(ភ្នំពេញ)៖ លោកស្រី Paola Pampaloni នាយករងផ្នែកគ្រប់គ្រងប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលដឹកនាំគណៈប្រតិភូសហភាពអឺរ៉ុប មកបំពេញទស្សនកិច្ចនៅកម្ពុជា បានប្រាប់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងជំនួបនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះថា ប្រតិភូ EU មកកាន់ប្រទេសកម្ពុជា មិនមែនសិក្សាដក EBA នោះទេ ពោលមកដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ។

លោក ផាត សុផានិត ប្រធាននាយកដ្ឋានទំនាក់ទំនងអន្ដរជាតិ និងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបយ៉ាងដូច្នេះថា «លោកស្រី បានបញ្ជាក់ថា គណៈប្រតិភូ ដែលមកកម្ពុជា នៅពេលនេះ គឺមិនមែនមកដក EBA នៅកម្ពុជានោះទេ ប៉ុន្ដែមកធ្វើការជាមួយគ្នា បើកកិច្ចសន្ទនាជាមួយគ្នា ស្វែងរកចំណុចរួម និងដំណោះស្រាយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងសហភាពអឺរ៉ុប ដើម្បីបម្រើផលប្រយោជន៍រួម របស់ប្រទេសទាំងពីរ»។

លោកស្រី Paola Pampaloni ក៏បានគូសបញ្ជាក់ទៀតថា សហភាពអឺរ៉ុប ចង់បង្កើនភាពជាដៃគូ កាន់តែខ្លាំងក្លាបន្ថែមទៀត ជាមួយកម្ពុជា ហើយបន្ដអ្វីដែលសហភាពអឺរ៉ុប បានជួយកន្លងមក នៅកម្ពុជា។ នេះជាការបញ្ជាក់បន្ថែម របស់លោក ផាត សុផានិត។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា អ្វីៗទាំងអស់ រាជរដ្ឋាភិបាលកំពុងតែខិតខំអនុវត្ដ ជាពិសេសកំពុងខិតខំអនុវត្ដ ទៅតាមសេចក្ដីថ្លែងការណ៍ របស់រាជរដ្ឋាភិបាល ដែលបានចេញកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ ក្នុងនោះមានចែងទាំងអស់អំពី អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល គណបក្សនយោបាយ បញ្ហាសិទ្ធិការងារ និងបញ្ហាដីធ្លី។

សម្ដេចក្រឡហោម ស ខេង បានសង្កត់ធ្ងន់ថា កម្ពុជាត្រូវការមិត្ដមកពីគ្រប់ទិសទី មិនថាសហភាពអ៊ឺរ៉ុប សហរដ្ឋអាមេរិក ចិន ឬក៏ប្រទេសណា នៅក្នុងតំបន់អាស៊ាន និងក្រៅតំបន់អាស៊ាន គឺយើងត្រូវការមិត្ដទាំងអស់។

ប្រមុខដឹកនាំក្រសួងមហាផ្ទៃ ក៏បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅពេលនេះ នឹងអាចស្វែងរក នៅដំណោះស្រាយរួមមួយ និងសម្រេចបាននៅគោលបំណងរួមមួយ ដើម្បីប្រ ពលរដ្ឋកម្ពុជា និងសហភាពអឺរ៉ុប។

សូមជម្រាបថា គណៈកម្មការអឺរ៉ុបបានប្រកាសដំណើរនីតិវិធី ព្យួរជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ ក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)» ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។ កម្ពុជាមានរយៈពេល៦ខែក្នុងតវ៉ា និងចរចាជាមួយគណៈកម្មការអឺរ៉ុប ដើម្បីរក្សានូវ EBA នេះ។

ប្រសិនបើគណៈកម្មការអឺរ៉ុប មិនទទួលការបកស្រាយរបស់កម្ពុជា ហើយចុងក្រោយសភាពអឺរ៉ុបសម្រេចព្យួរ EBA ពីកម្ពុជាមែននោះ ការព្យួរ EBA នេះ នឹងចូលជាធរមានក្នុងរយៈពេល ១៨ខែ គិតចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះតទៅ៕