(បាត់ដំបង)៖ នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកសង្កែ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង លោក ឡោក ហ៊ួរ បានជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋ នៅក្នុងបរិវេណសាលាបឋមសិក្សាសំបុកអក និងប្រគល់ប្រឡាយបង្ហូរទឹក១ខ្សែ ប្រវែង ៦,១៥០ម៉ែត្រសម្រាប់ជូនពលរដ្ឋចំនួន៤ភូមិ ប្រើប្រាស់ក្នុងមូលដ្ឋាន។ ពិធីនេះសំណាលនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំសមាជិកបក្សស្រុក ឃុំ ភូមិ និងប្រជាពលរដ្ឋទាំង៤ភូមិផងដែរ។

អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង បានជម្រាបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមនាពេលនេះថា តាមទម្លាប់ប្រពៃណីរបស់បក្សប្រជាជនកម្ពុជា តាំងពីថ្នាក់លើដល់មូលដ្ឋាន តែងបានចុះមកសួរសុខទុក្ខប្រជាពលរដ្ឋ នៅតាមមូលដ្ឋានជាប្រចាំ ដោយគិតពីជីវភាពរស់នៅ សុខមាលភាព និងជួយដោះស្រាយបញ្ហាផ្សេងៗជូនបងប្អូនរហូតមក។

អ្នកតំណាងរាស្រ្ត បានបញ្ជាក់ថា «ដើម្បីឆ្លើយតប ទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋនៅតាម មូលដ្ឋាន ក្នុងនាមតំណាងរាស្រ្ត បានផ្តល់ថវិកាដើម្បីជីកប្រឡាយ១ខ្សែមានប្រវែង ៦,១៥០ម៉ែត្រសម្រាប់ជូនពលរដ្ឋចំនួន៤ភូមិ មានភូមិសំបុអក ភូមិថ្មី ភូមិក្បាលថ្នល់ និងភូមិអូសទូក ក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ សម្រាប់ប្រើប្រាស់ក្នុងមូលដ្ឋានបង្ហូរចូលស្រែ ចំការ និងប្រើប្រាស់ប្រចាំថ្ងៃ»

លោកបានរំលឹកជម្រាបជូនប្រជាពលរដ្ឋ ក្នុងពិធីសំណេះសំណាលនេះថា សូមកុំជឿឃោសនាពួកជនអគតិមួយចំនួន ដែលចាំតែភូតភរ បោកប្រាស់ប្រជាពលរដ្ឋយើងកន្លងមក ដោយមិនដែលបានកសាងសមិទ្ធិផលអ្វីជូនបងប្អូន ប្រជាពលរដ្ឋបន្តិចម្តងណាឡើយ។ ដូច្នេះមានតែគណបក្សប្រជាជនកម្ពុជា១គត់ ដែលបានជួយពលរដ្ឋយើងជាប្រចាំ គ្រប់ទីកន្លែង ឈានដល់ការអភិវឌ្ឍន៍រីកចំរើន ដោយគំហុកលឿនបំផុតទាំងនៅតាមមូលដ្ឋាន និងនៅទូទាំងប្រទេសមិននឹកស្មានដល់។

នៅក្នុងនោះដែរ លោកបានផ្តល់ និងជួយតាមការស្នើរសុំរបស់ពលរដ្ឋក្នុងអង្គប្រជុំ ដោយឲ្យក្រុមការងារជីកប្រឡាយទឹក១ខ្សែបន្ថែមទៀត មានប្រវែង៧០០ម៉ែត្រ តាមសំណូមពរដោយបញ្ជាឲ្យក្រុមការងារជីកប្រឡាយតាមក្រោយក្នុងខែនេះតែម្តង។

ក្នុងឱកាសនោះ លោកបានណែនាំឲ្យលោកនាយកសាលាបឋមសិក្សាសំបុកអក បន្ទាប់ពីលោកនាយកបានស្នើរសុំលោកឲ្យជួយធ្វើរបងសាលា គែត្រូវធ្វើបុណ្យផ្កាប្រាក់ឲ្យបានម្តងសិន ដើម្បីប្រមូលលុយយកមកធ្វើរបងសាលា ហើយអ្នកតំណាងរាស្រ្តសន្យានឹងចូលបុណ្យ១ពាន់ដុល្លារនាពេលនោះ។ បន្ទាប់មកលោកបានដឹកនាំក្រុមការងារចុះពិនិត្យមើលទីតាំង ប្រឡាយទឹកតាមគោលដៅដែលបានស្តាររួចតាមភូមិនានាមួយចំនួនផងដែរ៕