(កណ្តាល)៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិប្រចាំស្រុកមុខកំពូល ខេត្តកណ្តាល បានអញ្ជើញក្នុងពិធីបុណ្យឆ្លងព្រះវិហារ និងសមិទ្ធផលនានានៅក្នុងពុទ្ធសីមាវត្តវេឡុវនារាម ហៅវត្តស្វាយអំពារ ស្ថិតនៅក្នុងឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។

គួរបញ្ជាក់ដែរថា វត្តវេឡុវនារាម ហៅវត្តស្វាយអំពារ ត្រូវបានកសាងឡើងនៅក្នុងឆ្នាំ១៨៦៧ ដែលគិតមកទល់នឹងពេលនេះ មានអាយុកាលជាង ១៥២ឆ្នាំមកហើយ និងបានឆ្លងកាត់ការដឹកនាំរបស់ព្រះចៅអធិការចំនួន ០៦ អង្គ។

នៅក្នុងឆ្នាំ២០១៥ ដោយមើលឃើញពីសំណង់ព្រះវិហារ ដែលសភាពទ្រុឌទ្រោមខ្លាំង ព្រះចៅអធិការវត្ត និងគណៈកម្មការអាវត្ត ព្រមទាំងពុទ្ធបរិស័ពចំណុះជើងវត្ត បានរុះរើធ្វើព្រះវិហារថ្មី និងបានកសាង នូវសមិទ្ធផលជាច្រើនទៀត ដូចជា៖ របង ក្លោងទ្វា កុដិ និងការចាក់សាបនៅក្នុងធ្លាវត្ត ដោយចំណាយអស់ទឹកប្រាក់ប្រមាណជិត ២៥ ម៉ឺនដុល្លារអាមេរិក។

លោក វង្សី វិស្សុត បានបន្តថា ការរីកចម្រើននៅក្នុងទីអារាមនេះ ក៏ដូចជានៅក្នុងទីអារាមនានានៅទូទាំងប្រទេស គឺជាការសបញ្ជាក់ឱ្យឃើញថា ប្រទេសជាតិរបស់យើងកាន់តែរីកចម្រើន ហើយសេដ្ឋកិច្ចជាតិយើងក៏កាន់តែលូតលាស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋកាន់ តែមានជីវភាពធូរធា។

រាជរដ្ឋាភិបាលបានកសាងនូវសមិទ្ធផលជាច្រើនជូនប្រទេសជាតិ និងប្រជាជន។ ដោយឡែក នៅក្នុងស្រុកមុខកំពូលរបស់យើងនិយាយជារួម និងដោយឡែក នៅក្នុងឃុំស្វាយអំពាររបស់យើង ក៏ទទួលបាននូវសមិទ្ធផលជាច្រើនផងដែរ ដូចជាផ្លូវ និងប្រឡាយទឹកជាដើម។ល។

សមទិ្ធផលទាំងនេះ បាននិងកំពុងប្រែក្លាយមុខមាត់របស់ឃុំស្វាយអំពាររបស់យើងទាំងមូល។ ជាក់ស្តែង ការស្ថាបនាផ្លូវបានជួយធ្វើឱ្យឃុំស្វាយអំពាររបស់យើង មានការតភ្ជាប់កាន់តែប្រសើរ ជាពិសេសការតភ្ជាប់ឃុំស្វាយអំពារជាមួយនឹងរាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរ លោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមបញ្ចូនកូនចៅទៅសិក្សារៀនសូត្រឱ្យបានគ្រប់ៗគ្នា ដើម្បីម្យ៉ាងធ្វើឱ្យកូនចៅបងប្អូនអាចទទួលបានការងារធ្វើល្អ, មានប្រាក់ចំណូល និងមានជីវភាពធូរធារនៅថ្ងៃអនាគត និងម្យ៉ាងទៀត ដើម្បីធ្វើប្រទេសជាតិរបស់យើងកាន់តែរីកចម្រើន។

លោកក៏បានផ្តល់ការណែនាំដល់អាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ក្នុងបញ្ហាបរិស្ថាន និងការរក្សាការពារឱ្យបាននូវទ្រព្យសម្បត្តិរបស់រដ្ឋគ្រប់ប្រភេទ ព្រមទាំងលុបបំបាត់នូវសកម្មភាពអសកម្មផ្សេងៗនៅក្នុងមូលដ្ឋាន ដូចជាការប្រើប្រាស់ និងជួញដូរគ្រឿងញឿន។

នៅក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត រួមនឹងក្រុមការងារអមដំណើរ បានប្រគេននូវបច្ច័យ ១ ម៉ឺនដុល្លារអាមេរិកដល់ព្រះចៅអធិការ ដើម្បីទូទាត់ថ្លៃជំពាក់ថ្លៃជាង៕