(ភ្នំពេញ)៖ ក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ បានបើកដំណើរការសាងសង់ អាគារពិព័រណ៌អន្តរជាតិជ្រោយចង្វា ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ដែលជាសំណង់អាគារសាធារណៈធំទី២ បន្ទាប់ពីសាលពិព័រណ៌កោះពេជ្រ ដែលវិនិយោគដោយក្រុមហ៊ុន OCIC។

ពិធីក្រុងពាលីជានិមិត្តរូបសុំម្ចាស់ទឹកម្ចាស់ដី តាមប្រពៃណីទំនៀមទំលាប់ ដើម្បីបានសេចក្តីសុខចំរុងចំរើន ក្នុងដំណើរការសាងសង់អាគារសាលពិព័រណ៍ អន្តរជាតិនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៣១ ខែមីនានេះ ដោយមានការអញ្ជើញចូលរួមពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី, អ្នកឧកញ៉ា ពង់ ឃាវសែ នាយកក្រុមហ៊ុន OCIC ។

តាមការគូសបញ្ជាក់ពីតំណាងក្រុមហ៊ុន OCIC បានឲ្យដឹងថា សំណង់អាគារពិព័រណ៌អន្តរជាតិនេះ សាងសង់លើផ្ទៃដីសរុប២៦,៧៧៤,៣៨ម៉ែត្រការ៉េ ដោយបានបែងចែកអគារជា៣ផ្នែកធំៗរួមមាន៖ អគារសំរាប់ពិព័រណ៌, ឃ្លាំង និងផ្ទះបាយនៅខាងក្រោយអគារពិព័រណ៌ និងចំណតរថយន្តក្រោមដី ដែលអាចឲ្យយានយន្តចតបាន១៩៨កន្លែង។

តំណាងក្រុមហ៊ុនឲ្យដឹងទៀតថា ជុំវិញអគារត្រូវបានបំពាក់ទៅដោយកញ្ចក់ ជាបច្ចេកវិទ្យាថ្មី ដែលអាចកាត់បន្ថយកំដៅ និងសំឡេងបានល្អ រួមទាំងការបាញ់បំភ្លឺដោយភ្លើង 3D ជំវិញអគារ ដើម្បីលើកកំពស់សោភណ្ឌភាពផងដែរ។

តំណាងដដែលរូបនេះ បញ្ជាក់ទៀតថា ចំពោះរយៈពេលនៃការសាងសង់តួអគារទាំងមូល មានរយៈពេលសរុប១៤ខែ គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ដែលត្រូវចំណាយថវិកាប្រមាណ១៦ លានដុល្លាអាមេរិក។ នេះជាសមិទ្ធផលថ្មីមួយទៀត ដែលបានកើតឡើងនៅក្នុងរាជធានីភ្នំពេញ នៅពេលដែលកំណើនប្រជាពលរដ្ឋ ក្នុងទីក្រុងក៏កើនឡើង ឯតម្រូវការហេដ្ឋារចនាសម្ពន្ធ័គ្រប់ប្រភេទ ក៏ដូចជាអគារសាធារណៈផ្សេងៗ ក៏មានការកើនឡើង ហើយវិនិយោគទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជាភ្ញៀវទេសចរ ក៏មានការកើនឡើងឥតឈប់ឈរ ក្នុងបរិបទដែលកម្ពុជា មានសុខសន្តិភាព មានស្ថេរភាពនយោបាយដ៏ពេញលេញ៕