(ភ្នំពេញ)៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបទីតាំងផលិតគ្រឿងញៀនមួយកន្លែង រកឃើញសារធាតុញៀន២០០គីឡូក្រាម និងម្សៅសង្ស័យសារធាតុញៀន៥៨៧គីឡូក្រាម។ នេះបើយោងតាមរបាយការណ៍ដែល Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ។

របាយការណ៍នេះបានបញ្ជាក់ថា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៣៖៥០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយសមត្ថកិច្ចចម្រុះនៅខណ្ឌសែនសុខ ដឹកនាំសម្របសម្រួលពីលោក សេង គឹមឡាំង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឆែកឆេរទីតាំងកែច្នៃគ្រឿងញៀន ផ្ទះជួលលេខ ២៨៥AE0 ផ្លូវលេខ៣៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លទ្ធផលរកឃើញរួមមាន៖ សារធាតុញៀនប្រភេទ ពីរ៉ូវ៉ាឡេរ៉ូន ទម្ងន់២០០.២គីឡូក្រាម ដែលជាសារធាតុញៀន នៅក្នុងតារាងទី៣ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដែលជាប្រភេទគ្រឿងញៀនថ្មី ទើបមាននៅកម្ពុជា, ម្សៅសង្ស័យសារធាតុញៀនគីមីផ្សំ ៥៨៧.៥គីឡូក្រាម និងម៉ាស៉ីនកែច្នៃចំនួន ១ឈុត៕