(ភ្នំពេញ)៖ សាកលវិទ្យាល័យ Arizona នៅសហរដ្ឋអាមេរិក និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នឹងបើកវេទិការរួមគ្នាមួយ នៅដើមខែមេសាខាងមុខនេះ ដើម្បីជួបជុំជាមួយបេក្ខជនទាំងអស់ដែល ត្រៀមចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត)។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សាកលវិទ្យាល័យទាំងពីរខាងលើ បានឱ្យដឹងថា វេទិកាជួបជុំនេះនឹងផ្តល់ឱកាសដល់បេក្ខជនដែលជានិស្សិត និងបញ្ញាជនទូទៅ ដែលមានបំណង បន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅក្រៅប្រទេស ជាពិសេសនៅសហរដ្ឋអាមេរិក អាចទទួលបានព័ត៌មានលម្អិតស្តីពី កម្មវិធីសិក្សា ការទទួលសញ្ញាបត្រ មកពីអាមេរិក និងអត្ថប្រយោជន៍នៃការសិក្សាជំនាញនីមួយៗ ដើម្បីត្រៀមខ្លួនក្នុងការប្រជែងយកការងារទាំង ក្នុងប្រទេសនិងអន្តរជាតិ។

លោកសាស្រ្តាចារ្យបណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ AUPP បានថ្លែងថា «កម្មវីធីថ្នាក់អនុបណ្ឌិតរបស់ AUPP នឹងផ្តល់ចំណេះដឹង និងបទពិសោធន៍ពិតដល់និស្សិត សម្រាប់តម្រូវការក្នុងទីផ្សារសាកលលោក»។

វេទិកាដ៏ពិសេសនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ដល់ ០៧ ខែមេសា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យ AUPP ក៏នឹងបើកឱកាសឱ្យមហាជនទូទៅដែលចាប់អារម្មចង់ចូលរួមស្តាប់ផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ទូរសព្ទលេខ ០១២ ២៦៦ ៦៣១ /០៧១ ៣៦៥២ ៦៤៧។ សាកលវិទ្យាល័យ AUPP មានទីតាំងស្ថិតនៅអគារលេខ២៧៨ ផ្លូវលេខ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉េត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