(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២ឥ១៩នេះថា គិតមកដល់ពេលនេះ អគ្គិសនីកម្ពុជា បានសដាក់ពង្រាយប្រព័ន្ធថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ (សូឡា) ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋជនបទចំនួនជាង ១០៦,៦៤០ប្រព័ន្ធរួចហើយ។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបន្តថា ការដំឡើងប្រព័ន្ធសូឡាបំពាក់នៅលំនៅដ្ឋានរបស់ប្រជាពលរដ្ឋជាង១០ម៉ឺនប្រព័ន្ធរួចហើយ តម្លៃរហូតដល់ជាង២៧លានដុល្លារអាមេរិក ដែលជាមូលនិធិអគ្គិសនីជនបទ នៃអគ្គិសនីកម្ពុជា សំដៅជួយសម្រួលដល់ការរស់នៅ និងជីវភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅលើផ្ទៃទឹក។

លោក កែវ រតនៈ បន្ថែមទៀតថា សម្រាប់ផែនការឆ្នាំថ្មីនេះ អគ្គិសនីកម្ពុជានឹងបន្ថែមអនុភាពយ៉ាងតិច៣២៥វ៉ាត់ សម្រាប់ប្រព័ន្ធថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ដើម្បីប្រជាពលរដ្ឋអាចប្រើប្រាស់សម្រាប់ដាំបាយបាន និងពង្រីកការដាក់ពង្រាយជូនពលរដ្ឋបន្ថែម ដើម្បីសម្រួលជីវភាពដល់បងប្អូនប្រជពលរដ្ឋ ពិសេសបងប្អូនរស់នៅលើទឹក និងជួយកាត់បន្ថយការកាប់ព្រៃលិចទឹកយកមកចម្អិនអាហារ។

លោកអគ្គនាយកបញ្ជាក់ទៀតថា «ប្រព័ន្ធសូឡានេះមានផលប្រយោជន៍ច្រើន សម្រាប់ប្រជាជន ពិសេសពលរដ្ឋដែលនៅឆ្ងាយពីបណ្តាញជាតិ ដែលក្របានភ្លើងទៅប្រើ ដែលនេះជាវិធានការដែលពលរដ្ឋអាចប្រើបាន ហើយជាថាមពលស្អាត។ ពិសេសអ្នកនៅលើផ្ទៃទឹកវិញ យើងមិនអាចអូសបណ្តាញខ្សែទៅជូនពួកគាត់ទេ ព្រោះពួកគាត់ចល័តរហូត ដូច្នេះប្រព័ន្ធសូឡានេះ ជាប្រព័ន្ធសមស្រមមួយសម្រាប់ប្រើប្រាស់ នេះជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអគ្គិសនីកម្ពុជា ដើម្បីបន្ថែមលើការពង្រីកបណ្តាញជាតិរបស់យើង។ នេះជាការគិតគូរជាកញ្ចប់របស់រាជរដ្ឋាភិបាល សម្រាប់ប្រជាពលរដ្ឋ»

លោកបញ្ជាក់ទៀតថា ដើម្បីជំរុញការអភិវឌ្ឍន៍ថាមពលស្អាត ឬថាមពលអគ្គិសនីដែលកកើតឡើងវិញ ដើរដោយពន្លឺព្រះអាទិត្យ សម្រាប់ការនាំចូលសម្ភារ ឧបករណ៍បម្រើដល់ស្ថានីយ៍ផលិតថាមពល គឺរាជរដ្ឋាភិបាលកម្ពុជា មិនបានគិតពន្ធអ្វីទាំងអស់ ដែលនេះជាការលើកទឹកចិត្តដល់ការរីកចម្រើនរបស់វិស័យនេះ៕