិអំពីស្ថានភាពគ្រប់គ្រងប្រទេសនៅគ្រប់សម័យកាល។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចផងដែរថា ការមើលរំលង តួនាទីរូបិយវត្ថុជាតិ ធ្វើឱ្យបាត់បង់ភាពម្ចាស់ការលើការគ្រប់គ្រងសេដ្ឋកិច្ច អធិបតេយ្យជាតិ ហើយប្រទេសជាតិ នឹងមានភាពទន់ខ្សោយលើត្រវិស័យដែលកត្តាទាំងអស់នេះបានជំរុញឱ្យព្រះមហាក្សត្រខ្មែរមួយចំនួនព្យាយាមកសាងអធិបតេយ្យជាតិ ដោយបានបោះផ្សាយរូបិយវត្ថុជាតិដោយខ្លួនឯង។

ដោយសារវិបត្តិភ្លើងសង្គ្រាមធ្វើឱ្យឯកសារនានាពាក់ព័ន្ធប្រវត្តិសាវតារបស់កម្ពុជា ក៏ដូចជារូបិយវត្ថុផងត្រូវបានកប់បាត់ និងមិនសូវមានការចងក្រងឡើងនោះឡើយ។ ជាហេតុនាំឱ្យកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹងពីសាវតានៃការកកើត និងប្រើប្រាស់រូបិយវត្ថុរបស់ខ្លួននោះឡើយ។ ក្នុងពិធីនាព្រឹកមិញនេះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតលើកបង្ហាញនូវសាវតាពាក់ព័ន្ធរូបិយវត្ថុរបស់កម្ពុជាមកបង្ហាញផងដែរ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានរៀបរាប់ឱ្យដឹងថា កម្ពុជាធ្លាប់បានប្រើប្រាស់រូបិយវត្ថុដែលមានប្រភពពីតំបន់ផ្សេងៗ តាមរយៈការធ្វើពាណិជ្ជកម្មជាមួយបរទេសតាំងពីសតវត្សទី១ នៅសម័យនគរភ្នំ រហូតមកដល់សម័យអង្គរ ពេលដែលកម្ពុជាបានក្លាយជាអាណាចក្រមានការរីកចម្រើនដល់កំពូល ប៉ុន្តែកម្ពុជាពុំបានបោះពុម្ពបិយវត្ថុជាតិនោះទេ តែបានប្រើប្រាស់ប្រាក់សំប៉ែតដែលនាំមកដោយជនជាតិចិន។

នៅដើមសតវត្សរ៍ទី១៦ «ព្រះស្រីជេដ្ឋារាជវាមានាធិបតី» ហៅ «ស្តេចកន» ព្រះរាជដំបូងគេបង្អស់របស់កម្ពុជាបានបោះផ្សាយរូបិយវត្ថុជាតិ គឺ «ប្រាក់ស្លឹង» ដើម្បីពង្រឹងអំណាចផ្នែកសេដ្ឋកិច្ច នយោបាយ និង អធិបតេយ្យជាតិ តាមរយៈការភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយបរទេស ដូចជាការដោះដូរពាណិជ្ជកម្មជាមួយអ្នកជំនួញព័រទុយហ្គេ និងអេស្បាញ តាមរយៈ «ប្រាក់ញ៉ាស់» និងការរៀបចំប្រព័ន្ធពន្ធដារច្បាស់លាស់ ដោយផ្អែកលើរូបិយវត្ថុ។ជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងពង្រឹងអំណាចកងទ័ពផងដែរ ។

នៅសតវត្សន៍ទី១៩ ព្រះបាទអង្គឌួងបានបោះផ្សាយរូបិយវត្ថុជាតិ គឺ «ប្រាក់ប្រាសាទ» ដើម្បីពង្រឹងភាពខ្លាំងនៃសេដ្ឋកិច្ច និងអធិបតេយ្យជាតិ និងរំដោះប្រទេសជាតិចេញពីឥទ្ធិពល នៃប្រទេសជិតខាង។

នៅសម័យក្រោមអាណាព្យាបាលបារាំង កម្ពុជាមិនមានអធិបតេយ្យផ្នែករូបិយវត្ថុទេ ប៉ុន្តែកម្ពុជាបានប្រើប្រាស់រូបិយវត្ថុ ក្រដាសប្រាក់ញ៉ាស់ ដែលបោះផ្សាយដោយធនាតារឥណ្ចិន ដែលជាធនាគារពាណិជបារាំង សម្រាប់ប្រទេសនៅឥណ្ឌូចិន រួមមាន កម្ពុជា វៀតណាម និងឡាវ ដើម្បីជាមធ្យោបាយទូទាត់សន្សំ និងខ្នាតកំណត់តម្លៃទំនិញ និងសេវារហូតដល់ឆ្នាំ១៩៤៨។

