(ព្រៃវែង)៖ ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា ក្រោយបញ្ចប់ការសួរនាំរួចមកនោះ នៅទីបំផុតមនុស្សចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចរបស់លោកសម្រេចធ្វើការឃាត់ខ្លួន ដើម្បីបញ្ជូនទៅកាន់តុលាការ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ ដើម្បីចាត់ការបន្តទៀតតាមច្បាប់។

សម្រាប់នាយនគរបាលប៉ុស្តិ៍កំពង់សឹង្ហ នៃអធិការដ្ឋាននគរបាលស្រុកព្រះស្តេចលោក ជា ឡាឌីន ដែលដឹកនាំកម្លាំងដោយអត្តនោម័ត ត្រូវបានដកមុខតំណែងពីមេប៉ុស្តិ៍ដើម្បីស្រាវជ្រាវបន្ត។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់ ដែលត្រូវបានឃាត់ខ្លួនរួមមាន៖

*ទី១៖ ឈ្មោះ ជឹម រតនៈ ជាអ្នកបាញ់ជនរងគ្រោះ មានតួនាទីជានាយផ្នែកអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាល ស្រុកព្រះស្តេច។ សម្រាប់ឈ្មោះ ជឹម រតនៈ ត្រូវបានគេដឹងថាជាកូនប្រុសលោកឧកញ៉ា ជឹម សុខ ល្បីខាងរកស៊ីទិញ និងលក់គោ ក្របីមួយរូបនៅខេត្តព្រៃវែង។
*ទី២៖ ឈ្មោះ ជឹម វិន ជាអ្នកបាញ់ និងមានតួនាទីជា មន្ត្រីនគរបាលប៉ុស្តិ៍កំពង់សឹង្ហ នៃអធិការដ្ឋាននគរបាលស្រុកព្រះស្តេច។ មន្រ្តីនគរបាលម្នាក់ ត្រូវបានគេដឹងថា ជាក្មួយប្រុសរបស់ឧកញ៉ា ជឹម សុខផងដែរ។
*ទី៣៖ ឈ្មោះ សេង ឈិន ដែលជាម្ចាស់បណ្ដឹងដោយចោទជនរងគ្រោះជាចោរ
*ទី៤៖ ឈ្មោះ ផាន់ សុឌី
*ទី៥៖ ឈ្មោះ ឈុន ឡាយ ដែលជនទាំងពីរនាក់ជាមិត្តភ័ក្ររបស់ដើមបណ្ដឹង ហើយត្រូវបានសមត្ថកិច្ចចោទថា ផ្ដល់សក្ខីកម្មមិនពិត ដែលនាំឲ្យមានការផ្ទុះអាវុធរហូតស្លាប់ជនរងគ្រោះតែម្ដង។ ដោយឡែក មនុស្សចំនួន៤នាក់ រួមមាន៖ អ្នករួមដំណើរជាមួយជនរងគ្រោះ អ្នកបើកឡានឲ្យជនដែលផ្ទុះអាវុធ និងមនុស្ស២នាក់ ដែលរួមដំណើរជាមួយអ្នកដើមបណ្តឹង សមត្ថកិច្ចបានដោះលែង ដោយធ្វើកិច្ចសន្យាឲ្យត្រលប់មកធ្វើជាសាក្សី វិញ ពេលណាដែលសមត្ថកិច្ចត្រូវការ។

ចំពោះវិធានការ និងដំណោះស្រាយជាបន្តទៀត គឺជាសមត្ថកិច្ចរបស់ព្រះរាជអាជ្ញា និងសាលាដំបូង ខេត្តព្រៃវែង ដើម្បីបើកសវនការផ្តន្ទាទោសជនល្មើសទាំងនោះតាមច្បាប់ជាធរមាន។ នេះជាការបញ្ជាក់បន្ថែមរបស់ស្នងការនគរបាលខេត្ត។

សូមបញ្ជាក់ថា ករណីផ្ទុះអាវុធ កាលពីម៉ោង២៣៖០០នាទីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិគោកសណ្ដែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលបណ្តាលឲ្យជនរងគ្រោះម្នាក់ ស្លាប់។ តាមដំណើររឿង ត្រូវបានសមត្ថកិច្ចឲ្យថា ជនរងគ្រោះឈ្មោះ យ៉ន រ៉ាវុទ្ធ (ជាម្ចាស់រថយន្ត) បានយកប្រាក់ ៣០០០ដុល្លារពីឈ្មោះ សេង ឈិន ទៅលោះយករថយន្តរបស់ខ្លួន ដែលបានបញ្ចាំ រួចយករថយន្តនោះ មករកស៊ីជាមួយគ្នា ដោយជួលឲ្យជនជាតិចិន បានរយៈពេល៣ខែ ហើយក្នុង១ខែ ទទួលបាន៤៥០ដុល្លារ (ចែកគ្នាបាន២២៥$ម្នាក់)។ លុះដល់ថ្ងៃកើតហេតុ ដោយសាររថយន្តនោះខូច និងដោយមានការខ្វែងគំនិតគ្នា ជនរងគ្រោះ បានយករថយន្តនោះ មកជួសជុលដែលជាមូលហេតុបណ្តាលឲ្យឈ្មោះ សេង ឈិន ចោទថា ជាករណីលួចឡាន និងបានទាក់ទងទៅសមត្ថកិច្ចឲ្យតាមចាប់ រហូតមានការផ្ទុះអាវុធបែបនេះតែម្តង។

បើតាមរបាយការណ៍របស់សមត្ថកិច្ច នៅកន្លែងកើតហេតុវិញ មានការបាញ់ដោយកាំភ្លើងចំនួន១០គ្រាប់ដោយឈ្មោះ ជឹម រតនៈ និងឈ្មោះ ជឹម វិន ក្នុងនោះគ្រាប់កាំភ្លើង៥ គ្រាប់បានចំទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់។

យ៉ាងណាក៏ដោយ សម្រាប់ករណីមួយនេះ ក៏មានការរិះគន់យ៉ាងខ្លាំងផងដែរ ចំពោះប្រតិបត្តិការរបស់សមត្ថកិច្ច ដោយមិនទាន់បានប្រាកដប្រជាផង និងគ្រាន់តែមានពាក្យបណ្តឹង ឬការប្តឹងផ្ទាល់មាត់ ក៏ចេញប្រតិបត្តិការរហូតបាញ់សម្លាប់យ៉ាងដូច្នេះ៕