(ភ្នំពេញ)៖ បន្ទាប់ពីឃាត់ខ្លួនយកទៅសាកសួរចប់ សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ បានសម្រេចបញ្ជូនសំណុំរឿង និងជនសង្ស័យជាគ្រូបង្រៀន ភាសាអង់គ្លេសម្នាក់ ទៅឲ្យតុលាការចាត់ការតាមច្បាប់ ពាក់ព័ន្ធបទល្មើសរំលោភកូនស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលប្រទះឡាង កាលពីអំឡុងឆ្នាំ២០១៨។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យមានឈ្មោះ ចិន មករា អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមាន ឈ្មោះ ញ.ស.ណ.ត ជាកូនស្រីបង្កើតរបស់លោក ម៉ាច ហុង នាយប៉ុស្តិ៍រដ្ឋបាលនគរបាលប្រទះឡាង ខណ្ឌដង្កោ។

គួររំលឹកថា សមត្ថកិច្ចខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់ឈ្មោះ ម៉ាច ហុង ជាឪពុករបស់ជនរងគ្រោះ៕