(ភ្នំពេញ)៖ នៅរសៀលម៉ោង២ថ្ងៃទី៤ ខែមេសា ស្អែកនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ នឹងដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យលើសំណើសុំអនុគ្រោះទោស របស់គណៈកម្មការរាជធានីខេត្ត (ពន្ធនាគាររាជធានី-ខេត្ត ចំនួន ១៨ និងមណ្ឌលអប់រំកែប្រែចំនួន០៤) ដែលបានស្នើក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ២០១៩នេះ លើបញ្ជីទណ្ឌិត ដែលស្នើអនុគ្រោះទោសសរុប ៤៦០រូប (ស្រី ៤៩រូប)។ នេះបើតាមលោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា ក៏មានការលើកលែងទោស​ និងបន្ធូរបន្ថយទោសដល់ទណ្ឌិត ៣ដងក្នុង១ឆ្នាំៗ ដែលរួមមានបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ បុណ្យពិសាខបូជា និងបុណ្យចូលឆ្នាំដើម។ ទោះជាយ៉ាងណា ពន្ធនាគារកម្ពុជាពេលនេះ កំពុងតែប្រឈមនឹងការតឹងណែនចង្អៀត ដោយសារតែមានអ្នកទោសកើនឡើងកាន់តែច្រើន។

កាលពីដើមខែមីនា ឆ្នាំ២០១៩កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្គាប់ឱ្យក្រសួងយុត្តិធម៌ និងក្រសួងកិច្ចការនារី ពិនិត្យលើការលើកលែងទោស ធ្វើយ៉ាងណាសម្រួលដល់ស្រ្តីមួយចំនួន ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «សូមឱ្យក្រសួងយុត្តិធម៌ និងក្រសួងកិច្ចការនារី ពិភាក្សាជាមួយគ្នាដើម្បីពិនិត្យមើល អ្នកដែលជាប់ទោសជាស្រ្តី នរណាខ្លះដែលត្រូវទទួលការលើកលែងទោស​ នេះគឺជាគោលដៅទី១ ឯគោលដៅទី២ គឺសម្រាប់ស្រ្តីដែលជាពិរុទ្ធជន មិនទាន់ទទួលបានការកាត់ទោសដោយសារតេខ្វះមេធាវី ដូច្នេះយើងត្រូវតែជំរុញប្រើប្រាស់ឱ្យអស់សក្តានុពល»