(ភ្នំពេញ)៖ កម្មវិធីបោះជំរំអន្តរជាតិ លើកទី៩ ក្រោមប្រធានបទ «ការអប់រំចិត្តយុវជនឲ្យមាន ភាពជាអ្នក​ដឹកនាំ​ប្រកប​ដោយ​សីលធម៌​ និង គុណធម៌» ដែលរៀបចំឡើងដោយអង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF) បានសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា និង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងមានសិស្ស-និស្សិត ចូលរួម ចំនួនជិត ២៧០០នាក់ ក្នុងនោះសិស្ស-និស្សិតប៊ែលធី ចំនួនជាង ១៥០០នាក់ចូលរួមផងដែរ។

ក្រោមអធិបតីភាព លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ និងជា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨-៣០ ខែមីនា ឆ្នាំ២០១៩ នៅសាលមហោស្រពកោះពេជ្រ។

ការបោះជំរំនេះ ក៏មានការអញ្ជើញចូលរួមពី វាគ្មិនល្បីៗ រួមមាន លោកបណ្ឌិត បាក់ អុកស៊ូ ស្ថាបនិកអង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រ​មណ្ឌលរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មាធិការ ប្រឹក្សាយោបល់ នៃអង្គការសម័្ពន្ធយុវជនអន្តរជាតិ ឧត្តមសេនីយ៍ត្រី ចេវ ហាក់ ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ (ច្បាប់ចរាចរណ៍ផ្លូវគោក) និងវាគ្មិនល្បីៗជាច្រើននាក់ទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត លី ឆេង បានលើកឡើងថា ការបោះជំរំនេះ ក្នុងគោលបំណង ៤គឺ៖

១.យល់ដឹងអំពីការអប់រំចិត្តខ្លួនឯង ចេះស្រឡាញ់ជាតិមាតុភូមិ គ្រួសារ និងខ្លួនឯង។ ទន្ទឹមនោះត្រូវចេះគោរពច្បាប់រដ្ឋ ច្បាប់ធម្មជាតិ សាសនា ។ល។

២.ត្រូវចេះរស់នៅជាក្រុម ធ្វើការងារជាក្រុម(Teamwork) និងចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក(Share Experiences) ។

៣.អញ្ជើញវាគ្មិនសំខាន់ៗ មកចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ជូនដល់ក្មួយៗ។

៤.ចេះហាត់ពត់ខ្លួនឯង ដើម្បីក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អ ប្រកបដោយសីលធម៌ & គុណធម៌ នាពេលអនាគត ស្របតាមគតិបណ្ឌិតប៊ែលធី «រៀនធ្វើជាថ្នាក់ដឹកនាំ មុខពេលក្លាយខ្លួនជាអ្នកដឹកនាំ(Learn to be a leader before becoming a leader)»។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត បាក់ អុកស៊ូ គ្រូជំនាញផ្នែកអប់រំចិត្ត បានមានប្រសាសន៍ថា ការអប់រំស្មារតី និង ចិត្តគំនិត ពិតជាមានសារៈសំខាន់ណាស់សម្រាប់យុវជនកម្ពុជា ដើម្បីយល់ពីអត្ថន័យពិតនៃជីវិត ចេះផ្លាស់ប្តូរផ្នត់គំនិត រៀនទទួល​យកនូវ​គំនិតរបស់អ្នកដទៃ និង បើកចិត្តឲ្យទូលាយក្នុងការទំនាក់ទំនង ដើម្បីរស់នៅចុះសម្រុងក្នុងសង្គម។

ក្នុងពិធីបិទនេះដែរ លោក ស៊ាន បូរ៉ាត បានមានប្រសាសន៍ថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា សូមកោតសរសើរ និង ថ្លែងអំណរគុណ ចំពោះលោកបណ្ឌិត បាក់ អុកស៊ូ ស្ថាបនិកអង្គការសម្ព័ន្ធយុវជនអន្តរជាតិ មកពីប្រទេសកូរ៉េ និង លោក លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មាធិការ ប្រឹក្សាយោបល់ នៃអង្គការ​សម័្ពន្ធ​យុវជន​អន្តរជាតិ ដែលបានសហការរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះឡើង និងទទួលបានជោគជ័យ។

ក្នុងឱកាសនោះដែរ លោក ស៊ាន បូរ៉ាត បានមានប្រសាសន៍ថា ការពង្រឹងគុណភាពអប់រំ គឺជាគ្រឹះដ៏រឹងមាំ​ សម្រាប់​ឲ្យយុវជន​របស់យើង មានចំណេះដឹងពិតប្រាកដ មានសិលធម៌ល្អ មានគុណធម៌ និងគតិបណ្ឌិត អាចចេះពិចារណា រកហេតុនឹងផល ឲ្យឃើញ នេះជាចំណុចដ៏សំខាន់ណាស់។

លោក ស៊ាន បូរ៉ាត បានបន្តថា ប្រសិនបើយុវជនខ្វះសិលធម៌ ដើរខុសទិស ហើយទៅរកគោលដៅដែលគេអត់ចង់បាន សង្គមមិនទទួលស្គាល់ នេះហើយជាបរិបទរបស់សង្គម ដែលយើងកំពុងធ្វើកិច្ចការងារនេះ ដើម្បី​អប់រំ​យុវជន។ យុវជន​គឺជា​ក្រដាស ដ៏ ស ស្អាត ប្រសិន​បើយើងអុសទាញ​គេទៅរកផ្លូវល្អ ពួកគេនឹង​ក្លាយទៅ​ជាជន ដែល​មានភាព​ប្រសព្វ មានភាព​ទៅឆ្លាត ហើយអាចបណ្ដុះ​ចិត្តគិនិត តាមរយៈការផ្ដល់ នៅចំណេះដឹង ដល់ពួកគេគ្រប់ៗគ្នា។

លោក បានបន្តថា ដើម្បីឲ្យប្អូនៗក្មួយៗ​ក្លាយទៅ​ជាជន ដែលមានសក្ដានុពល ក្នុងការចូលរួម​ចំណែក ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​បន្ដវេន​ក្នុងការដឹកនាំ​ប្រទេសជាតិ​ទៅថ្ងៃអនាគត គោលការណ៍​ដល់សំខាន់​របស់រាជរដ្ឋាភិបាល ក្នុងការ​កសាងធនធា​ន​មនុស្ស ចាប់ពី​មត្តេយ្យសិក្សា រហូតដល់​ឧត្តមសិក្សា។

លោក ស៊ាន បូរ៉ាត ក៏បានប្រកាសបិទការបោះជំរំអន្តរជាតិ ឆ្នាំ២០១៩ លើកទី៩ (World Camp 2019)៕