(កំពត)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានចំពោះក្រុមប្រឆាំងមួយចំនួន ដែលបាន ចោទប្រកាន់លើរាជរដ្ឋាភិបាលកម្ពុជាថា ធ្វើឱ្យដាច់ភ្លើងដើម្បីជាលេសមួយ បង្កើតវារីអគ្គិសនី។ សម្តេចចាត់ទុកថា ការចោទប្រកាន់ដោយទុច្ចរិត គឺជាការមួលបង្កាច់ដោយមិនសមទំនង។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងឱកាសដេល សម្តេចបានអញ្ជើញសម្ពោធដាក់ ឱ្យដំណើរការជាផ្លូវការ នូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត សាងសង់ឡើងក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុនតម្លៃជាង ២៦លានដុល្លារសហរដ្ឋអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «វាទៅវិភាគថា លោក ហ៊ុន ធ្វើឱ្យដាច់ភ្លើងដើម្បីយកលេសបង្កើតវារីអគ្គិសនី ចុះបើហ្អែងវិភាគអញ្ចឹងៗ ហ្អែងមិនខ្លាចរន្ទះបាញ់ទេអី? គេកំពុងតែដោះស្រាយបញ្ហាភ្លើង ហ្អែកទៅជាថា លោក ហ៊ុន សែន ធ្វើឱ្យដាច់ភ្លើងដើម្បីបង្កើតលេសធ្វើវារីអគ្គិសនីថ្មី ប្រយ័ត្នរន្ទះបាញ់ណា អ្នកឯងនិយាយខុសទំនង ឥឡូវរន្ទះអាក្រក់អាក្រីណាស់ អ្នកឯងមួលបង្កាច់ ខ្ញុំអត់មានអ្វីនិយាយទេ ភ្នាល់គឺមិនភ្នាល់ ស្បថយកតែម្តង»

សម្តេចបានបន្តថា៖ «ពួកអ្នកឯងមើលមកហ៊ុន សែន ដោយកែវភ្នែកអាក្រក់ប្រយ័ត្នរន្ទៈបាញ់ ខ្ញុំមិនចង់និយាយទេ វាចេញមកវិភាគរបៀបនេះ ឥឡូវអញ្ចឹងបើយើងស្គាល់វា អាផ្ទះហ្នឹងទៅកាត់ភ្លើងតែម្តង ឱ្យហ្អែងដុតចន្លុះ មើលអ្នកវិភាគហ្នឹងវា ចោទយើងថាយើង ធ្វើឱ្យដាច់ភ្លើងហ្នឹង ដើម្បីបង្កើតលេសធ្វើវារីអគ្គិសនី ចង្រៃ ! វាដូចហួសហេតុពេក វាជារឿងអយុត្តិធម៌»

ក្នុងរដូវប្រាំងនៅឆ្នាំ២០១៩នេះ កម្ពុជានឹងជួបគ្រោះក្តីហួតហែងខ្លាំង ជាពិសេសក្នុងអំឡុង ខែមេសា និងឧសភា កម្តៅនឹងហក់ឡើងដល់៤០ ទៅ៤២អង្សា ដោយសារតែការរងដោយប្រយោលនៃឥទ្ធិពល បាតុភូតអែលនីណូ (El Nino) ដែលធ្វើឲ្យវារីអគ្គិសនីមិនអាចផលិតថាមពលបានគ្រប់គ្រាន់។ កម្ពុជាកំពុងខ្វះថាមពលអគ្គិសនី ប្រមាណ៤០០មេហ្កាវ៉ាត់ ហើយកម្ពុជាក៏កំពុងចរចារទិញអគ្គិសនីពីប្រទេសតួកគី ចំនួន២០០មេហ្កាវ៉ាត់ផងដែរ។

ចំពោះកង្វះខាតអគ្គិសនីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋ មានភាពអត់ធ្មត់ និងយោគយល់អធ្យាស្រ័យ។ សម្តេចបានបញ្ជាក់ថា កង្វះថាមពលអគ្គិសនីនេះ មិនទាន់ប៉ះពាល់ដល់សង្វាក់ផលិតកម្មនៅតាមរោងចក្រ សហគ្រាសនៅឡើយទេ ព្រោះកម្ពុជានៅមានថាមពលអគ្គិសនីរហូតដល់ជាង ១,០០០មេហ្គាវ៉ាត់ទៀតឯណោះ។

ក្រុមប្រឆាំងបានបើកយុទ្ធនាការញុះញង់តាមបណ្តាញសង្គម ដោយយកបញ្ហាអគ្គិសនី ទៅភ្ជាប់រឿងនយោបាយ ជាបន្តបន្ទាប់។

នៅក្នុងពិធីសម្ពោធដាក់ ឱ្យដំណើរការជាផ្លូវការ នូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត សម្តេចក៏បានប្រើប្រាស់គ្រៀមភាសាទៅកាន់ក្រុមប្រឆាំងទាំងនោះវិញដែរ។

សម្តេចបានថ្លែងថា៖ «ពួកឯងសម្លឹងមកយើង ឱ្យវាមានឃើញពាក់វែនតា ឱ្យស្មើភាពបន្តិចមើល កុំអាក្រក់ជូរជាតិ ដោយសារពួកហ្អែកអាក្រក់ហ្នឹងហើយទើបពួកហ្អែងវាអញ្ចឹង វាមិនដែលឈ្នះវាតែងតែចាញ់ ហើយចាញ់ហើយបង្កហេតុជាមួយគេហ្នឹង ហើយដល់ពេលគេធ្វើ ទៅជាថាគេផ្តាច់ការ ចុះបើហ្អែងធ្វើអញ្ចឹងមិនចង់ឱ្យគេធ្វើ»

សម្តេចបានបន្តថា គ្រៀមភាសាដែលសម្តេចប្រើសម្រាប់ក្រុមប្រឆាំងពេលនេះ ក៏មិនទាន់ស្មើនូវពាក្យសម្តីធ្ងន់ធ្ងរ របស់លោកប្រធានាធិបតីហ្វីលីពីន ឌុយ តឺទេ ដែលបានជេរ អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ថាជា «កូនសំផឹង» នោះទេ៕