(ភ្នំពេញ)៖ រយៈពេល៣ខែ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបង្ក្រាបគ្រឿងញៀន២,០៤៧ករណី ឃាត់ខ្លួនមនុស្ស ចំនួន ៤,៤៣៤នាក់ ក្នុងនោះស្រី៣៦៥នាក់ និងដកហូតបានសារធាតុញៀនជាង១០០គីឡូក្រាម និងកញ្ឆាស្រស់៤៥,៩១៩ដើម។ នេះបើតាមរបាយការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩។

របាយការណ៍ដដែលបញ្ជាក់ថា ក្នុងប្រតិបត្ដិការបង្ក្រាបនេះ ជួញដូរ១,២២៦ករណី ឃាត់ខ្លួនមនុស្ស២,២៧២នាក់, ប្រើប្រាស់៨០៦ករណី ឃាត់ខ្លួនមនុស្ស២,១៦១នាក់ និងដាំដុះ១៥ករណី ឃាត់ខ្លួនមនុស្សម្នាក់។ ក្នុងចំណោមមនុស្សដែលសមត្ថកិច្ចឃាត់ខ្លួននេះ មានជនជាតិបរទេស១២១នាក់ ស្រី២៨នាក់។

សូមជម្រាបថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវតែបោសសម្អាតគ្រឿងញៀនឱ្យអស់ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមទីប្រជុំជនទូទាំងប្រទេសកម្ពុជា ត្រឹម២០១៩នេះ ឱ្យខាងតែបាន។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងក្នុងឋានៈជាប្រធានយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានគូសបញ្ជាក់ថា ការបង្ក្រាបគ្រឿងញៀនត្រូវតែធ្វើដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ទៅតាមវិជ្ជាជីវៈ ហើយត្រូវបង្ក្រាបទាំងអស់មិនត្រូវស្ទើរស្ទាក់នោះឡើយ។ សម្ដេចព្រមានចំពោះមន្រ្តីទាំងឡាយ បើហ៊ាននៅក្រោយខ្នងចំពោះបទល្មើសផងដែរ៕