(ស្វាយរៀង)៖ ពិតជារឿងចម្លែកមួយ ដែលមនុស្សម្នាភាគច្រើនកម្រជួបប្រទះ ដែលនាំឲ្យមានការភ្ញាក់ផ្អើលពេញតាមបណ្តាញសង្គម Facebook ម្នាក់ៗនាំគ្នាស៊ែរបន្តគ្រប់ៗគ្នា ខណៈដែលមានធៀបកម្មវិធីមួយដាក់ថា «រីករាយគម្រប់ខួបមេម៉ាយ៣ឆ្នាំ» ស្ថិតនៅភូមិរោងបន្លែ សង្កាត់ក្រុងស្វាយរៀង។ ជាក់ស្ដែងកម្មវិធីនេះ បានប្រព្រឹត្តទៅកាលពី រសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩កន្លែងទៅ។

យោងតាមអ្នកភូមិដែលមានទីលំនៅក្នុងភូមិ-សង្កាត់ខាងលើ បានឲ្យដឹងថា នៅក្នុងពិធីនោះមានភាពអធិកអធមខ្លាំងណាស់ ដោយមានការអញ្ជើញសាច់ញាតិ និងមិត្តភក្ដិជិតឆ្ងាយ មកចូលរួមយ៉ាងច្រើនផងដែរ។

ពាក់ពន្ធ័ករណីខាងលើនេះអ្នកស្រី ទេស ស្រីនាង ជាស្រ្ដីមេម៉ាយបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា គាត់ពិតជាធ្វើកម្មវិធីនេះប្រាកដមែន ខណៈដែលរូបគាត់ធ្លាប់មានប្តី២ដងរួចមកហើយ ថែមទាំងមានកូនស្រីម្នាក់ មានអាយុ៩ឆ្នាំទៀតផង។

អ្នកស្រីបន្តថា ការដែលគាត់រៀបចំកម្មវិធីនេះឡើង ដើម្បីចង់ឲ្យមនុស្សស្រី ដែលមានការលែងលះគ្នាជាមួយប្តី ហើយនៅភាពស្ដ្រីមេម៉ាយ ត្រូវតាំងចិត្តឲ្យរឹងមាំឡើង សូមកុំបាក់ទឹក ត្រូវខិតខំរៀនរស់នៅដោយខ្លួនឯង បើទោះបីយើងគ្មានប្តីក៏ដោយ ក៏យើងត្រូវតែខិតខំរកស៊ីចិញ្ចឹមកូនដោយខ្លួនឯងបានដែរ។

ស្រ្ដីមេម៉ាយបានបន្ដទៀតថា ការបង្កើតកម្មវិធីនេះឡើង គឺចង់ឲ្យមនុស្សស្រីទាំងអស់ ជាពិសេសស្រ្ដីមេម៉ាយដែលមានប្រវត្តិធ្លាប់លែងលះគ្នាជាមួយប្ដី កុំធ្វើរឿងអី្វផ្តេះផ្តាស បើយើងនៅមានជីវិត ត្រូវតែតស៊ូឡើង ត្រូវខិតខំរកស៊ី ដើម្បីកូនៗជាទីស្រលាញ់ និងបងប្អូនឪពុកម្តាយ មិនមែនអត់ប្តីយើងរស់មិនបាននោះទេ គឺយើងមានសមត្ថភាពរៀនរស់ដោយខ្លួនឯងបាន។

ទោះបីយ៉ាងណា មហាជនក៏បាននាំគ្នាសាទរដល់អ្នកស្រី ដែលហ៊ានចេញមុខធ្វើកម្មវិធីនេះ មិនខ្លាចមានការរិះគន់ ពីសំណាក់បណ្ដាញសង្គម និងអ្នកជិតខាង ខណៈមានភ្ញៀវចូលរួមយ៉ាងច្រើនផងដែរ។

សូមបញ្ជាក់ថា សម្រាប់ការធ្វើពិធីអញ្ជើញភ្ញៀវកិត្តិយសពីអ្នកមេម៉ាយកូនមួយ ដែលដាក់ថា រីករាយគម្រប់ខួបមេម៉ាយ៣ឆ្នាំនេះ ពិតជាមានការចាប់អារម្មណ៍ខ្លាំង ពីមហាជនបានស៊ែតៗគ្នា ហើយក៏ជាលើកទី១ផងដែរ សម្រាប់ខេត្តស្វាយរៀងដែលមានពិធីនេះ៕