(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ប្រចាំឆ្នាំលើកទី១៣ ធ្វើឡើងក្រោមប្រធានបទស្តីពី «ការប្រែក្លាយផ្នែកឌីជីថល ឆ្ពោះទៅកាន់ឧស្សាហកម្ម ៤.០» នៅសណ្ឋាគារ ហ្គ្រេតឌ្យូកភ្នំពេញ។

ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគំនិតផ្តួចផ្តើមសំខាន់ៗចំនួន៥ចំណុច ដើម្បីជំរុញការរីកលូតលាស់នៃបដិវត្តឧស្សាហកម្មទី៤ ផ្តល់នូវប្រយោជន៍ដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅប្រទេសកម្ពុជា។

ការងារអាទិភាពទាំង៥ ដែលដាក់ចេញដោយសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលរួមមាន៖

ទី១៖ ការរៀបចំ និងដាក់ឱ្យអនុវត្តរដ្ឋាភិបាលឌីជីថល (Digital Government) មួយឱ្យបានពេញលេញ និងគ្រប់ជ្រុងជ្រោយ៖ នេះគឺជាបុរេលក្ខខណ្ឌនៃការកសាង សេដ្ឋកិច្ចឌីជីថល ដែលម្ខាងសំដៅលើកកម្ពស់ ប្រសិទ្ធភាពនៃសេវាសាធារណៈ ប្រកបដោយគណនេយ្យភាព និងតម្លាភាពក្នុងការផ្តល់សេវានៅតាមមូលដ្ឋាន។ ម្ខាងទៀតដើរតួជាអ្នកជំរុញ (Enabler) តាមរយៈការរៀបចំ និងដាក់ឱ្យអនុវត្តឧបករណ៍ឌីជីថលសំខាន់ៗ ដូចជាអាស័យដ្ឋាន ឌីជីថល ហត្ថលេខាឌីជីថល អត្តសញ្ញាណប័ណ្ណឌីជីថល ដើម្បីបង្កើតឱកាសឱ្យវិស័យឯកជន និងសហគ្រិនមានលទ្ធភាពច្នៃប្រឌិតនូវធុរកិច្ចថ្មីៗ។

ទី២៖ ការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគ្រឹះ៖ ត្រូវបន្តជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលជាឆ្អឹងខ្នង ដូចជាខ្សែកាបអុបទិក ខ្សែកាបអុបទិកបាតសមុទ្រ ការចែកចាយ និងការតភ្ជាប់ដល់ផ្ទះ និងទីតាំងធុរកិច្ច និងមជ្ឈមណ្ឌល ទិន្នន័យ ដើម្បីធ្វើឱ្យប្រព័ន្ធអ៉ិនធើណេត មានល្បឿនលឿន តម្លៃសមរម្យ និងទៅដល់គ្រប់ទីកន្លែងទូទាំងប្រទេស។

ទី៣៖ ដើម្បីទាញយកអត្ថប្រយោជន៍ ពីបដិវត្តឧស្សាហកម្មទី៤ ឱ្យបានជាអតិបរមា៖ ការអភិវឌ្ឍមូលធនមនុស្ស គឺជាកត្តាចាំបាច់។ ទន្ទឹមនេះ រាជរដ្ឋាភិបាលនឹងបន្តលើកកម្ពស់គុណភាព នៃការអប់រំ ជំរុញការអប់រំផ្នែកស្តេម (STEM) ជំរុញការបណ្តុះបណ្តាលជំនាញ និងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍ។

ទី៤៖ ការកសាង និងដាក់អនុវត្តនូវគោលនយោបាយបទប្បញ្ញត្តិច្បាប់ និងស្តង់ដាពាក់ព័ន្ធ៖ សុវត្ថិភាព ឌីជីថល គឺជាកត្តាចាំបាច់ក្នុងការកសាងក្របខណ្ឌ យុទ្ធសាស្ត្ររយៈពេលវែង។ កម្ពុជានឹងរៀបចំក្របខណ្ឌគតិយុត្ត និងបទប្បញ្ញត្តិសម្រាប់ការគ្រប់គ្រងសុវត្ថិភាពទិន្នន័យ (Data Security) និងសិទ្ធិឯកជននៃទិន្នន័យ (Data Privacy) និងសន្តិសុខតាមប្រព័ន្ធអ៉ិនធើណេត (Cyber Security) ការការពារ និងរក្សាទុកព័ត៌មានសម្ងាត់ ការធ្វើពាណិជ្ជកម្ម និងទូទាត់ តាមប្រព័ន្ធអេឡិចត្រូនិក និងបទប្បញ្ញត្តិផ្សេងទៀត ដើម្បីការពារអ្នកប្រើប្រាស់។

