(កំពត)៖ ថ្លែងចេញពីខេត្ដកំពត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះ បានលើកឡើងថា ទៅថ្ងៃអនាគត ខេត្តកំពត នឹងត្រូវមានកំពងផែទឹកជ្រៅមួយ សម្រាប់ការដឹកទំនិញចេញ ទៅក្រៅប្រទេស។

ការលើកឡើង របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្ដេច អញ្ជើញសម្ពោធដាក់ ឲ្យដំណើរការជាផ្លូវការ នូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត សាងសង់ឡើងក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន តម្លៃជាង២៦លានដុល្លារសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ការវិនិយោគដើម្បី ធ្វើឲ្យខេត្តកំពតរីកលូតលាស់ កំពត អនាគតនឹងមានកំពង់ផែទឹកជ្រៅ ដែលនឹងផ្ដល់ឱកាសសម្រាប់ ឲ្យការដឹកជញ្ជូនត្រង់ ចុះមកខេត្តកំពតរួចហើយ មានកំពង់ផែទឹកជ្រៅ ដើម្បីនាំទំនិញចេញទៅក្រៅប្រទេស ព្រោះនេះ ជាបញ្ហាសេដ្ឋកិច្ច វាមិនមែនគ្រាន់តែត្រូវការ កំពង់ផែមួយនៅក្រុងព្រះសីហនុទេ វាត្រូវការកំពង់ផែច្រើន»

ជាមួយគ្នានោះ សម្ដេចតេជោ បានគូសបញ្ជាក់ថា ខេត្តកំពត មានតួនាទីសំខាន់មួយ ក្នុងការដឹកជញ្ជូនតភ្ជាប់ ចេញទៅប្រទេសក្រៅ ដោយតាមព្រំដែនគោក គឺតភ្ជាប់ជារបៀងមាត់សមុទ្រ តភ្ជាប់ពីប្រទេសវៀតណាម មកឆ្លងកាត់ខេត្តកំពត ឆ្លងកាត់ខេត្តព្រះសីហនុ និងឆ្លងកាត់ខេត្តកោះកុង តាមផ្លូវជាតិលេខ៤៨ ទៅខេត្តត្រាត របស់ប្រទេសថៃ។ សម្ដេចថា «នេះជារបៀងមាត់សមុទ្រ ដែលយើងត្រូវតភ្ជាប់»

នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្ថែមទៀតថា «ប៉ុន្ដែការតភ្ជាប់ ជាមួយប្រទេសជិតខាង វាធ្វើទៅបាន ទាល់តែយើងតភ្ជាប់ផ្ទៃក្នុងខ្លួនឯង ឲ្យបានរួចរាល់ជាមុនសិន»។ សម្តេចតេជោ ក៏បានថ្លែងថា ការអភិវឌ្ឍខេត្តកំពត គឺផ្តើមចេញពីការ រកបាននូវសុខសន្តិភាព និងការដាកចេញនូវយុទ្ធសាស្ត្រដឹកនាំដ៏ត្រឹមត្រូវ៕