(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះ បានប្រកាសគាំទ្រចំពោះចំណាត់ការផ្លូវច្បាប់របស់សមត្ថកិច្ច និងតុលាការចំពោះបុគ្គល ផែង វណ្ណៈ ដែលមានក្របខណ្ឌជាយោធិន (ថ្នាក់វរសេនីយ៍ទោ អត្តលេខ 165747) ប៉ុន្តែយកបណ្តាញសង្គម Facebook ធ្វើជាមូលដ្ឋានវាយប្រហារគេឯងតាមអំពើចិត្ត។

ចំណាប់អារម្មណ៍របស់ អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើឡើងបន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃាត់ខ្លួនលោក ផែង វណ្ណៈ អ្នកលេង Facebook នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះ តាមបណ្តឹងរបស់មេធាវីសម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងការបង្ហោះសារនៅលើ Facebook ធ្វើឱ្យសាធារណជន មានការភាន់ច្រឡំទៅលើ សម្តេចតេជោ ចំពោះឃាតកម្មលើលោកបណ្ឌិត កែម ឡី។

នាយឧត្តមសេនីយ៍ ឈុំ សុជាត បានអះអាងថា យោធិនមិនអាចធ្វើអ្វីតាមតែអំពើចិត្តបានទេ ជាពិសេសទង្វើដែលផ្ទុយនឹងច្បាប់ស្តីពីលក្ខន្តិកៈទូទៅរបស់យោធិន។ យោធិនមានច្បាប់គ្រប់គ្រងតឹងរឹងណាស់ ដែលមិនអាចធ្វើអ្វីតាមអំពើចិត្តបាននោះទេ។

សូមបញ្ជាក់ថា រហូតដល់រសៀល ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បាននាំខ្លួន លោក ផែង វណ្ណៈ ទៅដល់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់ ពាក់ព័ន្ធបង្ហោះលើ Facebook នាំឲ្យសាធារណជនយល់ច្រឡំថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ពាក់ព័ន្ធនឹងឃាតកម្មលើលោក កែម ឡី។

ជាមួយគ្នានេះ លោក ផែង វណ្ណៈ ក៏បានរងនូវបណ្តឹងបរិហារកេរ្តិ៍ ដែលប្តឹងដោយ អង្គភាពព័ត៌មាន Fresh News កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ថែមទៀត បន្ទាប់ពីជននេះបានចោទប្រកាន់អង្គភាពព័ត៌មាន Fresh News ដោយមិនមានមូលដ្ឋាន។

នៅក្នុងពាក្យបណ្តឹងនេះ អង្គភាពព័ត៌មាន Fresh News បានស្នើសុំដល់ស្ថាប័នតុលាការចាត់វិធានការតាមផ្លូវច្បាប់ឱ្យម៉ឺងម៉ាត់បំផុត ដើម្បីជួយរកយុត្តិធម៌សម្រាប់ អង្គភាពរងគ្រោះ ពាក់ព័ន្ធនឹងការបរិហាកេរ្តិ៍ជាសាធារណៈនេះ ហើយអង្គភាពព័ត៌មាន Fresh News សូមស្នើសុំទាមទារសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីប៉ះប៉ូវទៅនឹងការខូចខាតកិត្តិយសដ៏ធ្ងន់ធ្ងរនេះ ដែលបង្កឡើងដោយជននេះ ហើយសំណងទាំាំងអស់នឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដោយគ្មានទុកមួយសេនឡើយ៕