ទី៥៖ ការលើកកម្ពស់ការរៀបចំប្រព័ន្ធអេកូឡូហ្សី៖ ដើម្បីជំរុញការអភិវឌ្ឍធុរកិច្ចថ្មីៗ ក្នុងវិស័យឌីជីថល ដែលជាចំណុចចាប់ផ្តើមក្នុងការជំរុញការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មាន តាមរយៈការរៀបចំគោលនយោបាយ គ្រប់ជ្រុងជ្រោយមួយជាកញ្ចប់ដោយគិតគូរពីបច្ចេកវិទ្យា ធនធានហិរញ្ញវត្ថុ ការលើកទឹកចិត្ត ការបណ្តុះបណ្តាល។ល។ ដើម្បីជំរុញការអភិវឌ្ឍធុរកិច្ចថ្មីៗ ក្នុងវិស័យឌីជីថល តាមរយៈការបង្កើតមូលនិធិសហគ្រិនភាព ដែលមានថវិកាចំនួន៥លានដុល្លារក្នុងមួយឆ្នាំ ដែលនឹងអាចជួយជាធនធានហិរញ្ញវត្ថុ និងការប្រឹក្សាយោបល់ដល់សហគ្រាសធុនតូច និងមធ្យម ជាពិសេសក្រុមហ៊ុនតូចៗ ដែលទើបបង្កើតឡើង (Startup)។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា «បច្ចុប្បន្ន បច្ចេកវិទ្យាឌីជីថល កំពុងពេញនិយមទូទាំងសកលលោក ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងមាន ការរីកចម្រើនលើគ្រប់វិស័យជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ រហូតដល់ ៧.៥% ក្នុងឆ្នាំ២០១៨ តាមរយៈការរីកចម្រើនជា បន្តបន្ទាប់ លើគ្រប់វិស័យ ។ ទន្ទឹមនេះ, រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាកំពុងផ្លាស់ប្តូរ ពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកសំខាន់លើវិស័យឧស្សាហកម្ម និងសេវាកម្ម ។ ដូច្នេះ, ដើម្បីទាញយកអត្ថប្រយោជន៍ពី សេដ្ឋកិច្ចឌីជីថល ឱ្យបានគ្រប់ជ្រុងជ្រោយ, កម្ពុជាត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជំរុញឱ្យមានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំសម្រាប់រយៈពេលវែង»

សម្តេចតេជោ បានថ្លែងថា នៅដើមឆ្នាំ២០១៩កន្លងទៅនេះ រាជរដ្ឋាភិបាលបានផ្តល់ការណែនាំ ដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យបង្កើតក្រុមការងាររៀបចំក្របខណ្ឌគោល សេដ្ឋកិច្ចឌីជីថល ក្នុងគោលបំណងចាប់យក កាលានុវត្តភាពពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដោយផ្តោតលើទិដ្ឋភាពធំៗបី គឺ៖ ១៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យឌីជីថល, ការរៀបចំប្រព័ន្ធទូទាត់សងប្រាក់អេឡិចត្រូនិក (e-payment) និង ប្រព័ន្ធឡូជីស្ទិក, ២៖ ការបង្កើតថ្នាលឌីជីថល (platform) និងការអភិវឌ្ឍប្រព័ន្ធធុរកិច្ចឌីជីថល (ecosystem) និង ៣៖ ការលើកកម្ពស់ ឌីជីថលូបនីយកម្មរដ្ឋាភិបាល, សហគ្រិនភាព, អក្ខរកម្មឌីជីថល និងទិន្នន័យបើកចំហ (Open Data)។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរ ពីអំពីវឌ្ឍនភាពនៃបច្ចេកវិទ្យាឌីជីថល ដែលបានផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗដូចជា៖

