(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាបើនិយាយពីប្រពៃណីបុណ្យឆេងម៉េង ដែលខ្មែរហៅថា «បុណ្យប្រក់ផ្នូរ ឬសែនផ្នូរ» របស់ជនជាតិចិន ឬខ្មែរកាត់ចិន ដូចយើងឃើញនេះគឺជាពិធីបុណ្យដើម្បីរំឭកដឹងគុណជីដូនជីតា បុព្វការីជនទំាងទ្បាយដែលបានចែកឋានទៅនឹងសូមឲ្យពួកគាត់តាមថែរក្សាផងដែរ។ 

ចំពោះការប្រក់ផ្នូរប្រៀបបានទៅនឹងក្បឿងប្រក់ដំបូលផ្ទះ ហើយក្រដាសគ្រប់ពណ៌ដែលបិទលើផ្នូរ តំណាងឲ្យការរកស៊ីមានបាននិងភាពត្រជាក់ត្រជុំ។ មានន័យថា ចំពោះពិធីបុណ្យនេះ មិនត្រឹមតែជាការរំឭកដល់ជីដូនជីតាប៉ុណ្ណោះទេ ថែមទំាងជាការទទួលស្គាល់ខ្លួនឯងជាកូនចៅ ជីដូនជីតាជនជាតិចិនផងដែរ។

ចំពោះប្រវត្ដិពិធីបុណ្យឆេងម៉េងនេះ គឺមានទំនាក់ទំនងទៅនឹងអាកាសធាតុរវាងដើមខែនិទាឃរដូវផ្ការីក និងចុងខែនិទាឃរដូវរងា តំាងពីសម័យរាជវង្សចូវ Zhou ប្រមាណ២៥០០ឆ្នាំមកម្ល៉េះ។ ដោយហេតុថា នៅក្នុងពិធីបុណ្យនេះជារដូវដែលប្រជាកសិករបានប្រមូលផលស្រែចម្ការបានរួចរាល់ ហើយអាកាសធាតុរៀងរាល់ខែ៤ នៅថ្ងៃទី៤-៥នៃឆ្នាំនីមួយៗនេះទៀតសោត តាមភូគសាស្រ្ដមានកម្រិត១៥អង្សាប៉ុណ្ណោះ។ បានសេចក្ដីថា ចំពោះពិធីបុណ្យនេះ គឺជាប់ទាក់ទងអាកាសធាតុ និងការប្រមូលនូវភោគផលនេះឯង។

លោក រត្ន័ សណ្ដាប់ បន្ដថា ជាក់ស្ដែងមកដល់សម័យស៊ីហាន់ Xi han រវាងឆ្នាំ២០៦ មុនគ.ស. មានការកត់ត្រាអំពីការសែនផ្នូរ ដោយទាក់ទងនិងអាហារត្រជាក់ចំពោះធម្មជាតិ ហៅថា «ចាស់ទទួលយកថ្មី» ជានិមិត្ដសញ្ញានៃរដូវថ្មី ជីវិតថ្មី ផ្ដើមនូវអ្វីៗថ្មី។ ដោយក្នុងនោះក៏មានអត្ថបទកំណាព្យបញ្ជាក់ពីរដូវឆេងម៉េង ក្រោយរដូវផ្ការីក១៥ថ្ងៃ គឺនឹងមានខ្យល់បក់បោកយ៉ាងត្រជាក់ ស្រស់ស្រាយដោយហៅជំនោរឆេងម៉េង-Qing Ming Feng យ៉ាងដូច្នេះថា «ពេលនោះមានព្រិលទឹកកករលាយ ស្មៅដុះខៀវខ្ចី ធាតុអាកាសភ្លឺស្រទ្បៈ រុក្ខជាតិដុះដាលយ៉ាងបំព្រង រំយោងផ្កាបក់បោកដូចសរសៃសូត្រ ឆេងម៉េងថ្ងៃល្អ ដើមឈើសប្បាយ ទឹកភ្លៀងធ្លាក់ ដើមស្មៅស្រទន់»។

បើដូច្នេះបើតាមប្រពៃណីចិនពិធីបុណ្យឆេងម៉េងនេះ នៅពេលសែនផ្នូរកូនចៅ ត្រូវរៀបចំនូវម្ហូបអាហារ ផ្លែឈើ ស្រា ក្រដាសសែនទៅកាន់ផ្នូរ។ ពេលចាប់ផ្ដើមត្រូវយក ក្រដាសសែនដុត ហើយកាច់មែកឈើខៀវខ្ចីពីរបីមែកដោតលើផ្នូរ ដោយថ្វាយបង្គំ បន្ទាប់មកនំាគ្នាទទួលទានអាហារយ៉ាងសប្បាយរីករាយទើបត្រទ្បប់មកផ្ទះវិញ៕