(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជាទាំង៣រួមមាន កាសយានដ្ឋានអន្តរជាតិភ្នំពេញ, ខេត្តសៀម និងខេត្តព្រះសីហនុ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩នេះ បានរៀបចំកម្មវិធី Smiling Day (ថ្ងៃនេះជាទិវានៃស្នាមញញឹម) ដើម្បីបង្ហាញនូវអត្តសញ្ញា វប្បធម៌ ប្រពៃណី សេចក្តីថ្លៃថ្នូររបស់ខ្មែរ ជូនដល់ភ្ញៀវទេសចរបរទេសគ្រប់ ជាតិសាសន៍ មុននឹងអញ្ជើញត្រឡប់ទៅប្រទេស កម្ពុជារបស់ពួកគេវិញ។

លោក Eric Delobel នាយកប្រតិបត្តិ នៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានថ្លែងថា អាកាសយានដ្ឋានបានរៀបចំកម្មវិធីនេះ ៨ឆ្នាំមកហើយ ដើម្បីធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ដែលបានមកទស្សនានៅប្រទេសកម្ពុជា ទទួលបានភាពស្រស់ស្រាយ មានទំនុកចិត្តលើសេវាកម្ម និងការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាជនកម្ពុជា ចំពោះពួកគេបន្ទាប់ពីត្រឡប់ទៅកាន់ ស្រុកកំណើតវិញ។

លោក Eric Delobel បានបន្តថា ហើយឆ្នាំ២០១៩នេះ ព្រលានយន្តអន្តរជាតិទាំង៣ បានប្រគល់នូវវត្ថុអនុស្សាវរីយ៍ជាច្រើនជូនដល់ភ្ញៀវបរទេស ដែលធ្វើឡើងពីវត្ថុធាតុដើមនៅកម្ពុជាដូចជា៖ ផ្លិត ក្រម៉ា គំនូរ កាបូបធ្វើពីស្លឹកត្នោត ព្រមទាំងវត្ថុជាច្រើនទៀត ដើម្បីតាំងបង្ហាញជូនពួកគាត់ ដែលជាផ្នែកមួយអាចចូលរួមទាក់ទាញភ្ញៀវទេសចរមកទស្សនានៅកម្ពុជា ឱ្យកាន់តែច្រើនឡើងបន្ថែម ទៀតផងដែរ។

ជាមួយគ្នានេះដែរ ភ្ញៀវទេសចរបរទេសជនជាតិអង់គ្លេស ដែលទើបបញ្ចប់ដំណើរកម្សាន្តនៅកម្ពុជា ជិត២សប្តាហ៍មកនោះ ក៏បានបង្ហាញពីភាពរីកចម្រើនបស់កម្ពុជា ជាពិសេសមានអារម្មណ៍រំភើប មែនទែន ដែលឃើញទឹកមុខរបស់ប្រជាជនកម្ពុជាម្នាក់ៗ មានស្នាមញញឹមទទួលភ្ញៀវទេសចរអន្តរជាតិ ថាប្រជាពលរដ្ឋកម្ពុជា មានភាពរួសរាយរាក់ទាក់មិនឆ្នើងឆ្មៃ និងមានភាពស្មោះត្រង់ ដូច្នេះ បន្ទាប់ពីត្រឡប់ទៅដល់ប្រទេសរបស់ខ្លួនវិញ នឹងពាំនាំភាពសប្បាយរីករាយ សម្បូរទៅដោយសម្បត្តិវប្បធម៌ សម្បត្តិធម្មជាតិ ដែលកន្លែងទេសចរណ៍ល្អឯកនេះ ទៅប្រាប់ដល់ក្រុមគ្រួសារ មិត្តភក្ភិឱ្យមកទស្សនានៅកម្ពុជា ជាពិសេសនោះ គឺខេត្តសៀមរាប ដែលមានប្រាង្គប្រាសាទជាច្រើន ព្រមទាំងរាជធានីភ្នំពេញ និងឆ្នេរសមុទ្ររបស់កម្ពុជា ដែលមានសម្រស់ស្រស់ស្អាតផងដែរ។

ភ្ញៀវទេសចរបរទេសរូបនេះ បានបន្ថែមបន្ទាប់ពីរៀបចំឡើងលើយន្តហោះ ដើម្បីវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ លោកក៏បានមើលឃើញ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានរៀបចំបង្ហាញនូវរបស់របរប្រើប្រាស់ ស្នាដៃគំនូរ ការរាំច្រៀងបែបប្រពៃណី ដើម្បីចូលរួមអបអរសាទរ ពីធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅទីនេះផ្ទាល់តែម្តង។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានក្រុមហ៊ុន ហោះហើរអន្តរជាតិចំនួន៣៨ និងក្រុមហ៊ុនក្នុងស្រុកចំនួន៨ កំពុងហោះហើរប្រត្តិការចេញ ពីក្នុងស្រុកទៅក្រៅប្រទេស។ ជាមួយគ្នានេះ ក៏មានសមត្ថភាពទទួលទេសចរណ៍ ដែលនៅឆ្នាំ២០១៧ ទទួលបាន ៨លាននាក់ និងឆ្នាំ២០១៨នេះ ទទួលបាន១០លាននាក់ ហើយរំពឹងថានៅឆ្នាំ២០១៩នេះ នឹងមានភ្ញៀវទេសចរចេញចូល តាមច្រកអន្តរជាតិនេះ មានការកើនឡើងរហូតដល់ទៅ១២លាននាក់ផងដែរ៕