(កំពង់ឆ្នាំង)៖ អនុសាសន៍សំខាន់ៗទាំង ១០ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែងនៅក្នុងពិធីអបអរខួបទី២០ នៃកងទ័ពជើងគោក ត្រូវបានលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធ្វើការរម្លឹកឡើងវិញចំពោះមុខយុទ្ធជន យុទ្ធនារីជាង ៥០០នាក់ ដើម្បីរួមចំណែកពង្រឹងកាតព្វកិច្ចស្នូលរបស់កងព័ទជាតិ និងការពារតម្លៃសន្តិភាពនៅកម្ពុជា។

ការរម្លឹករបស់ លោករដ្ឋមន្ត្រី បានធ្វើឡើង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០១៩ នៅក្នុងឱកាសចុះសំណេះសំណាល និងសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការកាំភ្លើងធំ ស្ថិតនៅក្នុងភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បីលើកទឹកចិត្ត និងជួយទ្រទ្រង់ជីវភាពកងព័ទជើងគោក និងអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

ក្រៅពីស្នើឱ្យយុទ្ធជន យុទ្ធនារី យកចិត្តទុកដាក់អនុវត្តអនុសាសន៍ទាំង ១០ចំណុច របស់សម្តេចតេជោនាយករដ្ឋមន្ត្រី លោក ប៉ាន សូរស័ក្តិ ក៏បានអំពាវនាវសាជាថ្មី ដល់កងព័ទទាំងអស់ ធ្វើការពង្រឹងសាមគ្គីផ្ទៃក្នុង និងការពារដាច់ខាត មិនឱ្យជន ឬក្រុមឧទ្ទាមណាមួយ មកធ្វើការបំផ្លាញសន្តិភាពដែលកម្ពុជាកំពុងមានក្នុងពេលបច្ចុប្បន្ន ដើម្បីផ្តល់ឱកាសដល់កុលបុត្រ កុលធីតាខ្មែរជំនាន់ក្រោយ អាចចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេស ឱ្យកាន់តែល្បីរន្ទឺថែមទៀត នៅលើឆាកអន្តរជាតិ។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ «ពិតណាស់! យើងមានវប្បធម៌នៃការអត់អោន និងវប្បធម៌សន្ដិភាព ប៉ុន្តែយើងមិនត្រូវលើកលែងចំពោះជនណាក៏ដោយ ដែលប៉ុនប៉ងធ្វើឱ្យប្រទេសជាតិយើង ធ្លាក់ចូលទៅក្នុងអស្ថិរភាព (ភាពវឹកវរ) និងភ្លើងសង្គ្រាម ដូចអតីតកាលដ៏ជូរជត់ សាជាថ្មីទៀតឡើយ! ហើយនេះ គឺជាកាតព្វកិច្ច និងតួនាទីស្នូលរបស់បងប្អូនកងទ័ពជាតិនៃយើង»។

ទន្ទឹមគ្នានោះដែរ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បាននាំយកនូវប្រសាសន៍ផ្តាំសាកសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជូនដល់កងទ័ពទាំងអស់ ដែលកំពុងឈរជើងការពារជាតិ និងមាតុភូមិ នៅមូលដ្ឋាន និងនៅសមរភូមិជួរមុខ ដែលនិច្ចជាកាល សម្តេចទាំងទ្វេ តែងឧបត្ថម្ភថវិកា ស្បៀង និងសម្លៀកបំពាក់ តាមរយៈក្រុមការងារចម្រុះ កសាងសំណង់យុទ្ធសាស្ត្រ និងបណ្តាញគមនាគមន៍ខ្វាត់ខ្វែង ផ្តល់ដីកម្មសិទ្ធិស្របច្បាប់ជូនប្រជាជន សាងសង់ផ្ទះជូនយោធិនពិការ និងបណ្តើៗកសាងភូមិ/ឃុំ នៅតាមបន្ទាត់ព្រំដែន ឱ្យកាន់តែរីកចម្រើនរៀងរាល់ថ្ងៃ។

សូមជម្រាបថា អំណោយដែល លោករដ្ឋមន្ត្រី និងក្រសួងពាណិជ្ជកម្ម ប្រគល់ជូនបញ្ជាការដ្ឋានកាំភ្លើងធំ រួមមាន៖ ស៊ីម៉ងត៍ ចំនួន ២០តោន, ដែកសរសៃ ខ្នាត ៣០x៦០ ចំនួន ៨០ដើម, ដែកសរសៃ ខ្នាត ២៥x២៥ ចំនួន ១០០ដើម, ដែកខ្នាត ១០លី ចំនួន ១តោន, សង្ក័សីខ្នាត ៤.៧ម៉ែត្រ ចំនួន ៩៨សន្លឹក, ព្រំប្រក់ដំបូលអគារ ប្រវែង ២២ម៉ែត្រ ចំនួន ១ខ្នង, ស្រាបៀរ Angkor ចំនួន ១០០កេស, កៅអីជ័រ ចំនួន ១០០កៅអី, តុសិក្ខាកាម ចំនួន ៣០ឈុត, ថវិកាឧបត្ថម្ភជូនកងទ័ពចំនួន ៣៧៥នាក់ (ក្នុងម្នាក់ ៤ម៉ឺនរៀល) និងជូនអង្គភាពចំនួន ២លានរៀល៕