(ត្បូងឃ្មុំ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋាសភាកម្ពុជាកម្ពុជា បានអំពាវនាវទៅកាន់អាជ្ញាធរនៅតាមមូលដ្ឋានទូទាំងប្រទេសជួយសម្រួលរាល់បញ្ហារបស់ប្រជាពលរដ្ឋ ដែលកំពុងប្រឈមនាពេលបច្ចុប្បន្នដូចជាគ្រោះរាំងស្ងួត ការខ្វះទឹកប្រើប្រាស់ និងការដឹកជញ្ជូនជាដើម។

ការអំពាវនាវរបស់សម្តេច ហេង សំរិន បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យសម្ពោធឆ្លងឧបដ្ឋានសាលា កុដិ និងសមិទ្ធផលនានា ក្នុងវត្តសិលារង្សី ហៅវត្ត ត្រពាំងថ្កូវ ភូមិត្រពាំងរង្សី ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ។

ក្នុងឱកាសនោះសម្តេច ហេង សំរិន បានគូសរំលេចនូវបញ្ហាមួយចំនួនដែលប្រជាពលរដ្ឋកំពុងប្រឈមនាពេលបច្ចុប្បន្ន ដូចជាគ្រោះរំាងស្ងួត និងការខ្វះទឹកប្រើប្រាស់។

សម្តេចប្រធានរដ្ឋបាន បានមានប្រសាសន៍លើកដូច្នេះ «គ្រប់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋរួមគ្នាដោះស្រាយដោយរក្សាឱ្យបាននូវប្រភពទឹកដែលមានស្រាប់ ការប្រើប្រាស់សន្សំសំចៃ រិះរកមធ្យោបាយនានា ដើម្បីជួយសង្គ្រោះឱ្យបានទាន់ពេលវេលា។ បាតុភូតនេះ ក៏មិនមែនកើតមាននៅតែប្រទេសយើងទេ វាជាបញ្ហាសកល ដែលប្រទេសជាច្រើនក៏កំពុងប្រឈមនឹងបញ្ហាបរិស្ថាន គឺការខ្វះខាតទឹកប្រើប្រាស់»។

ជាមួយគ្នានេះសម្តេចប្រធានរដ្ឋសភា ក៏បានអំពាវនាវប្រជាពលរដ្ឋ ថែរក្សាសុខភាព ធ្វើអនាម័យខ្លួនប្រាណ ប្រយ័ត្នប្រយែងចំណីអាហារ ដើម្បីបង្ការ និងការពារជំងឺឆ្លងនានា។ ឪពុកម្តាយត្រូវនាំកូនតូចៗ ចាក់វ៉ាក់សាំងបង្ការឲ្យបានគ្រប់រូប និងជំរុញឱ្យកុមារទាំងអស់ទទួលការសិក្សាអប់រំគ្រប់ៗគ្នា។

ក្នុងឱកាសនោះសម្តេចប្រធានរដ្ឋសភា បានគំាទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុម័តទទួលយកគោលដៅអភិវឌ្ឍន៍សហវត្សរ៍ ប្រកបដោយចីរភាព ដូចជាការលុបបំបាត់ភាពក្រីក្រ និងគ្រោះអត់ឃ្លានធ្ងន់ធ្ងរ ការលើកកម្ពស់សមភាពយេនឌ័រ ការលើកកម្ពស់សុខភាពមាតា និងទារក និងធានានូវនិរន្តភាពបរិស្ថាន..ជាដើម។ សម្តេចបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តក្នុងការធ្វើឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហវត្សរ៍កម្ពុជា តាមរយៈការអនុវត្តផែនការយុទ្ធសាស្រ្តចតុកោណ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ក្នុងការកសាងប្រទេសឱ្យរីកចម្រើនថែមទៀត។

សម្តេចពញាចក្រី ហេង សំរិន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ បន្តលើកកម្ពស់ស្មារតីថែរក្សា សាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រកាន់ខ្ជាប់ប្រពៃណី ស្នេហាជាតិ ផ្សារភ្ជាប់ជាមួយប្រជាជន ត្រូវបន្តខិតខំឡើងថែមទៀត ក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម របៀបរៀបរយសាធារណៈ អនុវត្ដគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពី «ភូមិឃុំ មានសុវត្ថិភាព»ខិតខំដោះស្រាយឱ្យបានល្អនូវភាពអសកម្មផ្សេងៗក្នុងមូលដ្ឋាន ព្រមទាំងធ្វើយ៉ាងណាឱ្យសមិទ្ធផលនានា ដែលយើងបានកសាងបានដំណើរការល្អ ថែរក្សាគង់វង្ស និងបន្តធ្វើឱ្យកាន់តែរីកចម្រើនឡើងថែមទៀត។

សម្តេចបានវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែងរបស់ព្រះគ្រូចៅអធិការ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរជនជិតឆ្ងាយ ទាំងអស់នៃ វត្តសិលារង្សី ហៅវត្ត ត្រពាំងថ្កូវ ដែលបានរួបរួមសាមគ្គីគ្នាយ៉ាងសស្រាក់សស្រាំ ក្នុងការកសាងសមិទ្ធផលសំខាន់ៗដ៏ច្រើនក្នុងទីអារាមនេះ ដែលឆ្លុះបញ្ចាំងពីការរួមចំណែកដល់ការអភិវឌ្ឍនៅក្នុងខេត្តត្បូងឃ្មុំ ឱ្យកាន់តែមានភាពសម្បូរបែប និងកាន់តែមានការរីកចម្រើនខ្លាំងឡើងថែមទៀត។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ឧប្បដ្ឋានសាលា និងកុដិ រួមទាំងសមិទ្ធផលផ្សេងៗទៀត ដែលនឹងដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះ បានមកពីការបរិច្ចាគក្នុងទឹកចិត្តជាសទ្ធាជ្រះថ្លា របស់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស រួមជាមួយលោកយាយ លោកតា បងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយទាំងអស់ ក្នុងគោលដៅចូលរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា វត្តអារាម គឺជាទីកន្លែងដ៏មានតម្លៃមហាសាល សម្រាប់រក្សាការ ពារអត្តសញ្ញាណជាតិ គម្ពីរសាស្រ្តា អក្សរសាស្រ្ត ទំនៀមទម្លាប់ប្រពៃណី វប្បធម៌របស់ជនជាតិខ្មែរ ឱ្យបានគង់វង្ស សិ្ថតស្ថេរជារៀងរហូតមក។ ដោយឡែក ព្រះសង្ឃ ក៏ជាតួអង្គដ៏សំខាន់ក្នុងការអប់រំផ្សព្វផ្សាយ បង្រៀនប្រៀនប្រដៅដល់ពុទ្ធសាសនិក ឱ្យប្រណិបត្តិពុទ្ធឱវាទ ចេះធ្វើបុណ្យ ចែកទាន សន្សំកុសល ស្គាល់ខុសស្គាល់ត្រូវ ដឹងគុណទោស ដឹងល្អអាក្រក់ ត្រូវប្រកាន់ខ្ជាប់តែអំពើល្អ វារចាកផុតពីអំពើបាបទាំងឡាយទាំងពួង៕