(ត្បូងឃ្មុំ)៖ យុវជនជាជាងផ្សារដែកម្នាក់ បានខ្ចីកាំភ្លើងខ្លីរបស់មិត្តភក្តិទុកជាប់នឹងខ្លួនទៅលេងស្រុកកំណើត ហើយបានបាញ់១គ្រាប់លេងបង្កឱ្យមានការភ្ញាក់ផ្អើល ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនមានឈ្មោះហេង សុភា ហៅអ៊ួក អាយុ២៤ឆ្នាំ មុខរបរជាងផ្សារដែកនៅផ្សារចម្ការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងមានលំនៅក្នុងភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មិនដឹងជាមានបញ្ហាអ្វី ក៏ស្រាប់តែជនសង្ស័យឈ្មោះ ហេង សុភា ហៅអ៊ួក ដែលជាជាងផ្សារដែកសោះ មិនដឹងជាបានកាំភ្លើងខ្លីមកពីណា ក៏ស្រាប់តែដកបាញ់១គ្រាប់បង្កឱ្យមានការភ្ញាក់ផ្អើលឡើងទាំងយប់។

ប្រភពបន្តថា លុះនៅថ្ងៃបន្ទាប់នៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជប់ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ នាំយកមកសាកសួរ ដោយដកហូតវត្ថុតាង អាវុធខ្លី១ដើម ម៉ាកឡុក លេខS2022 ផលិតនៅប្រទេសទួរគី បង់១ គ្រាប់ចំនួន៣គ្រាប់។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា អាវុធនេះខ្លួនបានខ្ចីពីមិត្តភក្តិ ដែលជាជាងដែកដូចគ្នា និងទើបស្គាល់គ្នាបាន ៤ខែ យកមកលេងស្រុក។ លុះមកដល់វេលាម៉ោង៨យប់ ថ្ងៃទី២៧ ខែមីនាឆ្នាំ២០១៩ ខ្លួនក៏បាន បាញ់បោះចំនួន១គ្រាប់ នៅចំណុចផ្ទះឪពុកខ្លួន បន្ទាប់មកក៏ត្រូវសមត្ថកិច្ចចុះមកចាប់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