(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ បានថ្លែងជំរុញដល់មន្ដ្រីសុខាភិបាលទាំងអស់ បន្ដខិតខំប្រឹងប្រែង ពង្រឹងចំណេះជំនាញ និងកែលម្អនូវចំនុចខ្វះខាតរបស់ខ្លួន ដើម្បីសំដៅលើកកម្ពស់ការផ្ដល់សេវាសុខភាព ជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងប្រសិទ្ធភាពកាន់តែប្រសើរឡើង។

ការថ្លែងបែបនេះរបស់លោកស្រីរដ្ឋលេខាធិការសុខាភិបាល ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំថ្មី របស់មន្ទីរសុខាភិបាល រាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ ។

លោកស្រី យក់ សម្បតិ្ដ បានថ្លែងបន្ដថា រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដ៏រឹងមាំ បានយកចិត្ដទុកដាក់លើវិស័យសុខាភិបាល ជាពិសេស សុខុមាលភាព របស់ប្រជាពលរដ្ឋ ។

ដូច្នេះ ការអនុញ្ញាតឱ្យអនុវត្ដន៍នូវគម្រោងលើកទឹកចិត្ដ ជាច្រើនរួមមាន៖ ការផ្ដល់ប្រាក់លាភ ការបន្ថែមប្រាក់ឧបត្ថម្ភ ដែលបានបង្កើតកូនរស់ មូលនិធិសមធម៌ជួយដល់ប្រជាពលរដ្ឋ ក្រីក្រ ក្នុងគោលបំណងបង្កើនគុណភាពប្រសិទ្ធភាព សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្រីក្រគ្រប់រូប មានលទ្ធភាពចូលប្រើប្រាស់សេវាសុខាភិបាលសាធារណៈ ប្រកបដោយសមធម៌ ដើម្បីឈានទៅកាត់បន្ថយអត្រាឈឺ និងស្លាប់របស់មាតា-ទារក និងកុមារ, កាត់បន្ថយអត្រាឈឺ និងស្លាប់ដោយជំងឺឆ្លង និងបន្ទុកជំងឺមិនឆ្លង ព្រមទាំងបញ្ហាសុខភាពផ្សេងៗទៀត ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ឱ្យរីកចម្រើនដូចបណ្ដាប្រទេស។

លោកស្រីរដ្ឋលេខាធិការ បានថ្លែងបន្ដថា «ដូច្នេះ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ស្របតាមគោលបំណង នៃគោលនយោបាយសុខាភិបាល គឺលើកកម្ពស់លទ្ធភាពសុខភាពប្រជាពលរដ្ឋកម្ពុជា ឱ្យប្រសើរឡើង និងបង្កើនការបង្ការហានិភ័យហិរញ្ញវត្ថុ ក្នុងការប្រើប្រាស់សេវាថែទាំសុខភាព របស់រាជរដ្ឋាភិបាល មន្ដ្រីសុខាភិបាលទាំងអស់ ត្រូវយកបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងណាឱ្យការផ្ដល់សេវាសុខភាព ជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អ និងមានប្រសិទ្ធភាពខ្ពស់»

លើសពីនោះ លោកស្រីបញ្ជាក់ថា «សេវាសុខាភិបាលសាធារណៈ កាន់តែមានទំនុកចិត្ដ ពីប្រជាជនពីមួយឆ្នាំទៅមួយឆ្នាំ ដោយចំនួនប្រជាពលរដ្ឋ បានចូលមកសម្រាលកូន មានការកើនឡើង ការពិគ្រោះ និងព្យាបាលជំងឺ ក៏មានសន្ទុះ គួរឱ្យកក់សម្គាល់ តែយើងត្រូវតែខិតខំបន្ថែមទៀត ជាពិសេសលើក្រមសីលធម៌វិជ្ជាជីវៈ អត្ដចរិតស្លូតបូត រាក់ទាក់ ប្រកបដោយការយកចិត្ដទុក្ខដាក់ ចំពោះអ្នកជំងឺ ដើម្បីឱ្យពួកគាត់កាន់តែពេញចិត្ដ»

ទន្ទឹមនឹងនោះ លោកស្រីរដ្ឋលេខាធិការ ក៏បានជំរុញលើកទឹកចិត្ដដល់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវខិតខំបន្ដទៀត និងផ្ដល់នូវអនុសាសន៍មួយចំនួនផងដែររួមមាន៖

*ពង្រីកការផ្ដល់សេវាសុខាភិបាលសាធារណៈ ដោយមណ្ឌលសុខភាពផ្ដល់សេវាសំណុំសកម្មភាពពេញលេញ និងមន្ទីរពេទ្យបង្អែក ផ្ដល់សេវាសំណុំសកម្មភាពបង្គ្រប់

*ពង្រឹងគុណភាពសេវា តាមរយៈការបណ្ដុះបណ្ដាលបន្ដ ដល់មន្ដ្រីសុខាភិបាល និងបំពាក់សម្ភារបរិក្ខារពេទ្យសមស្រប

*លុបបំបាត់របាំងហិរញ្ញវត្ថុ ក្នុងការចូលមកទទួលព្យាបាលជំងឺ ដោយអនុវត្ដមូលនិធិសមធម៌ និងបេឡាជាតិរបបសន្ដិសុខ សង្គមឱ្យកាន់តែប្រសើរឡើង

*និងអនុវត្ដវិមជ្ឈិការ និងវិសហមជ្ឈិការ ឱ្យកាន់តែប្រសើរឡើង៕