(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជំរុញឲ្យយុវជន និងសិស្សានុសិស្សសិក្សាអំពីសិល្បៈ វប្បធម៌ អរិយធម៌ ដ៏ល្អផូរផង់របស់ដូនតាខ្មែរ ចេះបង្កើនគំនិតរួបរួមសាមគ្គីគ្នា ចែករំលែកចំណេះដឹង និងបង្កើតគំនិតឆ្នៃប្រឌិតថ្មីៗ ដែលអាចជួយទប់ស្កាត់នូវការហូរចូលនៃសិល្បៈវប្បធម៌ និងអរិយធម៌មិនល្អពីបរទេស ចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។

ការលើកឡើងបែបនេះរបស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានធ្វើឡើងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលនាយឧត្តមសេនីយ៍ អញ្ជើញជាតំណាងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន់ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងពិធីបើកសង្រ្កាន្តវិទ្យាល័យឆ្នាំ២០១៩ ក្រោមប្រធានបទ «សិល្ប:ប្រជាប្រីយយុវជនសម័យថ្មី ស្មារតីតែមួយ» នៅវិទ្យាល័យឥន្ទរទេវី ដោយមានការអញ្ជើញចូលពីសំណាក់អាជ្ញាធរមូលដ្ឋាន លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សប្រមាណ៥០០នាក់ ផងដែរ។

បន្ថែមលើនេះ នាយឧត្តមសេនីយ៍ ក៏បានលើកឡើងដែរថា ការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តនេះ គឺមិនត្រឹមតែជាការបន្តថែរក្សា និងលើកស្ទួយនូវវប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទំលាប់ដ៏ល្អផូរផង់ របស់ដូនតាយើងប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងឱ្យឃើញនូវគំនិតច្នៃប្រឌិតថ្មីៗ និងប្រកបដោយភាពឈ្លាសវៃ សម្រាប់ផ្ដល់ឱ្យយុវជនរបស់យើងបានចូលរួមកាន់តែសកម្ម ថែមទៀតនៅក្នុងកិច្ចការ វប្បធម៌ សេដ្ឋកិច្ច សង្គម និងនយោបាយដែលជាបេសកកម្មដ៏ឧត្តុងឧត្តម និងជាការងារបន្តវេនដ៏សំខាន់របស់យុវជនពីជំនាន់មួយទៅជំនាន់មួយ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហានៃយើង។

ទន្ទឹមនឹងនេះដែរ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏ស្នើសុំឱ្យយុវជនទាំងអស់បង្កើនការយកចិត្តទុកដាក់ស្វែងយល់ និងស្គាល់ឱ្យច្បាស់អំពី តួនាទីចំបងរបស់ខ្លួនក្នុងការការពារ និងថែក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងអត្តសញ្ញាណជាតិ ពីព្រោះក្មួយៗ គឺជាខ្សែចំណងតភ្ជាប់ ពីជំនាន់មួយទៅជំនាន់មួយ និងជាអ្នកការពារទប់ស្កាត់នូវហានិភ័យ នៃការបាត់បង់អត្តសញ្ញាណជាតិ ដែលអាចបណ្តាលមក ពីសាកលភាវូបនីយកម្ម។ ក៏ប៉ុន្តែយើងក៏មិនអាចបដិសេធការបើកទូលាយចំពោះពិភពលោក និងការទទួលយកវប្បធម៌ល្អដទៃទៀត នៃទំនើបកម្មផងដែរ នេះគឺជាបញ្ហាប្រឈមយ៉ាងពិតប្រាកដ។

ជាក់ស្តែងតាមរយៈការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសកម្ពុជា ទទួលនូវសុខសន្តិភាពយ៉ាងពេញលេញដែលពុំធ្លាប់ មានក្នុងរយៈកាលជិត៥០០ឆ្នាំ នៃប្រវត្តិសាស្ត្ររបស់កម្ពុជាចុងក្រោយនេះ។ សុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាគន្លឹះ និងជាមូលដ្ឋានដ៏រឹងមាំមិនអាចខ្វះបាន សម្រាប់ធានានូវការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ៕