(ភ្នំពេញ)៖ លោក សួន ពិសី ប្រធាននាយកប្រតិបត្តិអាជីវកម្ម របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានបញ្ជាក់ពីមូលហេតុដែលនាំឲ្យអ្នកខ្ចីប្រាក់ ធ្លាក់ខ្លួនចូលក្នុងបំណុលវណ្ឌ.ក ថា អតិថិជនក៏ដូចជាអ្នកប្រកបអាជីវកម្ម ដែលខ្ចីប្រាក់យកទៅប្រកបរបបផ្សេង គួរតែខ្ចីយ៉ាងច្រើនបំផុត ពី៣០ភាគរយ ទៅ៤០ភាគរយ នៃចំណូលដែលខ្លួនមានប្រចាំខែ ដែលនេះជាបរិមាណមួយដែលអតិថិជន មានលទ្ធភាពអាចបង់សងបាន និងជៀសពីបំណុលវណ្ឌ.កផងដែរ។

ការបញ្ជាក់យ៉ាងដូច្នេះរបស់អ្នកជំនាញរូបនេះ ធ្វើឡើងក្នុងកិច្ចសម្ភាស ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ព័ត៌មាន Fresh News។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះការខ្ចីប្រាក់ គឺមានកត្តា២ គួរសម្រាប់ស្វែងយល់៖ ទី១ កត្តាអ្នកខ្ចីប្រាក់ខ្លួនឯង ដែលមិនបានស្វែងយល់ពីជីវភាពខ្លួន ដោយខ្ចីលើសពីសមត្ថភាព និងទី២៖ មកពីកត្តាគាត់ខ្ចីប្រាក់ដោយមិនបានដឹងអំពីលក្ខខណ្ឌកម្ចី គោលនយោបាយ ឬកិច្ចសន្យានៃការខ្ចីប្រាក់នោះ គឺឲ្យតែគេឲ្យខ្ចី គេឲ្យគឺយក ដោយមិនបានមើលលក្ខខណ្ឌ ឲ្យបានច្បាស់ជាមុនសិន ដែលទាំងនេះ ហើយនាំឲ្យគាត់ឈានចូលក្នុងបំណុលវណ្ឌ.ក»

លោកបានបញ្ជាក់ទៀតថា មួយវិញទៀតបញ្ហាដែលនាំឲ្យមានបំណុលវណ្ឌ.ក គឺវាអាចមកពីអ្នកខ្ចីខ្លួនឯង ព្រោះមានកត្តាដូចជា ការខ្ចីប្រាក់មិនចំគោលដៅ គឺមានន័យថា គេឲ្យខ្ចី គឺដឹងតែខ្ចី ដោយអត់មានផែនការអាជីវកម្ម អត់មានគោលដៅច្បាស់លាស់ ថាតើខ្លួនយកប្រាក់ដែលខ្ចី ទៅធ្វើអី? អ្នកខ្លះទៀតយកប្រាក់កម្ចី ទៅចាយវាយផ្ដេសផ្ដាស និងអ្នកមួយចំនួនទៀតយកទៅទិញរបស់របរ ឬសម្ភារៈផ្សេងៗ ដោយមិនបានបង្កើនចំណូលមកឲ្យខ្លួនវិញ។

លោកបានបន្ថែមថា ចំពោះការខ្ចីនេះដែរ ក៏មានកត្តាមួយចំនួនតូច ដែលអតិថិជនបានប្រើប្រាស់ត្រឹមត្រូវហើយ បានមើលទៅលើលក្ខខណ្ឌច្បាស់ល្អហើយ ប៉ុន្តែដោយអតិថិជនមានការចៃដន្យ មានបញ្ហាក្នុងគ្រួសារ អ្នករកចំណូលមិនអាចរកចំណូលបន្ថែមទៀត ឬក៏ប្រភពចំណូលណាមួយរបស់គាត់នឹងបាត់បង់ ឬក៏បរាជ័យ ដែលបញ្ហាដោយចៃដន្យតូចទាំងអស់នេះហើយ ដែលអាចធ្វើឲ្យអតិថិជនធ្លាក់ចូលក្នុងបញ្ហាបំណុលវណ្ឌ.កផងដែរ។

លោកបានបន្តថា ដើម្បីជៀសពីបំណុលវណ្ឌ.ក គឺអតិថិជន ត្រូវមើលទៅលើផែនការរបស់ខ្លួនឲ្យបានច្បាស់លាស់ និងការគ្រប់គ្រងចំណូលរបស់ខ្លួនថា តើកម្ចីដែលខ្លួនខ្ចី និងលក្ខខណ្ឌផ្សេងទាំងអស់នេះ គឺយើងមានលទ្ធភាពទទួលសងដែរឬទេ ប្រសិនបើខ្លួនគិតថាសមស្របចំពោះខ្លួន គឺលោកគិតថា ចំណុចទាំងអស់នេះ អតិថិជននឹងអាចជៀសផុតពីបំណុលវណ្ឌ.កផងដែរ៕