(ភ្នំពេញ)៖ កម្ពុជាជាប្រទេសតូចមួយច្បាស់ណាស់រងផលប៉ះពាល់ពីឥទ្ធិពល និងសម្ពាធដែលកើតចេញពីការប្រគួតប្រជែងកាន់តែតានតឹងឡើងរបស់មហាអំណាចធំៗ។ ពិភពលោកបន្តប្រែប្រួល ស្មុគស្មាញ រហ័សពិបាកប៉ាន់ស្មាន។ វាជាមោទនភាពរបស់កម្ពុជាដែលរយៈពេលចុងក្រោយនេះបានបន្តរីករាយនឹងសន្តិភាព ស្ថេរភាព និង ការទប់ស្កាត់បានទាន់ពេលនូវការលូកដៃចូលកិច្ចការផ្ទៃក្នុងពីមហាអំណាចធំៗ បដិវត្តពណ៌ អំពើភេរវកម្ម ជម្ងឺឆ្លង និង គ្រោះធម្មជាតិ ។

យ៉ាងណាក៏ដោយ ខ្ញុំមានអារម្មណ៍អាក់អន់ស្រពន់ចិត្តនូវភាពអសកម្មរបស់យុវជនខ្មែរ និង ប្រតិកម្មរហ័សពេកដោយខ្វះការរិះគន់ និង មិនបានស្រាវជ្រាវដល់ឫសគល់នៃរឿង ។ និយាយឲ្យស្រួលស្តាប់ រឿងអត់ប្រយោជន៍ Share រាប់រយ K តែរឿងដំណើរវិវត្តន៍របស់ប្រទេសកម្ពុជា គេមិនសូវខ្វល់ទេ។ ចំពោះបញ្ហានេះ ខ្ញុំសូមចែករំលែកជាមួយអ្នកទាំងអស់គ្នា នូវទស្សនៈមួយចំនួនដើម្បីការពារ និងអភិវឌ្ឍជាតិមាតុភូមិរបស់យើង។

ប្រជាជនខ្មែរគ្រប់រូប ជាពិសេសយុវជនមានតួនាទីការពារឯករាជ្យ និងអធិបតេយ្យភាពកម្ពុជា ដើម្បីធ្វើសេចក្តីសម្រេចដោយស្មើសិទ្ធិ ស្មើភាពជាមួយបណ្តាប្រទេសនានា លើសកលលោក សំដៅការពារផលប្រយោជន៍ជាតិ ស្ថិរភាព សន្តិភាព និងវិបុលភាពរបស់មាតុភូមិយើង។ យើងត្រូវចាំថា «គ្មានទេ ការអភិវឌ្ឍ ប្រសិនបើគ្មានសន្តិភាព» ។

ប្រជាជនខ្មែរគ្រប់រូប ជាពិសេសយុវជនមានតួនាទីលើកតម្កើងវប្បធម៌-អរិយធម៌ខ្មែរ ផ្សព្វផ្សាយសក្តានុពលសេដ្ឋកិច្ច កត្តាដែលទាក់ទាញវិនិយោគ និង ទេសចរណ៍សម្រាប់កំណើនសេដ្ឋកិច្ចជាតិយើង ។ ទៅណាមកណាប្រាប់គេថាកម្ពុជាមានលក្ខណៈពិសេសចំនួន៤ ដែលជាឱកាសដ៏ពិសិដ្ឋសម្រាប់ការវិនិយោគ ទី១. ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ។ ទី២. អ្នកវិនិយោគបរទេសមានសិទ្ធិកាន់កាប់ហ៊ុន១០០ ភាគរយ ។ ទី៣. កម្លាំងពលកម្មដែលមានភាពសម្បូរណ៍បែប និងវ័យក្មេង អាយុ ៣៥ឆ្នាំចុះ មានចំនួនដល់ទៅ ៧២ភាគរយ នៃចំនួនប្រជាជនសរុប គួបផ្សំតម្លៃពលកម្មល្អ និង ទី៤. កម្ពុជាស្ថិតនៅលើទីតាំងយុទ្ធសាស្រ្តក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាន និងកំពុងក្លាយជារោងចក្រនៃអាស៊ី ។

