(ភ្នំពេញ)៖ នៅទីបំផុត! បុរសម្នាក់ដែលបើករថយន្ដបុករះបណ្ដាលឲ្យស្លាប់មនុស្ស ៣នាក់ និងរបួសជាច្រើននាក់ នៅក្រោយអធិការដ្ឋាននគរបាលខណ្ឌទួលគោក កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នោះ ត្រូវបានលោក យ៉ិន សារឿន ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួននាថ្ងៃទី៣១ ខែមីនានេះ។

លោក ប៉ែន ឃុន នាយករងការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា គិតមកដល់ថ្ងៃទី៣០ ខែមីនា ជនរងគ្រោះដែលស្ថិតក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ មានអ្នកស្លាប់កើនដល់៣នាក់ និងរបួសធ្ងន់៦នាក់ផ្សេងទៀត។

លោកបានបន្តថា អ្នកបើករថយន្តរូបនេះ ក្រោយធ្វើតេស្តទឹកនោម ឃើញថា មានសារធាតុញៀនផងដែរ។

សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅចំណុចមុខផ្ទះលេខ១២ ផ្លូវលេខ៣២៤ ក្រុមទី១៣ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលបង្កដោយរថយន្ដមួយគ្រឿង ម៉ាក Lexus RX300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AN-2395 បើកបរដោយឈ្មោះ ទឹម គឹមទិច អាយុ៣៣ឆ្នាំ។

មុនពេលកើតហេតុ គេឃើញរថយន្ដបង្កបើកបរក្នុងទិសដៅពីជើងទៅត្បូង តាមបណ្ដោយផ្លូវលេខ៣២៤ លុះដល់កន្លែងកើតហេតុ ស្រាប់តែជ្រុលចង្កូតរថយន្ដបុកមនុស្សកំពុង អង្គុយមុខផ្ទះលេខ១២ ដែលកំពុងផឹកស៊ី និងរាំច្រៀងក្នុងពិធីបុណ្យឡើងអ្នកតា បណ្តាលឲ្យស្លាប់ចំនួន០៣នាក់ (កន្លែងកើតហេតុម្នាក់ បញ្ជូនទៅដល់មន្ទីរពេទ្យ២នាក់) និងរងរបួសធ្ងន់ចំនួន៦នាក់។

បើតាមអធិការនគរបាលខណ្ឌទួលគោក លោក សុខ ហេង មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ដោយសារតែអ្នកបើកបរក្នុងស្ថានភាពស្រវឹង និងក្នុងល្បឿនយ៉ាងលឿន៕