(ស្រីលង្កា)៖ លោកស្រី ឃួន សុដារី សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ នៃគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍អាយកាប់ (ICAPP) សហប្រធានវេទិកានយោបាយអាស៊ី-អឺរ៉ុប (AEPF) និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) នៅក្នុងពិធីបើកវេទិកានយោបាយអាស៊ី-អ៊ឺរ៉ុប លើកទី ៣ នៅទីក្រុងកូឡុំបូ សាធារណរដ្ឋសង្គមប្រជាធិតេយ្យស្រីលង្កា បានលើកឡើងនៅថា បញ្ហាចាស់ជរា ជាពិសេសចាស់ៗនៅអាស៊ី ដែលធ្លាប់តែទទួលបានការការពារពីប្រព័ន្ធសង្គម និងសម្ព័ន្ធភាពសហគមន៍ កំពុងប្រឈមកាន់តែខ្លាំងឡើង សូម្បីតែការថែទាំដោយក្រុមគ្រួសារ និងសម្ព័ន្ធភាពសហគមន៍ក៏កំពុងតែមានការធ្លាក់ចុះខ្លាំង ដែលធ្លាប់តែជាសង្គមមួយ មានវប្បធម៌ថែទាំគ្នាទៅវិញទៅមក និងស្មារតីស្និទ្ធស្នាលក្នុងសហគមន៍រាប់សតវត្សរ៍ ក៏ដោយក៏មានការផ្លាស់ប្តូរដែរ។

វេទិកានយោបាយអាស៊ី-អ៊ឺរ៉ុប លើកទី៣ (The 3rd Meeting of the Asia Europe Political Forum-AEPF) រៀបចំធ្វើឡើង នៅក្នុងទីក្រុងកូឡុំបូ សាធារណរដ្ឋសង្គមប្រជាធិបត្យស្រីលង្កា នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ២០១៩ ដែលនាពេលនោះលោកស្រី បានឡើងថ្លែងសុន្ទរកថា អបអរសាទរទៅកាន់កិច្ចប្រជុំ។

វេទិកានេះត្រូវបានទទួលរៀបចំឡើង ដោយគណបក្សរួបរួមជាតិស្រីលង្កា ដែលត្រូវបានតំណាងដោយថ្នាក់ដឹកនាំរបស់គណបក្សរួមមាន លោក រ៉ានីល វីគ្រីម៉េស្ហីងហ៍ (Ranil Wickremesinghe) នាយករដ្ឋមន្រ្តីស្រីលង្កា និងជាប្រធានគណបក្សរួបរួមជាតិស្រីលង្កា ដែលបានអញ្ជើញចូលរួមបើកវេទិកានេះ។

វេទិកានយោបាយអាស៊ី-អ៊ឺរ៉ុប (AEPF) លើកទី៣នេះ ដឹកនាំដោយលោក ដាយ៉ា ហ្កាមេយ (Daya Gamage) ប្រធានអង្គប្រជុំ, រដ្ឋមន្រ្តីនៃក្រសួងឧស្សាហកម្មកម្រិតបឋម និងការផ្តល់សិទ្ធិអំណាចដល់សង្គម និងជាអនុប្រធានជាន់ខ្ពស់ នៃគណបក្សរួបរួមជាតិស្រីលង្កា ដោយមានការចូលរួមពីប្រតិភូប្រមាណជាង ៧០នាក់ មកពីគណបក្សនយោបាយនៅអាស៊ី-អ៊ឺរ៉ុបចំនួន ២៥។ វេទិកានេះ ផ្តោតសំខាន់លើប្រធានបទស្តីពី «តួនាទីរបស់គណបក្សនយោបាយ ក្នុងការដោះស្រាយបញ្ហាប្រឈាមនៃសន្តិសុខសង្គម និងការងារសម្រាប់កំណើនប្រជាជនវ័យចំណាស់ ក៏ដូចជាបញ្ហាសំខាន់នានា នៅក្នុងតំបន់អាស៊ីនាពេលបច្ចុប្បន្ន»។