ទំនិញផលិតនៅកម្ពុជាទៀតសោតអាចផ្គត់ផ្គង់ទីផ្សារដែលមានមនុស្ស ៣០% នៃប្រជាជនសកលក្រោមក្របខណ្ឌ RCEP។ ប្រាប់គេថាកម្ពុជាមានតំបន់ទេសចរណ៍ ដ៏ចម្រុះរាប់ពីភ្នំ ព្រៃ ជ្រោ បឹងបួរ ប្រាសាទ រួមទាំងចម្លាក់ក្បូរក្បាច់រចនាដ៏ពិសិដ្ឋដែលផ្សារភ្ជាប់វប្បធម៌-អរិយធម៌របស់ខ្មែរតាំងពីបុរាណកាល។ ទាំងនេះជាកត្តាជម្រុញ ឲ្យសេដ្ឋកិច្ចកម្ពុជាលូតលាស់ ។ យើងត្រូវចាំថា «គ្មានទេសន្តិភាពយូរអង្វែង បើគ្មានការអភិវឌ្ឍ»។

ប្រជាជនខ្មែរគ្រប់រូប ជាពិសេសយុវជនមានតួនាទីប្រាប់ពិភពលោកនូវអ្វីដែលកម្ពុជាបានឆ្លងកាត់។ ពីប្រទេសទទួលយកកងរក្សាសន្តិភាពអង្គការសហប្រជាជាតិ (អ.ស.ប.) កម្ពុជាបានប្រែក្លាយទៅជាប្រទេសបញ្ជូនកងកម្លាំងចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់អ.ស.ប. ដោយបានបញ្ជូនកងកម្លាំងប្រមាណជា ៦,០០០នាក់ ចាប់តាំងពីឆ្នាំ២០០៦ ទៅកាន់ប្រទេសចំនួន៨ នៅអាហ្រ្វិក និងមជ្ឈិមបូព៌ា។

នេះគឺជាវិភាគទានដ៏ថ្លៃថ្នូររបស់កម្ពុជាដើម្បីបុព្វហេតុសន្តិភាពពិភពលោកក្នុងនាមប្រទេសធ្លាប់រងទុក្ខវេទនាដោយសារសង្រ្គាម ។ កម្ពុជាប្តេជ្ញាដោះស្រាយការប្រឈមនានាលើពិភពលោក តួយ៉ាងភេវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការប្រែប្រួលធាតុអាកាស ការជួញដូរមនុស្ស គ្រឿងញៀន (ទើបតែចាប់ហើយថ្មីៗ) ល ។ សេដ្ឋកិច្ចកម្ពុជាបានកើនឡើងក្នុងអត្រាលើស ៧% នៅក្នុងរយៈពេលជាង ២ទស្សវត្សរ៍ ធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសទី ៦នៅលើលោកដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេ។ អត្រានៃភាពក្រីក្រកាត់បន្ថយមកនៅក្រោម ១០% ប្រៀបធៀបនឹងលើស ៥០% ឆ្នាំ១៩៩៣ ។ អត្រានៃការទទួលបានការអប់រំថ្នាក់បឋមសិក្សារបស់យើងបានឈានរហូតដល់ ៩៨% ។ អាយុសង្ឃឹមរស់ជាមធ្យមរបស់យើងបានកើនឡើងពី ៥៤ឆ្នាំ នៅឆ្នាំ១៩៩៣ ឡើងដល់ ៦៩ឆ្នាំ នៅឆ្នាំ២០១៦។

សូមឲ្យខ្មែរតម្កល់ប្រយោជន៍ជាតិជាធំ ។ យើងត្រូវចាំថា «គ្មាននរណាស្រលាញ់ខ្មែរជាងខ្មែរទេ» ។ ប្រជាជនខ្មែរគ្រប់រូប ជាពិសេសយុវជនត្រូវ «កាត់បន្ថយថា ប្រឹងធ្វើ» កាត់បន្ថយការរិះគន់ បើកចិត្តទូលាយ ស្តាប់គេឯង ប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងសភាពការណ៍តំបន់ និងពិភពលោកដែលកំពុងវិវត្តប្រែប្រួលយ៉ាងឆាប់រហ័ស ស្មុគស្មាញមិនអាចប៉ាន់ស្មានបាន និងប្រកបដោយគ្រោះថ្នាក់។ ប្រជាជនខ្មែរគ្រប់រូប ជាពិសេសយុវជនត្រូវមានការថ្លឹងថ្លែង និងការប្រុងប្រយ័ត្នខ្ពស់ដើម្បីរក្សាឲ្យបាននូវសន្តិភាព និងស្ថិរភាពសំដៅលើដំណើរអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយនិរន្តភាព។

បើខ្ញុំខុស សូមបង្រៀនខ្ញុំ កុំមាក់ងាយខ្ញុំ។

ថ្ងៃព្រហស្បត្តិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២
ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩

ដោយ៖ វរ្ម័ន