(ស៊ីអាន​,ចិន​)៖ លោក​ ហោ​ មុន្នីរ័ត្ន​ រដ្ឋលេខាធិការក្រសួងទេសចរណ៍​ តំណាងលោករដ្ឋមន្ត្រី ថោង​ ខុន​ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍​ សិល្បករ​នៃក្រសួងវប្បធម៌ ​និងវិចិត្រសិល្បៈចំនួន ១៣រូប​ និងផ្នែកឯកជន​ ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ​ Xi’an Silk Road International Tourism Expo 2019​ នៅទីក្រុងស៊ីអាន​ សាធារណរដ្ឋប្រជាមានិតចិន​។

ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩-៣១​ ខែមីនា​ ឆ្នាំ២០១៩​ ដែលមានស្តង់ចូលរួមសរុបចំនួន​ ២០០ស្តង់​ Buyer ចំនួន៥០០នាក់ (អន្តរជាតិចំនួន​ ២០០នាក់​ និងក្នុងស្រុកចំនួន៣០០នាក់)។​

កម្ពុជាក៏បានទទួលធ្វេីជាប្រទេស​កិត្តិយស​ Guest Country of Honor ក្នុងព្រឹត្តិការណ៍ខាងលេីនេះផងដែរ។

ក្នុងព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិ Xian International Tourism Expo នេះពន្លាក្រសួងទេសចរណ៍កម្ពុជា មានការចូលរួមពីផ្នែកឯកជនមួយចំនួន រួមមាន៖ ក្រុមហ៊ុន Naga World សណ្ឋាគារ​ Sokha សណ្ឋាគារ​ Dara Hotel សណ្ឋាគារ​ Rosewood ក្រុមហ៊ុន Cambodia Airways ក្រុមហ៊ុន​ Angkor Zip Line​។

ក្នុងឱកាសនោះ ក្រសួងទេសចរណ៍ ក៏បានរៀបចំនូវកម្មវិធី​ផ្សព្វផ្យាយបង្ហាញផ្លូវទេសចរណ៍កម្ពុជា ​Cambodia Tourism Roadshow នៅថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ២០១៩​ នៅសណ្ឋាគារ ​Crowne Plaza Hotel ដែលមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃខេត្តស៊ានស៊ី​ មជ្ឈមណ្ឌលអាស៊ាន-​ចិន កុងស៊ុលខ្មែរប្រចាំនៅទីក្រុងស៊ីអាន​ សារព័ត៌មាន​ និងអ្នកទិញ​​ជាតិ-អន្តរជាតិសរុបជាង​ ៣០០នាក់​ ដេីម្បីសំដៅជំរុញផ្សព្វផ្សាយសក្កានុពលទេសចរណ៍កម្ពុជា ពិសេសជំរុញយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ» និងផ្សព្វផ្សាយវេទិកាទេសចរណ៍អាស៊ាន (ATF2021) ដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ និងទាក់ទាញប្រតិបត្តិករទេសចរណ៍ វិនិយោគគិន និងភ្ញៀវទេសចរចិនចូលមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនឡើង​ ជាពិសេសផ្សព្វផ្សាយឆ្នាំទេសចរណ៍រួមគ្នា​កម្ពុជា-ចិន Tourism Year 2019 ផងដែរ។

គួរកត់សម្គាល់ផងដែរថា កាលពីឆ្នាំ២០១៨ កន្លងទៅនេះ កម្ពុជាទទួលបានទេសចរអន្តរជាតិសរុបចំនួន ៦.២លាននាក់​ កេីនបាន​ជិត ១១%​ ហេីយក្នុងនោះ​ភ្ញៀវទេសចរចិនប្រមាណ ២លាននាក់ ក្នុងកំណើនប្រមាណ ៦៧.២% ឈរក្នុងលំដាប់លេខ១។

តាមការព្យាករណ៍ ក្នុងឆ្នាំ២០១៩នេះ​ កម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦.៦លាននាក់​ ហេីយទេសចរចិន ២.៦លាននាក់​ ហេីយនៅឆ្នាំ២០២០ កម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន​៧លាននាក់​ ហេីយទេសចរចិន ៣លាននាក់៕