(កំពង់ស្ពឺ)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅលើផ្លូវជាតិលេខ៤៤ ក្នុងខេត្តកំពង់ស្ពឺរវាងរថយន្តដឹកទំនិញ និងរថយន្តដឹកកម្មករ បណ្តាលឱ្យកម្មការិនីចំនួន១២នាក់រងរបួសធ្ងន់ស្រាល ក្នុងនោះ ៨នាក់របួសធ្ងន់។ អ្វីដែលកាន់តែធ្ងន់ធ្ងរ និងអាណោចអាធមនោះ គឺកម្មករិនី៥នាក់ បានដាច់ដៃតែម្តង។ នេះបើតាមការបញ្ជាក់បន្ថែម របស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៤ ខែមេសានេះ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកើតឡើង នៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ១៣៣-១៣៤ ស្ថិតនៅក្នុងឃុំវាលពុក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ រវាងរថយន្តដឹកកម្មករ និងរថយន្តដឹកទំនិញធុនធំ បណ្តាលឲ្យរងរបួសកម្មការនីចំនួនជាង១០នាក់។

បើតាមលោកឧត្តមសេនីយ៍ស្នងការខេត្តកំពង់ស្ពឺគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តដឹកទំនិញធុនធំ បានបើកកៀររថយន្តដឹកកម្មករ។ បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍ហើយ អ្នកបើករថយន្តបង្កបានទុករថយន្តចោល ហើយរត់គេចខ្លួនបាត់ ខណៈកម្មការិនីរងរបួសត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ជាមួយគ្នាក៏សូមអំពាវនាវដល់កម្មករ ដែលជិះលើរថយន្តត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ដោយមិនត្រូវដាក់ដៃចេញមកក្រៅរថយន្តនោះឡើយ ជៀសវាងមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដូចករណីខាងលើនេះ ដែលបណ្តាលឲ្យបាត់បង់ដៃរបស់ខ្លួន ដោយសារការធ្វេសប្រហែសនេះ៕