(កំពង់ធំ)៖ ដោយសារតែប្រទេស មានសុខសន្តិភាពបានធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេស បានធ្វើបុណ្យធ្វើទានកម្សាន្ត លេងសប្បាយតាមរមណីយដ្ឋាននានា ក្នុងឱកាសចូលឆ្នាំថ្មី នៅពេលខាងមុខនេះ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តថ្មី សំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ ត្រូវបានប្រារព្ធបួនលើកមកហើយ ដោយតែងតែដាក់បង្ហាញនូវសម្ភារ និងឧបករណ៍ប្រើប្រាស់ បែបបុរាណជូនភ្ញៀវទេសចរទស្សនាកម្សាន្ត។

ដោយឡែក សង្ក្រាន្តសំបូរព្រៃគុកឆ្នាំនេះ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៤-១៥-១៦ ខែមេសានេះ នឹងដាក់តាំងបង្ហាញឧបករណ៍ នេសាទបុរាណចំនួនពីរប្រភេទ គឺតុំ និងឆ្នុក។

លោក ហ៊ិន សោភ័ណ្ឌ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ បានឲ្យដឹងថា ក្នុងរយៈពេលបួនឆ្នាំកន្លងមក នៃព្រឹត្តិការណ៍សង្ក្រាន្តសំបូរព្រៃគុក បានដាក់បង្ហាញនូវសម្ភារ និងឧបករណ៍បីប្រភេទ រួចមកហើយរួមមាន៖ ចន្លុះយក្ស អង្រុតយក្ស និងដឹងយក្ស។ ហើយក្នុងឆ្នាំនេះ រដ្ឋបាលខេត្ត នឹងដាក់ឧបករណ៍ខ្នាតធំចំនួនពីរប្រភេទទៀត គឺ តុំ និង ឆ្នុក ដែលមានទំហំធំ។

ការដាក់បង្ហាញនេះ គឺមិនមែនត្រឹមតែសម្រាប់ភ្ញៀវទេសចរ ទស្សនាកម្សាន្តប៉ុណ្ណោះទេ គឺជាការបង្ហាញ នូវវប្បធម៌ប្រពៃណី និងធ្វើការបណ្តុះនូវគំនិតស្រឡាញ់ អភិរក្សវប្បធម៌ របស់ដូនតាខ្មែរ ដែលបានបន្សល់ទុកនូវវប្បធម៌ដ៏សម្បូរបែប សម្រាប់កូនខ្មែរជំនាន់ក្រោយគ្រប់រូបបានស្គាល់ បានឃើញ និងបានដឹងដែរ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ បានយល់ឃើញថា ការយកចិត្តទុកដាក់ របស់អាជ្ញាធរខេត្ត ក្នុងការរៀបចំសង្ក្រាន្ត គឺជាការចូលរួមថែរក្សាប្រពៃណី និងផ្ដល់ការកម្សាន្តដល់ប្រជាពលរដ្ឋ កាត់បន្ថយលើការចំណាយពេលវេលា និង ថវិកាក្នុងការធ្វើដំណើរទៅកម្សាន្ត នៅទីផ្សេង និងជាការទាក់ទាញទេសចរផងដែរ។

ទន្ទឹមនឹងការ ដាក់តាំងឧបករណ៍នេសាទបុរាណ ទាំងពីរប្រភេទនេះ រដ្ឋបាលខេត្តកំពង់ធំ នឹងបង្កើតនូវទីតាំងលេងល្បែងកម្សាន្ត និងល្បែងប្រជាប្រិយមួយចំនួន ដែលបញ្ជាក់អំពីអត្តសញ្ញាណរបស់ខ្មែរ និងការប្រើប្រាស់ ឧបករណ៍ទាំងអស់នេះ ដើម្បីលើកស្ទួយជីវភាព របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននៃតំបន់ប្រាសាទសម្បូរព្រៃគុក។

គួរបញ្ជាក់ផងដែរថា ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨៕