(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងមួយ ដោយហាមមន្ត្រីពាក់ព័ន្ធយកយានយន្ត ដែលពាក់ស្លាកលេខក្រសួង ទៅប្រើប្រាស់ក្រៅម៉ោងធ្វើការ ពិសេសក្លឹបកំសាន្ត ខារ៉ាអូខេ និងម៉ាស្សានោះឡើយ។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពីការប្រើប្រាស់យានយន្តគ្រប់ប្រភេទរបស់ក្រសួង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ។

បើតាមសេចក្តីជូនដំណឹងដដែល បានឲ្យដឹងថា ក្នុងបំណងដើម្បីធានាប្រសិទ្ធភាពក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ កិត្យានុភាព និងសេចក្តីថ្លៃថ្នូររបស់ក្រសួង ស្ថាប័នរដ្ឋ និងមន្ត្រីសាធារណៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមណែនាំដល់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអង្គភាព ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីខេត្ត នាយកគម្រោង មន្ត្រីរាជការ អំពីការប្រើប្រាស់យានយន្ត ពិសេសយាន្តយន្តជាកម្មសិទ្ធិរបស់រដ្ឋ ដូចខាងក្រោម៖

១៖ ត្រូវប្រើប្រាស់យានយន្តពាក់ស្លាកលេខរបស់រដ្ឋឲ្យបានត្រឹមត្រូវ បើកបរប្រកបដោយសេចក្តីថ្លៃថ្នូរ និងគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវឲ្យបានម៉ឺងម៉ាត់។

២៖ មិនត្រូវប្រើប្រាស់យានយន្ត ដែលមានពាក់ស្លាកលេខរដ្ឋក្រៅពីម៉ោង ដែលខ្លួនត្រូវបំពេញការងារឡើយ ជាពិសេសកន្លែងសប្បាយគ្រប់ប្រភេទ រួមមានក្លិបកំសាន្ត កន្លែងខារ៉ាអូខេ កន្លែងម៉ាស្សា។ល។

៣៖ មិនត្រូវអនុញ្ញាតឲ្យអ្នកដទៃប្រើប្រាស់យានយន្ត ដែលមានស្លាកលេខរដ្ឋ ក្នុងគោលបំណងផ្សេង ដែលមិនពាក់ព័ន្ធទៅនឹងការបំពេញភារកិច្ចរបស់ខ្លួនឡើយ។

៤៖ ត្រូវចាត់វិធានការ ឬប្តឹងស្ថាប័នមានសមត្ថកិច្ច ប្រសិនបើឃើញយានយន្តផ្សេង ដែលពាក់ស្លាកលេខដូចស្លាកលេខយានយន្តរបស់ខ្លួន។ ក្នុងករណីមិនអាចអនុវត្តន៍បាន ត្រូវរាយការណ៍មកក្រសួង ដើម្បីក្រសួងស្នើសុំកិច្ចអន្តរាគមន៍ពីស្ថាប័នមានសមត្ថកិច្ច។

៥៖ ត្រូវដកហូតយកមកវិញទាំងអស់នូវស្លាកលេខយានយន្ត ដែលបានជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឬត្រូវរៀបចំបែបបទប្រគល់ជូនស្ថាប័នមានសមត្ថកិច្ចគ្រប់គ្រងវិញ៕