(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៤ ខែមេសា ឆ្នាំ២០១៩ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចុះសួរសុខទុក្ខ និងផ្តល់អំណោយដើម្បីជួយសម្រាលការលំបាកដល់និស្សិតមានជីវភាពខ្វះខាតចំនួន ៩៨នាក់ ដែលកំពុងស្នាក់នៅ និងសិក្សានៅវិទ្យាស្ថានវីឌីស៊ី មានទីតាំងស្ថិតនៅ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ក្នុងឱកាសនោះ លោក ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិត ស្រឡាញ់ចំពោះនិស្សិតទាំងអស់ដែល ខិតខំលះបង់តស៊ូរៀនសូត្រហេីយឆ្លៀតពេលធ្វេីការរកចំណូលផ្គត់ផ្គង់ជីវភាពនិងការសិក្សាផង ហេីយជាពិសេស សូមថ្លែងនូវការកោតសរសេីរចំពោះក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង គ្រូ នៃវិទ្យាស្ថាន វីឌីស៊ី ដែលខិតខំប្រឹងប្រែងដោយមិនគិតពីផលចំនេញដេីម្បី ចូលរួម ចំណែក អភិវឌ្ឍធនធានមនុស្ស ព្រមទាំងចូលរួមក្នុងកិច្ចការសង្គមផ្សេងៗទៀត។

ទន្ទឹមនឹងនេះ លោក ពិត ចំណាន បានពាំនាំនូវការផ្តាំផ្ញើពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ក្មួយៗនិស្សិតទាំងអស់ឱ្យ ខិតខំតស៊ូ ក្រេបយកចំណេះដឹង ដោយប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងចរិយាសម្បត្តិ ដេីម្បីអនាគតភ្លឺស្វាង និងជាក្តីសង្ឃឹមរបស់ក្រុមគ្រួសារដែលកំពុងរង់ចាំភាពជោគជ័យរបស់ក្មួយៗ។

ជាមួយគ្នានេះ និស្សិតទាំងអស់បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាគ្មានពីរនៃបេះដូងមនុស្សធម៌ ចំពោះ និស្សិតទាំងអស់ បានផ្តល់ក្តីអាណិតស្រឡាញ់យ៉ាងកក់ក្តៅ លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹម ដល់អ្នកជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

អំណោយមនុស្សធម៌ផ្ដល់ជូនសម្រាប់និស្សិតម្នាក់ៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង និងថវិកា ៥ម៉ឺនរៀល ៕