ក្រោយពីបានសម្តែងនូវអំណរគុណ និងក្តីសោមនស្សជាពន្លឹក ដោយបានចូលរួមធ្វើជាសហប្រធានវេទិកានយោបាយអាស៊ី-អឺរ៉ុប AEPF លើកទី៣ ក្នុងទីក្រុងវប្បធម៌ និងប្រវត្តិសាស្រ្តមួយនេះ លោកស្រី ឃួន សុដារី បានទាញចំណាប់អារម្មណ៍ប្រតិភូ ឱ្យក្រឡេកមើលបញ្ហាប្រឈម របស់គណបក្សនយោបាយ ចំពោះការកើនឡើង នៃជរាភាពដូចជាបញ្ហាសន្តិសុខសង្គម ការងារ និងបញ្ហាផ្សេងទៀតត្រូវការចំណាប់អារម្មណ៍ បន្ទាន់ក្នុងតំបន់អាស៊ី ដែលកំពុងតែកើតឡើងពិតៗ ហើយមានផលប៉ះពាល់យ៉ាងខ្លាំងទាំងថ្នាក់តំបន់ និងកម្រិតបុគ្គល។

លោកស្រីបានបន្តថា ការកើនឡើងនៃអត្រាការពឹងផ្អែករបស់ជនចាស់ជរា និងឧបសគ្គផ្នែកហិរញ្ញប្បទាន សម្រាប់គាំទ្របេឡាសង្គម និងការថែទាំជាលក្ខណៈស្ថាប័ន ជានិន្នាការថ្មី ដែលអ្នករៀបចំគោលនយោបាយថ្នាក់ជាតិ ត្រូវធ្វើការពិចារណា។
លោកស្រីបានសម្តែងការព្រួយបារម្មណ៍ពីការផ្លាស់ប្តូរនេះ ដោយប៉ះពាល់ដល់មនុស្សវ័យចំណាស់ ដែលនឹងអាចបង្កឱ្យមានជំងឺស្ត្រេស ការតក់ស្លុត ភាពឯកា ការបាក់ទឹកចិត្ត ជារួមគឺការធ្លាក់ចុះ នៃសុខមាលភាពផ្នែកស្មារតី។

លោកស្រីបានលើកឡើងបន្ថែមថា មិនត្រឹមតែបញ្ហាផ្លូវចិត្តនោះទេដែលកើតមានឡើង ក៏ប៉ុន្តែការកើនឡើង នៃអសន្តិសុខប្រាក់ចំណូល សម្រាប់ចាស់ជរា និងគម្លាតកាន់តែធំ នៃភាពខុសគ្នាពីមួយជំនាន់ទៅមួយជំនាន់ ក៏មានផលប៉ះពាល់ខ្លាំងដល់ប្រជាជនមានវ័យចំណាស់ ជនពិការចាស់ជរា និងស្រ្តី។

លោកស្រី បានធ្វើការអំពាវនាវ ដោយក្នុងនាមជាគណបក្សនយោបាយ ត្រូវដើរតួនាទីឲ្យបានសកម្ម ក្នុងការអង្កេត និងកំណត់ឲ្យបានឆាប់រហ័ស នូវបញ្ហាកំពុងកើតមាននេះ ដើម្បីជាការឆ្លើយតបនូវគោលនយោបាយផ្សេងៗតាមវេទិកានយោបាយមួយនេះ។

លោកស្រី ក៏បានលើកជាសំណើរជាគំនិតផងដែរ អំពីការគិតគូរពីគោលនយោបាយ ដែលផ្តល់អាទិភាពខ្លាំងលើការអប់រំពេញមួយជីវិត, ការកសាងសម្ព័ន្ធភាពសហគមន៍, ការលើកកម្ពស់សមភាពយេនឌ័រ, ការកាត់បន្ថយគម្លាតពីជំនាន់មួយទៅជំនាន់មួយ, កំណែទម្រង់ទីផ្សារដែលគិតគូរពីជរាភាព, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ច និងឧបករណ៍បរិក្ខា ដែលគិតគូរពីជរាភាពជាចាំបាច់។

លោកស្រីបានសង្កត់ធ្ងន់ថា ឆន្ទៈ និងការប្តេជ្ញាចិត្តផ្នែកនយោបាយដើរតួនាទីដ៏សំខាន់ ក្នុងការបង្កើតគោលនយោបាយ ដែលមានលក្ខណៈទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ក្នុងការដោះស្រាយបញ្ហាជរាភាពនេះ៕