(ភ្នំពេញ)៖ នៅត្រីមាសទី១ ឆ្នាំ២០១៩ កម្ពុជានាំចេញអង្ករបានចំនួន១៧០,៨២១តោន កើនឡើងចំនួន៦% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ មានត្រឹមតែ ១៦១,១១៥តោនប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍របស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបនាំចេញអង្ករ ដែលបង្ហោះក្នុង Facebook របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

តួលេខនេះបញ្ជាក់ថា បើទោះអង្កររបស់កម្ពុជា ត្រូវបានគិតពន្ធពេលនាំចេញទៅអឺរ៉ុបក្តី ក៏ការនាំចេញអង្ករកម្ពុជាមិនស្រុតចុះនោះឡើយ។ ទីផ្សារសំខាន់ៗរបស់កម្ពុជា ក្រៅពីអឺរ៉ុបមានទីផ្សារចិន និងប្រទេសសមាជិកអាស៊ានផងដែរ។

កាលពីពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីកម្ពុជាត្រូវបង់ពន្ធថ្លៃនាំចេញអង្ករ ទៅកាន់ទីផ្សារអឺរ៉ុប ក៏ដោយក៏ការនាំចេញអង្ករមានការកើនឡើង ដូច្នេះមានន័យថា បើទោះបីអឺរ៉ុបយកពន្ធ ប៉ុន្ដែកម្ពុជានៅតែបន្ដនាំទៅដដែល ហើយមិនមែននាំចេញទៅតែអឺរ៉ុបនោះទេ ពោលអង្ករខ្មែរត្រូវបាននាំចេញទៅកាន់ប្រទេសជាច្រើនផ្សេងទៀត។

សូមជម្រាបថា ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះតទៅ សហគមន៍អឺរ៉ុបចាប់ផ្តើម គិតពន្ធលើការនាំចូលអង្ករកម្ពុជា និងមីយ៉ាន់ម៉ាហើយ សម្រាប់រយៈពេល៣ឆ្នាំជាប់គ្នា ដោយឆ្នាំទី១តម្លៃពន្ធ ១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុង១តោន, ឆ្នាំទី២ តម្លៃពន្ធ១៥០អឺរ៉ូ (ប្រហែល១៧០ដុល្លារ) ក្នុង១តោន និងឆ្នាំទី៣ តម្លៃពន្ធ១២៥អឺរ៉ូ (ប្រហែល១៤០ដុល្លារ) ក្នុង១តោន៕