(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារចុះជួយស្រុកពារាំង និងលោកស្រី សែម សម្ភស្ស នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ បានចូលរួមពិធីបុណ្យខួប ១១ឆ្នាំ ប្រគេនចំពោះព្រះគ្រូអគ្គវិរោ រស់ ហូ អតីតចៅអធិការវត្តព្រៃស្នៀត និងសមណសង្ឃគ្រប់ជំនាន់ និងសម្ពោធសមិទ្ធផលនានាក្នុងវត្តព្រៃស្នៀត ស្ថិតក្នុងភូមិព្រៃស្នៀតខាងជើង ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។

ក្នុងឱកាសនោះ លោកបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងជាពិសេសសម្តេចក្រហោម ស ខេង ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង។

លោកបានជម្រាបជូនប្រជាពលរដ្ឋអំពីការរីកចម្រើនលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជាជាប្រមុខ។

នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានក្រើនរំលឹកឲ្យកងកម្លាំង និងប្រជាពលរដ្ឋចូលរួមអនុវត្តភូមិ ឃុំមានសុវត្ថិភាព នឹងសូមឲ្យយុវជន យុវតី ជៀសឲ្យឆ្ងាយពីគ្រឿងញៀនផងដែរ។

ក្នុងឱកាសនោះ លោកបានពាំនាំនូវថវិកា កន្សែង សៀវភៅ ប៉ិច មី ទឹកសុទ្ធ ត្រីខជូនប្រជាពលរដ្ឋ លោកតា លោកយាយជី គ្រូពេទ្យ គ្រូបង្រៀន មន្រ្តីរាជការ កម្លាំងការពារ យុវជនកាយរឹទ្ធ យុវជន ស.ស.យ.ក យុវជនកាកបាទក្រហមសរុបប្រមាណជា ១០១១នាក់ ផងដែរ។

បានពានាំនូវអំណោយរបស់សម្តេចក្រឡាហោម ស ខេង ហើយជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តល់នូវផ្លូវក្រាលខ្សាច់ភ្នំ ស្ថិតក្នុងឃុំព្រៃស្នៀតប្រវែង ៥០០០ម៉ែត្រ ជូនប្រជាពលរដ្ឋតាមការស្នើសុំផងដែរ។

ហើយក៏បានផ្តល់ស៊ីម៉ង់ដ៍ដែលជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកស្រីចំនួន ៥០តោន ដែលត្រូវបែងចែកដូចខាងក្រោម៖ វត្តព្រៃស្នៀត ២២តោន វត្តមេលោង ២២តោន ប្រជាពលរដ្ឋឆេះផ្ទះចំនួនពីរគ្រួសារ ក្នុងមួយគ្រួសារទទួលបាន ៣តោន ផងដែរ៕