(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ បានអំពាវនាវដល់ធនាគារជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ រួមគ្នាថែរក្សានូវមរតកប្រាក់រៀល និងប្រមែប្រមូលនូវប្រវត្តិសាវតានានា ពាក់ព័ន្ធរូបិយវត្ថុរបស់កម្ពុជា ដើម្បីយកមកដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរ។

ការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្ដេច អញ្ជើញសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នូវសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ដែលជាសារមន្ទីរបង្ហាញ អំពីសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរ តាំងពីសម័យកាលហ្វូណន នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ។

ក្នុងពិធីនោះសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រវត្តិរូបិយវត្ថុកម្ពុជា និងទំនាក់ទំនងរូបិយវត្ថុ ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម គឺជាការធានានូវអធិបតេយ្យជាតិ បូរណភាពទឹកដី ជាពិសេសការជំរុញកំណើន សេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។

សម្ដេចតេជោ បានបញ្ជាក់ថា «ដូច្នេះដើម្បីលើកកម្ពស់ប្រាក់រៀលកម្ពុជា ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ រយៈពេល៣៩ឆ្នាំ ខ្ញុំបានណែនាំធនាគារជាតិនៃកម្ពុជា រៀបចំខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតធនាគារជាតិ នៃកម្ពុជាឡើងវិញ នៅក្នុងឆ្នាំនេះ»

ក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចតេជោ សូមសម្តែងនូវការកោតសរសើរ ចំពោះការរក្សាបាននូវតួនាទីប្រាក់រៀលក្នុងសេដ្ឋកិច្ច ជាពិសេសរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ តម្រូវការប្រាក់រៀល បានកើនឡើងយ៉ាងឆាប់រហ័ស ទាំងប្រាក់រៀលក្នុងចរាចណ៍ និងការសន្សំក្នុងប្រព័ន្ធធនាគារ នេះគឺជាការបង្ហាញជំនឿទុកចិត្ត របស់ប្រជាពលរដ្ឋកម្ពុជាមកលើប្រាក់រៀល។

សម្ដេចតេជោ បានថ្លែងថា ក្នុងស្មារតីនេះ ដើម្បីឲ្យសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ចូលរួមចំណែកកាន់តែសកម្ម ក្នុងបុព្វហេតុពង្រឹងចំណេះដឹង ដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យបានយល់កាន់តែច្បាស់ អំពីប្រវត្តិរូបិយវត្ថុកម្ពុជា នៅគ្រប់សម័យកាល ជាពិសេសដើម្បីលើកស្ទួយប្រាក់រៀលកម្ពុជា តាមរយៈការប្រើប្រាស់ប្រាក់រៀល ឲ្យបានទូលំទូលាយនៅទូទាំងប្រទេស សំដៅពង្រឹងអត្តសញ្ញាណជាតិ និងអធិបតេយ្យជាតិយើងទាំងអស់គ្នា។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ខ្ញុំសូមឲ្យធនាគារជាតិនៃកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមថែរក្សាកេរ្តិ៍ដំណែល និងប្រមែប្រមូលនូវរាល់វត្ថុតាងពាក់ព័ន្ធនឹងរូបិយវត្ថុនានា សម្រាប់ដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរ»

ទន្ទឹមនេះ ត្រូវបន្តអភិវឌ្ឍសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ឲ្យបានរីកចម្រើនជាបន្តបន្ទាប់ តាមរយៈការបង្កបរិយាកាសដល់យុវជនកម្ពុជាឲ្យបានមកទស្សនាយ៉ាងទូលំទូលាយ ដើម្បីសិក្សាស្វែងយល់ ស្រាវជ្រាវ អំពីប្រវត្តិ និងតួនាទីរូបិយវត្ថុកម្ពុជា សំដៅរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការការពារនូវអធិបតេយ្យជាតិយើងឲ្យបានគង់វង្ស។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន៕