(បន្ទាយមានជ័យ)៖ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ លោក កៅ ថាច បានអះអាងថា នឹងផ្ដល់ឥណទានក្នុងអត្រាការប្រាក់អនុគ្រោះបំផុត ដល់សិប្បករផលិតសូត្រនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ប្រសិនបើពួកគាត់រួមគ្នាចងក្រងសហគមន៍ផលិតសូត្រស្រុកភ្នំស្រុក ដើម្បីបន្តការងារកេរតំណែលពីដូនតានេះឡើងវិញ។

មូលដ្ឋានស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាកន្លែងបន្សល់កេរតំណែលខាងផលិតសូត្រពីដូនតា ប៉ុន្តែមួយរយៈកាលក្រោយនេះ នៅសល់គ្រួសារតិចតួចណាស់ ដែលនៅប្រកបមុខរបរផលិតសូត្រនេះ។

អាស្រ័យហេតុនេះហើយ ទើបនារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទរូបនេះ បានចូលរួមប្រជុំជាមួយសិប្បករផលិតសូត្រ ដើម្បីពិភាក្សារកមូលហេតុដែលធ្វើឲ្យសិប្បករបោះបង់មុខរបរនេះ និងស្វែងរកដំណោះស្រាយលើបញ្ហានេះ។

លោក កៅ ថាច បានលើកទឹកចឹត្តឲ្យសិប្បករចងក្រងជាសហគមន៍អ្នកផលិតសូត្រឡើងវិញ ដោយធនាគារអភិវឌ្ឍន៍ជនបទ នឹងធានាជួយខាងផ្នែកឥណទានដោយអត្រាការប្រាក់អនុគ្រោះបំផុត ដើម្បីជាប្រយោជន៍ និងបង្កើតការងារដល់សិប្បករក្នុងមូលដ្ឋាន និងជៀសវាងការចំណាក់ស្រុកទៅក្រៅប្រទេស។

លោកជួយរកអ្នកបច្ចេកទេសឲ្យជួយបង្រៀន ឬបញ្ជូនកសិករស្មគ្រចិត្តឲ្យយទៅរៀនជាមួយអ្នកបច្ចេកទេស ដើម្បីយកមកបង្រៀនបន្តដល់សិប្បករផ្សេងទៀត។

បន្ទាប់ពីកិច្ចពិភាក្សានេះ សិប្បករផលិតសូត្របានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់លោក កៅ ថាច ដោយឡែកចំពោះសំណើររបស់លោក កៅ ថាច សិប្បករសុំយកទៅពិចារណាសិន ហើយនឹងធ្វើការឆ្លើយតបវិញឆាប់ៗនេះ៕