(ព្រះសីហនុ)៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ នាឱកាស​ដឹកនាំ​មន្ត្រី​ក្រោមឱវាទ ជាង​៣ពាន់នាក់ មក​ធ្វើទស្សន​កិច្ចសិក្សា នាខេត្ត​ព្រះសីហនុ រយៈពេល​៣ថ្ងៃចាប់​ពីថ្ងៃទី២៩ ដល់ថ្ងៃទី​៣១ ខែមីនា ឆ្នាំ២០១៩។

លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូតកម្ពុជា (G.T.V.C., Speed Boat Cambodia) ដែលបានធ្វើសកម្មភាពលើការងារអភិរក្សសត្វព្រៃ ក៏ដូចជាសត្វសមុទ្រកម្រជាច្រើនប្រភេទទៀត រួមមានសត្វល្មិច ឬសត្វអណ្តើកសមុទ្រជាដើម ជាបន្តបន្ទាប់កន្លងមកនេះ។

ជាងនេះទៀត លោក ជា សុផារ៉ា ក៏បានគាំទ្រចំពោះសកម្មភាព របស់ លោកឧកញ៉ា ទៀ វិចិត្រ ក្នុងនាមវិស័យឯកជន នាខេត្តព្រះសីហនុ ដែលបានចូលរួមធ្វើការងារមនុស្សធ៌ម ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក អ្នកជម្ងឺខ្វះ​លទ្ធភាព​ព្យាបាល ជនចាស់ជរាខ្វះទីពឹង ជនពិការ និងកុមារកំព្រាជាដើម ដែលជាផ្នែកមួយ របស់វិសយ័ឯកជន ក្នុងចលនារួមចំណែកជួយដល់សង្គមជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ត្រង់ចំណុចនេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានលើកទឹកចិត្តដល់ លោកឧកញ៉ា ទៀ វិចិត្រ​ ក៏ដូចជា​វិស័យ​ឯកជន​ដទៃទៀត ឲ្យចូលរួម​ជាមួយ​រាជរដ្ឋាភិបាល លើកា​រងារ​អភិរក្ស​សត្វព្រៃ និងសត្វ​កម្រគ្រប់​ប្រភេទ ឲ្យបានគង់វង្ស និងសម្បូរបែបឡើងវិញ។

ជាងនេះទៀត លោក ជា សុផារ៉ា ក៏បានស្នើដល់យុវជន មន្ត្រីរាជការ ប្រជាពលរដ្ឋ ក៏ដូចជាវិស័យឯកជនផ្សេងៗ ត្រូវរួមគ្នាធ្វើការងារមនុស្សធ៌ម ឲ្យបានច្រើន ទៅតាមលទ្ធភាពជាក់ស្តែងរៀងៗខ្លួន ដើម្បីចូលរួមចែករំលែកទុក្ខលំបាក ដល់អ្នកជួបបញ្ហាខ្វះខាតទាំងនោះផង និងដើម្បីធ្វើកុសល្យផលបុណ្យផង។

បន្ថែមលើនេះ លោក ជា សុផារ៉ា ដែលជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាផងនោះ ក៏បានបំផុសដល់មហាជនទូទៅ ឲ្យចេះស្រលាញ់ និងការពារបរិស្ថាន ដោយត្រូវរួម​សហការ​គ្នាដាំ​កូនឈើ​នៅតាម​ទីតាំង​រៀងៗខ្លួន ឲ្យបាន​ច្រើន និងត្រូវថែរក្សា​ឲ្យបានគង់វង្ស។

នាឱកាសដឹកនាំមន្ត្រីរាជការក្រោមឱវាទ ក្រសួងរៀបចំដែនដី មកទស្សនាតាមឆ្នេរអូរត្រេះ នៅល្ងាចថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០១៩ លោក ជា សុផារ៉ា ក៏បានបំផុសឲ្យមន្ត្រីរាជការទាំងនោះ ចូលរួមដាំកូនឈើប្រណិតៗជាច្រើនដើម នៅតាមឆ្នេរអូរត្រេះ ក្រុងព្រះសីហនុថែមទៀតផង។

ទន្ទឹមគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានសមាគមទូកដឹកភ្ញៀវទេសចរណ៍ ប្រចាំខេត្តព្រះសីហនុ និងជាម្ចាស់ទីតាំងសម្រាកលម្ហែមានឈ្មោះថា «ម៉ាហ្វីយ៉ា រីស៊្សត» មានទីតាំងនៅ ឆ្នេរភ្លោះ កោះឋានសួគ៌ នៃសង្កាត់កោះរ៉ុងផងនោះ។

លោកឧកញ៉ា ក៏បាននាំយកសត្វល្មិច ឬអណ្តើកសមុទ្រធំៗ ចំនួន២ក្បាលបន្ថែម​ទៀត ​យកទៅ​លែងឲ្យរស់នៅ​ក្នុងសមុទ្រ​នាឆ្នេរអូរត្រេះ ដោយមានការចូលរួមពី លោកឧបនាយក ជា សុផារ៉ា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកឧកញ៉ា ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភា និងលោក ឈិន សេង ងួនអភិបាលស្តីទី​ខេត្តព្រះសីហនុ ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រសួង​មន្ទីរពាក់ព័ន្ធ​ជាច្រើន​ទៀត ក៏បានអញ្ជើញចូលរួមផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានក្រុមមនុស្សធ៌មអូរបី(O3) ផងដែរ​នោះ ក៏បានថ្លែង​សារអំពាវនាវ ក្នុងនាម​វិសយ័​ឯកជន ដល់ក្រុម​យុវជន ក៏ដូចជា​ប្រជាពលរដ្ឋ ជាពិសេស​ប្រជានេសាទ ឲ្យចូលរួម​សហការ​លើការងារ​អភិរក្សសត្វព្រៃ និងសត្វសមុទ្រ​កម្រគ្រប់​ប្រភេទ រួមមាន៖ សត្វល្មិច ឬអណ្តើកសមុទ្រជាដើមកុំឲ្យបាត់បង់។

ជាពិសេស​មិនត្រូវ​ធ្វើនេសាទ ឬចាប់សត្វល្មិច យកមក​ចំអិន​ធ្វើម្ហូបអាហារ​ទទួលទាន​ទៀត​ទេ ព្រោះវាជា​ប្រភេទ​សត្វសមុទ្រ​កម្រ និងកំពុង​ត្រូវបាន​ធ្វើការ​អភិរក្ស​ថែមទៀតផង៕