(ភ្នំពេញ)៖ ជនពិការកំបុតដៃទាំងពីរទូទាំងប្រទេស បានសម្ដែងការសប្បាយរីករាយយ៉ាងខ្លាំង និងថ្លែងអំណរគុណដល់មូលនិធិឧកញ៉ា ជា រតនា និងឧកញ៉ា លីហៀករតនា ព្រមទាំងសប្បុរសជននានា ដែលបានការយកចិត្ដទុក្ខដាក់លើសុខទុក្ខ ពិសេសផ្ដល់ថវិកាសម្រាប់បង្កើតមុខរបរ, ការសិក្សារៀនសូត្រ និងស្វែងរកងារងារឱ្យធ្វើដល់ពួកគាត់ផងដែរ។

អ្នកស្រី ស៊ីណា ម្ដាយរបស់កុមារី ចាន់ សារ៉ា ដែលកំបុតដៃទាំងពីររស់នៅបែកចាន ខេត្ដកណ្ដាល បានឱ្យដឹងថា «ខ្ញុំសប្បាយចិត្ដណាស់ ព្រោះពេលខ្ញុំមានទុក្ខ មានអ្នកជួយសម្រាលទុក្ខ លំបាករបស់ខ្ញុំ។ រយៈពេល២ឆ្នាំហើយ ដែលមូលនិធិឧកញ៉ាបណ្ឌិត ជា រតនា និងឧកញ៉ា លីហៀក រតនា បានបន្ដផ្ដល់ថវិកាសម្រាប់ឱ្យកូនស្រីខ្ញុំ រៀនសូត្រ»

ជាងនេះទៀតលោកស្រីលើកឡើងថា ពិសេសនៅថ្ងៃទីនេះ លោកឧកញ៉ា បានធ្វើពិធីជួបជុំ ជនពិការកំបុតដៃទំាងពីរទូទាំងប្រទេសលើកទី៣ ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំប្រពៃណីជាតិ ខ្មែរខាងមុខនេះ ដោយបានផ្ដល់ថវិកា និងអាហារថ្ងៃត្រង់មួយពេល ដែលអាចជួយសម្រាលទុក្ខលំបាករបស់គ្រួសារខ្ញុំបានមួយកម្រិតទៀត។ ទន្ទឹមនឹងនោះ កុមារី ចាន់ សារ៉ា បានលើកឡើងទាំងញញឹមថា «ខ្ញុំរៀនថា្នក់ទី៣ហើយ ខ្ញុំសប្បាយចិត្ដពេលបានទៅរៀន ហើយមានលុយចាយដូចគេដែរ អត់ពិបាកទេ»។

ក្នុងឱកាសនោះ លោកឧកញ៉ា ជា រតនា បានថ្លែងថា ដើម្បីអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ មូលនិធិយើង បានរៀបចំពិធីជួបជុំជនពិការកំបុតដៃទាំងពីរ ទូទាំងប្រទេសលើកទី៣ នៅសណ្ឋាគារសាន់អ៊ែនមូន តែសម្រាប់ការជួបជុំលើកនេះ គឺសម្រាប់តែបងប្អូនជនពិការដែលមានបញ្ហាគ្រួសារខ្វះខាត ត្រូវការជំនួយពីមូលនិធិយើងតែប៉ុណ្ណោះ។

លោកឧកញ៉ា បានថ្លែងបន្ដថា «ក្នុងនោះ យើងបានផ្ដល់ថវិកា ដល់ជនពិការកំបុតដៃទាំងពីរភេទចំនួន ៤៨នាក់ ម្នាក់ៗទទួលបាន ១លានរៀល អាវយឺត១ និងអាហារថ្ងៃត្រង់ ។សម្រាប់អ្នកអមដំណើរ មកពីបណ្ដាខេត្ដឆ្ងាយៗចំនួន១២នាក់ ដោយម្នាក់ៗទទួលបាន២០ម៉ឺនរៀល និងខេត្តជិត៣៨នាក់ ម្នាក់បាន១០ម៉ឺនរៀល និងអាហារថ្ងៃត្រង់ផងដែរ»