ទី១៖ បច្ចេកវិទ្យាឌីជីថល អាចជួយជំរុញកំណើន និងប្រសិទ្ធភាព។ បច្ចេកវិទ្យាឌីជីថល រួមមាន ទូរស័ព្ទវៃឆ្លត (Smart phone) បច្ចេកវិទ្យាក្លោដ (cloud computing) បច្ចេកវិទ្យាប្រើរ៉ូបូ (robotics) បច្ចេកវិទ្យាប្លុកឆេន (block chain) និង អ៉ិនធើណិតនៃបរិក្ខារ (internet of things) ជាដើម បានកំពុងផ្តល់លទ្ធភាពខ្ពស់ក្នុងការបង្កើនការ តភ្ជាប់រវាងមនុស្ស និងមនុស្សបង្កើតឡើងនូវធុរកិច្ចថ្មីៗ ជាមួយនឹងគំនិតថ្មីៗ សម្រួលដល់ការធ្វើពាណិជ្ជកម្ម កាត់បន្ថយរបាំងចូលទីផ្សារ បង្កើតឱកាសសម្រាប់សកម្មភាពច្នៃប្រឌិតថ្មីៗ និងបង្កើតសកម្មភាពសហគ្រិន

ទី២៖ បច្ចេកវិទ្យាឌីជីថល អាចជួយរដ្ឋាភិបាលបង្កើនសមត្ថភាព វិស័យសាធារណៈបានល្អប្រសើរ ជួយបង្កើនគណនេយ្យភាព និងតម្លាភាព ក្នុងការផ្តល់សេវាសាធារណៈនៅតាមមូលដ្ឋាន ជួយឲ្យអាជ្ញាធរនៅគ្រប់កម្រិត អាចផ្តល់សេវាដល់ប្រជាជន បានកាន់តែច្រើនថែមទៀត។ ទន្ទឹមនេះ បច្ចេកវិទ្យាឌីជីថល អាចជួយពង្រឹងកិច្ចសហការ ភាពជាដៃគូ និងនវានុវត្តន៍រវាងក្រសួង និងផ្ទៃក្នុងក្រសួង ព្រមទាំស្ថាប័នពាក់ព័ន្ធទូទាំងប្រទេស។

សម្តេចតេជោបញ្ជាក់ទៀតថា ទន្ទឹមនឹងផលវិជ្ជមាននេះបច្ចេកវិទ្យាឌីជីថល ក៏បានផ្តល់នូវគុណវិបត្តិផ្សេងៗ រួមមាន៖ ១៖ រ៉ូបូ (Robot) បាននិងកំពុងជំនួសកម្លាំងពលកម្មមនុស្ស ដែលនឹងធ្វើឲ្យមនុស្សបាត់បង់ការងារ។ ២៖ ទាមទារកម្រិតជំនាញខ្ពស់ ដើម្បីឲ្យស្របទៅនឹងការរីកចម្រើនបច្ចេកវិទ្យា និងព័ត៌មានវិទ្យា។ ៣៖ វិសមភាពនៃការទទួលផលប្រយោជន៍ ដោយសារភាពមិនស្មើគ្នានៃឱកាសទទួលបាននូវចំណេះដឹង និងបច្ចេកវិទ្យា និង៤៖ ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល នឹងបង្កើនភាពងាយរងគ្រោះ ដែលបណ្តាលមកពីឧក្រិដ្ឋកម្ម ឬ បទល្មើសពាក់ព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងសុវត្ថិភាពសង្គម។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ (UNDP) ដែលបាននាំបញ្ញាសិប្បនិមិត្ត កញ្ញា រ៉ូបូ សូហ្វៀរ (Robot Sophia) មកចូលរួមក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ដើម្បីបង្ហាញអំពីការអភិវឌ្ឍ បច្ចេកវិទ្យាឌីជីថល។ សម្តេចបានការកោតសរសើរ ដល់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និង ក្រុមហ៊ុន ជីហ្គៀ (G Gear) ដែលជាដៃគូរួមសហការថ្មី ក្នុងការបន្តរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ៕