(កំពត)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ នូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតដែលជាជំនួយរបស់រាដ្ឋាភិបាលជប៉ុន វានឹងជួយចូលរួមដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់ជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តកំពត យ៉ាងច្រើនផងដែរ។

នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត សាងសង់ឡើងក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន តម្លៃជាង ២៦លានដុល្លារ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «គម្រោងនៅខេត្តកំពត បានដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ ជាផ្នែកមួយដ៏សំខាន់ដើម្បីដោះស្រាយការលំបាករបស់ប្រជាជននៅក្នុងខេត្តកំពត ដែលមុននេះយើងមានចំនួនតិចតួចប៉ុណ្ណោះ ប៉ុន្តែឥឡូវយើងអាចមានចំនួនច្រើនជាង តែវាមិនទាន់គ្រប់គ្រាន់ទៅនឹងសេចក្តីត្រូវការទេ»

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍បន្តថា ជាមួយនឹងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នូវទឹកប្រាក់ប្រមាណជាង២៦លានដុល្លារនេះ ទឹកស្អាតដែលនឹងត្រូវបានផ្គត់ផ្គង គឺមានចំនួនរហូតដល់ ៧៥០០ម៉ែត្រគីប នៅក្នុងមួយថ្ងៃ ដែលមានបំពងចែកចាយរហូតទៅដល់៨៨គីឡូ ៩០០ម៉ែត្រ ទាំងនេះអាចចាត់ទុកថាជាចំនួនច្រើនជាងពេលមុន ដើម្បីជួយដោះស្រាយបញ្ហាទឹក ជូនដល់ប្រជាពលរដ្ឋនៅខេត្តកំពតនេះតែម្តង ព្រមទាំងមានបច្ចេកទេសមួយទៀត ដែលបានយកមកប្រើប្រាស់នៅកម្ពុជាដំបូង គឺការកប់ទន្លេនៅក្រោមបាទទន្លេ ដែលផ្តល់ភាពងាយស្រួលជាងអតីតកាលក្នុងកិច្ចការបញ្ជូនទឹកស្អាត ដើម្បីប្រើប្រាស់។

សម្រាប់ទទួលបាននូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតពីប្រទេសជប៉ុននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីក្តីរំពឹងទុកថា កម្ពុជាអាចយកបច្ចេកទេសថ្មី របស់ជប៉ុន សម្រាប់ការបង្គប់ទុយោឆ្លងព្រែក ពីម្ខាងទៅម្ខាង នៅខាងក្រោមបាទព្រែករហូតដល់១៥ម៉ែត្រ នៅបាទព្រែកផងដែរ។ ដូច្នេះ វាមិនមានការចាំបាច់ប្រើប្រាស់ស្ពានឆ្លងពីត្រើយម្ខាង ទៅត្រើយម្ខាង ដើម្បីទ្រទុយោទឹក ដូចពីមុនទៀតនោះទេ បន្ទាប់ពីទទួលបាន នូវបច្ចេកវិទ្យាថ្មីលើប្រព័ន្ធទឹកស្អាតមួយនេះ វានឹងបានចូលរួមចំណែកយ៉ាងខ្លាំង ដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលដែលរស់នៅក្នុងខេត្តកំពតនេះតែម្តង។

ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកឡើងថា កន្លែងសាងសង់ប្រព័ន្ធគ្រប់គ្រងទឹកស្អាតនៅពេលនេះ ស្ថិតមិនឆ្ងាយពីទីតាំងដែលជប៉ុន ធ្វើព្រលានយន្តហោះដើម្បីប្រើប្រាស់ពីអតីតកាល បម្រើដល់ការគ្រប់គ្រងកម្ពុជានោះទេ តែការឈរជើងរបស់ជប៉ុនពីអតីតកាល ខុសពេលបច្ចុប្បន្ន។ សម្តេចតេជោ ក៏បានរំលឹកពីជោគជ័យ នៃយុទ្ធសាស្ត្រចំនួនពីររបស់សម្តេចដែលនាំឱ្យខេត្តកំពត ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ៕