លើសពីនោះ លោកឧកញ៉ាបន្ដថា «ជាទូទៅតាំងពីយើងបានជួយពួកគាត់មក ឃើញថា ស្ថានភាពគ្រួសារគាត់ ពីមានការផ្លាស់ប្ដូរច្រើនពី អត់មុខរបរ ទៅជាអ្នកមានមុខរបរ អាចចិញ្ចឹមខ្លួនឯង និងគ្រួសារបាន ពិសេសគាត់អាចរស់នៅដោយឯករាជ្យពឹងលើខ្លួនឯងបាន ហើយថវិកាដែលយើងជួយ អាចយកទៅសងបំណុលគេបាន ជាងនេះទៅទៀត បងប្អូនយើងមួយចំនួន ក៏យើងថវិកាដែលយើងជួយ ទៅបន្ដការសិក្សារបស់ខ្លួនផងដែរ»

លោកឧកញ៉ាបន្ដថា «មូលនិធិនេះ ក៏ទទួលបានការគាំទ្រ និងឧបត្ថម្ភពីសម្បុរសជនជាច្រើនផងដែរ ពិសេសក្នុងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩នេះ យើងក៏បានទទួលថវិកា ពីសប្បុរសជនជាច្រើន រួមមាន៖ លោក Tom Kimson donated 10,000ដុល្លារ, ឧកញ៉ា សុខ វណ្ណា ឧបត្ថម្ភមូលនិធិ 5,000ដុល្លារ, ឧកញ៉ា ហេង ឡុង 1,000ដុល្លារ, ឧកញ៉ា ស៊ុយ ហេង 500ដុលា្លរ និងឧកញ៉ា អ៊ុង អេង 500ដុលា្លរ។ ថវិកាទាំងនេះ យើងក៏បានប្រគល់ជូនដល់បងប្អូនជនពិកាកំបុតដៃទាំងពីររួមផងដែរនៅថ្ងៃនេះ»

ការចូលរួមនេះ បានសរបញ្ជាក់ឱ្យឃើញថា វប្បធម៌នៃការចែករំលែក និងជួយចុះសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋយើង មានការរីកលូតលាស់គួរឱ្យកក់សម្គាល់ ដែលដើរតាមមាគ៌ាដ៏ ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏រឹងមានឈ្លាសវៃ, សម្ដេច តែងតែធ្វើការណែនាំ ចេះជួយចែករំលែក គ្នាទៅវិញទៅមកនៅក្នុងសង្គម។

សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០១៥មក មូលនិធិឧកញ៉ាបណ្ឌិត ជា រតនា និងឧកញ៉ា លីហៀក រតនា ព្រមទាំងសប្បុរសជននានា បានរៀបចំពិធីជួបជុំ ពិការកំបុតដៃទាំងពីរ ទូទាំងប្រទេស បានចំនួនបីលើកហើយទាំងលើកនេះ ដោយលើកទី១ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ ដែលមានជនពិការដៃទាំងពីរចូលរួមចំនួន ១៦៨នាក់, លើកទី២ នៅថ្ងៃទី១៤មករា ឆ្នាំ២០១៧ មានជនពិការដៃទាំងពីរ ១៨២នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន១លានរៀល អាវយឺតមួយ និងអាហារថ្ងៃត្រង់មួយពេលផងដែរ។

ក្រៅពីការជួបជុំនេះទាំងបីលើកខាងលើ មូលនិធិ ឧកញ៉ាបណ្ឌិត ជា រតនា និងឧកញ៉ា លីហៀក រតនា ក៏បានរៀបចំឱ្យមានការជួបជនពិការកំបុតដៃទំាងពីរ និងផ្ដល់ដើមទុនសម្រាប់បង្កើតមុខរបរចិញ្ចឹមជ្រូក គោ មាន់ទា ។មូលនិធិ ក៏បានសហការជាមួយអង្គការ CHPAA ដឹកនាំដោយលោកស្រី វេជ្ជបណ្ឌិត Teri Kap Tan មកពីអាមេរិក ដោយបានបំពាក់ដៃសិប្បនិម្មិត ជូនជនពិការកំបុតដៃទាំងពីរចំនួន៤៧នាក់៕