ក្រោយមកប្រទេសទាំងបីត្រូវបានបារាំងបង្កើតឱ្យទៅជាសមាគមរដ្ឋឥណ្ឌូចិនជាមួយវិទ្យាស្ថានបោះពុម្ពប្រាក់ឥណ្ឌូចិន ដែលបង្កើតឡើងនៅឆ្នាំ១៩៥២ មានទីស្នាក់ការកណុលនៅទីក្រុងភ្នំពេញ ដើម្បីបោះផ្សាយរូបិយវត្ថុ សម្រាប់ប្រើប្រាស់ក្នុងប្រទេស៣គឺ កម្ពុជា ឡាវ និងវៀតណាមក្រោមការគ្រប់គ្រងរបស់បារាំង។

នៅចុងឆ្នាំ១៩៥៤ នៅទីក្រុងប៉ារីស សហភាពរដ្ឋឥណ្ណចិនបានជួបប្រជុំចតុភាគី (បារាំង កម្ពុជា វៀតណាម និងឡាវ) ដើម្បីស្វែងរកដំណោះស្រាយទាមទារឯករាជ្យ ផ្នែករូបិយវត្ថុសម្រាប់ សមាតតរដ្ឋនីមួយៗ ។ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ១៩៥៤ ប្រទេសកម្ពុជា បានទទួលឯករាជ្យផ្នែករូបិយវត្ថុ ហើយបានបង្កើតធនាគារជាតិនៃកម្ពុជា បន្ទាប់មកប្រាក់រៀលត្រូវបានដាក់ឱ្យចរាចរដោយជោត ជ័យនៅខែកញ្ញា ឆ្នាំ១៩៥៥។

បន្ទាប់ពីកម្ពុជាទទួលបានអធិបតេយ្យផ្នែករូបិយវត្ថុមិនដល់រយៈពេល ២ឆ្នាំផង សង្គ្រាមស៊ីវិលចាប់ផ្តើមកើតឡើងនៅដើមទសវត្សរ៍ឆ្នាំ១៩៧០ ប្រាក់រៀលបានធ្លាក់ថ្លៃជាលំដាប់រហូតដល់កម្រិតមិនអាចគ្រប់គ្រងបាន ដោយសារការបាត់បង់ជំនឿទុកចិត្តពីសាធារណជន និងការហូរចូលប្រាក់ដុល្លារអាមេរិក។ ថ្លៃទំនិញកើនឡើងខ្លាំង ធ្វើឱ្យអតិផរណាកើនឡើងរហូតដល់អត្រា២២% ក្នុងឆ្នាំ១៩៧៤។

បន្ទាប់មកកម្ពុជាបានធ្លាក់ទៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅឆ្នាំ១៩៧៥ ពេលនោះប្រាក់រៀល ប្រព័ន្ធសេដ្ឋកិច្ច និងរាល់កម្មសិទ្ធិឯកជនត្រូវបានលុប
បំបាត់ចោលទាំងស្រុង។ ថ្ងៃ៧ មករា ១៩៧៩ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានសង្គ្រោះជាតិមាតុភូមិ និងប្រជាជនទូទាំងប្រទេសបានរួចផុត
ពីរបបប៉ុលពត។

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៩ ធនាគារកណ្តាល ដែលនៅពេលនោះមានឈ្មោះថា « ធនាគារជាតិនៃប្រជាជនកម្ពុជា» ត្រូវបានបង្កើតឡើងវិញ ដើម្បីបង្ហាញពិភពលោក អំពីអធិបតេយ្យជាតិរបស់កម្ពុជា ដែលត្រូវស្តារសេដ្ឋកិច្ចឡើងវិញ ពីចំណុចសូន្យ ដោយសារអគារធនាគារជាតិនៃកម្ពុជាត្រូវបាន
កម្ទេចគ្មានប្រភពហិរញ្ញវត្ថុ គ្មានសេសសល់មរតកធនាគារពីមុនមក ទាំងឯកសារបទពិសោធន៍ និងធនធានមនុស្ស។

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០ កម្ពុជាបានបោះផ្សាយរូបិយវត្ថុជាតិ គឺប្រាក់រៀល ហើយត្រូវបានដាក់ឱ្យធ្វើចរាចរណ៍ឡើងវិញ។ ពេលនោះ ប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេសមានសេចក្តីរីករាយ និង អបអរសាទរយ៉ាងខ្លាំង គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូងបង្អស់ក្រោយថ្ងៃមហាជ័យជម្នះ ៧ មករា និងជាជោគជ័យរបស់រដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយសេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថា សារមន្ទីរ «ព្រះស្រីឦសានវរ្ម័ន» ដែលបើកសម្ពោធនៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ នឹងដាក់ឱ្យប្រជាពលរដ្ឋខ្មែរចូលមើលដោយសេរី។ ដូច្នេះសិស្ស និស្សិត និងប្រជាពលរដ្ឋខ្មែរដែលចង់ដឹងពីសាវតានៃការធ្វើសេដ្ឋកិច្ច និងរូបិយវត្ថុខ្មែរតាំងពីសម័យហ្វូណន ឬនគរភ្នំ កុំភ្លេចទៅទស្សនានៅសារមន្ទីរជាតិជាប្រវត្តិសាស្ត្រកើតក្នុងសម័យសុខសន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ៕