(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរសាធារណការ និងដឹកជញ្ជូន បានបន្តយុទ្ធនាការកាយសំរាម ពីក្នុងប្រឡាយបឹងត្របែក ដោយគិតត្រឹមថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ លទ្ធផលប្រមូលសំរាមដឹកចេញពីប្រឡាយបឹងត្របែក មានចំនួន២,៨៨០តោន ដែលនេះវាស្មើនឹង៨០% នៃផែនការកំណត់។ នេះបើតាមការចុះផ្សាយនៅលើ Facebook ផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានលើកឡើងកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ថា ការសំអាតបរិស្ថាន និងប្រមូលសំរាមចេញពីតួប្រឡាយបឹងត្របែក ខណ្ឌចំការមន ត្រូវអនុវត្តន៍ចាប់ពីផ្លូវលេខ៤៨៤ កែងផ្លូវលេខ១០៥ រហូតដល់ស្ថានីយផ្លូវ៣៧១ ក្នុងនោះក្រុមការងារ បានប្រមូលសំរាមច្រកថង់តាមបណ្ដោយ មាត់ប្រឡាយ ហើយគ្រឿងចក្ររបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ក៏បានកាយសំរាមពីក្នុងប្រឡាយ ដាក់រថយន្តដឹកចេញទៅកាន់ទីលានចាក់សំរាម នៅខណ្ឌដង្កោ។

លោកថា «ប្រឡាយបឹងត្របែកក្នុងមួយថ្ងៃ យើងដាក់គ្រឿងចក្រកាយសំរាមចេញបានប្រមាណជា១៥០ម៉ែត្រគូបក្នុងមួយថ្ងៃ និងប្រមាណ៨,៥០០តោនក្នុងមួយឆ្នាំ ហើយសម្មភាពបែបនេះ គឺយើងធ្វើជារៀងរាល់ខែ ដើម្បីឲ្យប្រឡាយទាំងមូលអាចរំដោះទឹកបាន»៕