(បាត់ដំបង)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ រួមជាមួយលោកឧកញ៉ា ភូ ពុយ អគ្គនាយកក្រុមហ៊ុនធនាគារស្រូវ លោកប្រធាន Rice SDP តំណាងមន្ទីរកសិកម្ម ប្រចាំខេត្តបាត់ដំបង ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយ ក្រុមតំណាងមកពីសហគមន៍ផលិតកម្មពូជស្រូវទាំង៣២ ប្រចាំខេត្តបាត់ដំបង។

គោលបំណងនៃកិច្ចពិភាក្សានេះ គឺដើម្បី ស្នើសុំសហគមន៍ផលិតពូជស្រូវ ធ្វើការពង្រីកការផលិតបន្ថែមពូជស្រូវ សុទ្ធតាមបច្ចេកទេស, បង្កើតមជ្ឈមណ្ឌលផលិត និងបែងចែកពូជស្រូវសុទ្ធ, សម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម រវាងក្រុមអ្នកផលិតពូជ និងក្រុមហ៊ុនទទួលទិញពូជ, លើកទឹកចិត្តដល់កសិករដាំដុះពូជស្រូវសុទ្ធ។

លោក កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ បានធ្វើការរំលឹកជូនដល់តំណាងសហគមន៍ អំពីសាវតានៃការធ្លាក់ថ្លៃចុះតំលៃស្រូវ កាលពីឆ្នាំ២០១៦ ហើយមូលហេតុនេះ ទើបរាជរដ្ឋាភិបាលកម្ពុជា បានទំលាក់ថវិកាជាបន្តបន្ទាប់ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ឲ្យធ្វើជាប្រតិបត្តិករ អនុវត្តគម្រោងឥណទានពិសេសនេះ។ ជាក់ស្តែងឃ្លាំងស្តុកស្រូវចំនួន១៥ម៉ឺនតោន និងឡសំងួតស្រូវ៣០០០តោនក្នុងមួយថ្ងៃ ដែលបានសាង់សង់ និងដាក់ឲ្យប្រើប្រាស់រួចហើយ ក្រោមគម្រោងឥណទានពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើជាមជ្ឈមណ្ឌលធ្វើការប្រមូលទិញស្រូវ ពីប្រជាកសិករក្នុងតំបន់ខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ជាដើម។ ទន្ទឹមនេះតំលៃស្រូវត្រូវបានធានាតាមតំលៃទីផ្សារ ដែលជាការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា។

លោក កៅ ថាច បានបន្ថែមថា ក្នុងឆ្នាំ២០១៩នេះ ទិន្នផលស្រូវរបស់បងប្អូនមានការធ្លាក់ចុះ ដោយសារកត្តាអាកាសធាតុ និងបញ្ហាមួយចំនួនជាហេតុធ្វើឲ្យតំលៃស្រូវមានការធ្លាក់ចុះ បើប្រៀនធៀបទៅបណ្តាឆ្នាំមុនៗ។ ក៏ប៉ុន្តែទន្ទឹមនេះ បញ្ហាធំបំផុតនោះដែលរួមចំណែកធ្វើឲ្យផលស្រូវធ្លាក់ចុះនោះ គឺមកពីបងប្អូនប្រជាកសិករមួយចំនួន បានដាំដុះពូជស្រូវមិនសុទ្ធល្អទើប ធ្វើឲ្យទិន្នផលធ្លាក់ចុះ និងមិនសូវបានផលល្អជាហេតុធ្វើឲ្យឈ្មួញបង្អាប់តំលៃ។

ដោយមើលឃើញពីកត្តាពូជស្រូវនេះ លោក កៅ ថាច បានស្នើសុំតំណាងសហគមន៍ផលិតពូជស្រូវទាំង៣២ ក្នុងខេត្តបាត់ដំបង ឲ្យបង្កើនការផលិតពូជស្រូវសុទ្ធល្អ និងប្រមូលផ្តុំជាមជ្ឈមណ្ឌលពូជស្រូវ ដើម្បីធ្វើការបែងចែកឲ្យកសិករក្នុងតំបន់ដាំដុះពូជស្រូវសុទ្ធវិញ។ ដោយឡែកបញ្ហាចំណាយ លើការផលិតពូជស្រូវសុទ្ធនេះ ធនាគារអភិវឌ្ឍន៍ជនបទ ធានាទំលាក់ថវិកាឥណទាន ដោយអត្រាការប្រាក់អនុគ្រោះបំផុត សម្រាប់សហគមន៍ផលិតពូជស្រូវ។

លោកអគ្គនាយកបន្ថែមថា ចំពោះផលិតផលពូជស្រូវផលិតបាន យើងមានក្រុមហ៊ុនធានាទិញ យកដោយមានកិច្ចសន្យាត្រឹមត្រូវ និងមានការធានាតំលៃ។ ម្យ៉ាងទៀតក្នុងករណីបងប្អូនសហគមន៍ផលិតកម្មពូជស្រូវ ព្រមព្រៀងលើការពិភាក្សានេះ បងប្អូននឹងមានការចំណេញច្រើន ទាំងពេលវេលា តំលៃ និងថវិកា ព្រោះយើងនឹងធ្វើកិច្ចការនេះ ដោយមានកិច្ចសន្យាទិញតាមតំលៃទីផ្សារ ហើយបងប្អូនសហគមន៍ មានធនាគារអភិវឌ្ឍន៍ជនបទ នឹងជួយសម្របសម្រួលលើការងារនេះ ដើម្បីឲ្យបងប្អូនសហគមន៍មានភាពជឿជាក់ និងកុំបារម្ភ។

ឆ្លងតាមរយៈកិច្ចពិភាក្សានេះ បងប្អូនតំណាងសហគមន៍ផលិតកម្មពូជស្រូវ ដែលមានវត្តមានក្នុងកិច្ចពិភាក្សានេះ បានព្រមព្រាងទទួលយកសំណើលើតំលៃទិញ និងចំនួនផលិត តាមការសម្របសម្រួលពីលោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ៕