(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះ បានចេញដីកាឃុំខ្លួនបុរសម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ករណីបង្ហោះព័ត៌មានមិនពិត ធ្វើឲ្យប៉ះពាល់ដល់ រាជរដ្ឋាភិបាល។ នេះបើយោងតាមដីការបស់លោក យ៉ិន សារឿន ចៅក្រោមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ។

នៅក្នុងដីការបស់តុលាការ ជនជាប់ចោទត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពីបទ «ការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។

សូមបញ្ជាក់ថា កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៦ ខែមីនា បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ និងនគរបាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនលេខ០៩៨ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ចេញដោយលោក កែវ សុធា ព្រះរាជអាជ្ញអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនបុរសម្នាក់ឈ្មោះ វឿន គឹមលន់ អាយុ២៤ឆ្នាំ រស់នៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

ជនសង្ស័យរូបនេះ បានប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានមិនពិត តាមបណ្តាញសង្គមហ្វេសប៊ុក និងបណ្ដាញសង្គមយូធូប ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងមកលើរាជរដ្ឋាភិបាល និងក្នុងគោលបំណងទាក់ទាញការចូលចិត្ត (Like) ចែករំលែក (Share) និងការទស្សនាវីដេអូឲ្យបានច្រើន ដើម្បីខ្លួនបានចំណូលពីបណ្ដាញសង្គមទាំងអស់នេះ៕